26 C
Phnom Penh

កំហុស​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​មាន​យូរហើយនៅ​កម្ពុជា​

បទវិភាគ

បន្ទាប់​ពី​ទទួល​បាន​របាយការណ៍​ថ្មី​មួយ​ពី​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ក្លូបល វីតណេស (Global Witness) ​ដែលស្ដី​បន្ទោស​​ដល់​សាជីវ​កម្ម​ផ្ដល់​ហិរញ្ញវត្ថុ​អន្ដរជាតិ​(International​Finance Corperation) របស់​ធនាគារ​ពិភព​លោក​​ និង​ធនាគារ​ដចឈើ​​​របស់​អាល្លឺម៉ង់ (Deutsche Bank)  ដែល​បាន​វិនិយោគ​ នៅ​ក្នុងក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម​ ដែល​ទទួលរងការ​ចោទ​ប្រកាន់​ពីបទ​កាប់​ឈើ​ខុស​ច្បាប់​ និង​បណ្ដេញ​ប្រជា​ពល​រដ្ឋ​ចេញ​ពី​លំនៅ​ដ្ឋាន​ដោយ​បង្ខំ​នោះ ​ស្ថាប័ន​ទាំង​ពីរ​នេះ​បាន​បដិសេធ​ និង​បាន​បង្វែ​រការ​ស្ដី​បន្ទោស​នេះ​ទៅ​លើ​​រឿង​ផ្សេង​វិញ។

ប៉ុន្ដែ ការ​វិនិយោគ​ ដែល​លើក​ឡើង​ក្នុងរបាយការណ៍​ថ្មី​នេះ​ មិន​មែន​ជា​គម្រោង​លើក​​​​ដំបូង​ ដែល​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្ដរ​ជាតិ​ និង​ធនាគារ​ដចឈើ​​​ធ្លាប់ទទួល​រង​ការ​រិះ​គន់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​​។

អង្គការ​ក្រៅ​រដ្ឋាភិបាល​​ក្នុង​ស្រុក​នោះ​​ បាន​ដាក់​ពាក្យ​បណ្ដឹង​​ក្រុមស៊ើប​អង្កេត​​​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្ដរជាតិ​ក្នុង​ឆ្នាំ​២០០៩ ក្នុង​នាម​ប្រជាពល​រដ្ឋ​ចំនួន​៧៩​គ្រួសារ​ ដែល​បារម្ភ​ថា ការ​ពង្រីក​អាកាសយាន​ដ្ឋាន​ក្រុង​ព្រះសីហនុ​ ​ដោយ​គ្មាន​ការ​ពិគ្រោះ​ ឬក៏​ការ​ធានា​​ណាមួយ​ដែល​ថា ប្រជា​ពល​រដ្ឋ​នឹង​ទទួល​បាន​​ប្រាក់​សំណងពីការ​បណ្ដេញ​ចេញ​​នោះ។

តំណាង​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្ដរ​ជាតិ​​បាន​យល់​ព្រម​ធ្វើ​អន្ដរាគមន៍​នៅ​ឆ្នាំ​បន្ទាប់ និង​បាន​សម្រប​សម្រួល​ឲ្យបង្កើត​ផែន​ការ​តាំង​លំនៅ​ដ្ឋាន​ថ្មី​សម្រាប់​​គ្រួសារ​ទាំង​នេះ​ ក្រោម​ការ​ឃ្លាំ​មើល​របស់​ខ្លួន​។

ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក​ សាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្ដរជាតិ​បាន​ជួយ​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​ក្រុម​ហ៊ុន​អាកាសយាន​ដ្ឋាន​អន្ដរជាតិ​កម្ពុជា​ ដែល​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​សំណង់​ដ៏ធំ​របស់​បារាំង​ឈ្មោះ​វ៉ាំងស៊ីគ្រុប​ (Vinci Group) ក្នុង​គម្រោង​
ពង្រីក​ផ្លូវ​យន្ដ​ហោះ​ នៅ​អាកាស​យាន​ដ្ឋាន​អន្ដរ​ជាតិ​ភ្នំពេញ និង​ក្រុង​ព្រះ​សីហនុ​។

កាលពីខែ​កក្កដាឆ្នាំ​មុន​ ប្រជាពល​រដ្ឋ​ចំនួន៣៨៧​គ្រួសារ​រស់​នៅ​ក្បែរ​អាកាស​យាន​ដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ ទទួលបានការ​ជូន​ដំណឹង​អំពី​បណ្ដេញ​​តាម​​ផែន​ការ​ពង្រីក​ផ្លូវ​យន្ដ​ហោះ​នេះ។ គ្រួសារ​ទាំង​នោះ​បានទាម​ទារ​​ថា ពួក​គាត់​គួរ​តែ​មាន​សិទ្ធិ​​កាន់​កាប់​លំនៅ​ដ្ឋាន​របស់​ខ្លួន​​ដោយស្រប​ច្បាប់​ ប៉ុន្ដែ រដ្ឋា​ភិបាល​មិន​យល់​ស្រប​ទេ​ និង​បាន​ទាត់​ចោល​ការ​ទាម​ទារ​​ប្រាក់​​សំណង​របស់​ពួក​គាត់​ទៀត​ផង។

ទោះ​បី​ជា​ការ​បណ្ដេញ​ចេញ​នេះ មិន​ទាន់​​បាន​កើត​ឡើង​ក៏​ដោយ ក៏​អាជ្ញាធរ​មូល​ដ្ឋាន​បាន​ប្រាប់​គ្រួសារ​ប្រជាពល​រដ្ឋ​ទាំង​នោះ​ថា ពួក​គាត់​នឹង​ត្រូវ​បណ្ដេញ​ចេញ​​។ កាល​ពី​ម្សិល​មិញ​ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា តើ​តំណាង​របស់​​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្ដរជាតិ​​កំពុង​ត្រួត​ពិនិត្យ​ផែន​ការ​ពង្រី​ក​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នេះ​ ឬក៏អត់នោះ​។

របាយការណ៍​ថ្មី​របស់​អង្គការ​ក្លូបល​ វីតណេស បាន​ផ្ដោត​លើ​ទឹក​ប្រាក់​ចំនួន​១៤,៩៥​លាន​ដុល្លារ​ ដែល​សាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្ដរជាតិ​​​បានដាក់​ទុន​នៅ​ក្នុង​ក្រុម​ហ៊ុន​សហ​​​គ្រាសវិនិយោគ​រប​ស់វៀត​ណាម ​(VietnamEnterprise Investment Limited) សម្រាប់​វិនិយោគ​ជាមួយ​នឹង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម​មួយ​ទៀតឈ្មោះ​ ហួងអាញ់ យ៉ាឡៃ (Hoang Anh Gia Lai)។

អង្គការ​ក្លូបល​ វីតណេស បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀត​ណាម ហួងអាញ់​ យ៉ាឡៃ ថា​បាន​រំលោភ​ច្បាប់​ក្នុង​ប្រទេស​កម្ពុជាស្តីពីការ​គ្រប់​គ្រង​ព្រៃ​ឈើ និង​ការ​បណ្ដេញ​ប្រជាពល​រដ្ឋ ដោយសារការពង្រីកចម្ការ​កៅស៊ូ​របស់​ខ្លួន​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​បាន​អំពាវ​នាវ​ឲ្យ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្ដរ​ជាតិ​​ដក​ភាគ​ហ៊ុន​របស់​ខ្លួន​វិញ​ ប្រសិន​បើ​ក្រុម​ហ​៊ុន​ចម្ការ​កៅស៊ូ​នេះ​មិន​ព្រមកែ​ទម្រង់​ ក្នុង​ពេល​ឆាប់​ៗ​​ទេ​នោះ។​

អង្គការ​ក្លូបល​ វីត​ណេស​ ក៏​បាន​ហៅ​ការ​ទទួល​ខុស​ត្រូវ​ និង​ការ​អង្កេត​ ដែលបាន​សន្និដ្ឋាន​ កាល​ពីដើម​ឆ្នាំ​នេះ​ ដោយ​តំណាង​​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្ដរជាតិ​​​ថា ជា​​ “ រឿង​តូច​តាច” ផង​ដែរ។

​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដែល​បាន​ ចេញ​ផ្សាយ​កាល​ពី​​ខែ​កុម្ភៈ​ បន្ទាប់​ពីបាន​ធ្វើ​សវនកម្មលើ​ការ​វិនិយោគ​រាប់​រយ​​កន្លែង​របស់​​​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្ដរ​ជាតិនៅ​ជុំ​វិញ​ពិភព​លោក រួម​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​នោះ តំណាង​របស់​​សាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្ដរជាតិ​​​លើក​ឡើង​ថា អ្នក​ផ្ដល់​ហិរញ្ញវត្ថុ​ពុំ​មាន​វិធី​សាស្រ្តច្បាស់លាស់ណាមួយ​ ដែល​អាច​ឲ្យ​គេ​ដឹង​ថា តើ​ការ​វិនិយោគរបស់​ខ្លួន​ពិតធ្វើឲ្យ​បាន​ល្អជាង​មុន ឬ​អាក្រក់​ជាង​មុន​នោះទេ។

​តំណាង​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្ដរ​ជាតិ​បាន​លើកឡើង​ថា “ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្ដរជាតិ​ពុំ​​មាន​វិធី​សាស្ត្រ​ណាមួយ​​ ដើម្បី​កំណត់​ថា តើ​តម្រូវ​ការ​ជា​គោល​ការ​ណ៍​របស់​​ខ្លួន​ ចំពោះ​​អតិ​ថិជន​ ពិតជាស្របតាមការ​អនុវត្ត​ប្រព័ន្ធ​គ្រប់​គ្រង​បរិស្ថាន​សង្គម ដើម្បី​ឲ្យសម្រេច​បាន​តាម​​វត្ថុ​បំណងរបស់ខ្លួន ដោយចៀស​វាង​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ឬ​ជួយ​ការពារ​បរិស្ថាន ​និង​សង្គមឲ្យ​បាន​ប្រសើ​រ​​​នោះទេ សម្រាប់ចំណោម​អតិ​ថិជន​របស់​ខ្លួន​​”។

​​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្ដរជាតិ​បាន​បន្ដ​ថា  “ នេះ​មាន​ន័យ​ថា សាជីវកម្ម​ហិរញ្ញវត្ថុ​អន្ដរ​ជាតិ​ពុំ​បានកំណត់បរិមាណ​ ឬ​គុណភាព​ ដែល​អាច​បង្ហាញ​ថា ការ​ផ្ដល់​ហិរញ្ញវត្ថុ​របស់​ខ្លួន​អាច​សម្រេច​លទ្ធ​ផល​យ៉ាង​ណានោះទេ”។

​តំណាង​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្ដរ​ជាតិបាន​ឲ្យ​ដឹង​ទៀត​ថា “ នីតិ​វិធី​របស់​សាជីវ​កម្ម​ហិរញ្ញវត្ថុ​អន្ដរជាតិ​មិន​ត្រូវ​បាន​តាក់​តែង​ឡើង ​ដើម្បី​ទទួល​បាន​លទ្ធផល​ដែល​គាំ​ទ្រ​ដល់​បរិស្ថាន​ និង​សង្គម​ឲ្យ​ស្រប​​តាម​តួនាទី​នៃ​ភាព​ជា​អ្នក​ដឹក​នាំដ៏​ល្បី​ល្បាញ​​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្ដរជាតិ​ក្នុង​នាម​ជាអ្ន​ក​ជំរុញ​ឲ្យ​មាន​ការ​ទទួល​ខុស​ចំពោះ​បរិស្ថាន​ និង​សង្គម​ នោះទេ”។​​​​​​

ឆ្លើយ​តប​នឹង​របាយការណ៍​របស់​អង្គការ​​ក្លូបល​ វីតណេស​ កាល​ពី​ថ្ងៃ​ច័ន្ទ លោក ហេន​ហ្វ្រាយ វ៉ុនហិនឌិនប៊ើក (Hannfried Von Hindenburg)​ អ្នក​នាំពាក្យ​ប្រចាំ​តំបន់​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្ដរជាតិ​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​របស់​លោកផ្តល់​មូល​និធិ​ដល់​ក្រុម​ហ៊ុន​វិនិយោគ​ទុន​វៀត​ណាម ហួង​អាញ់​ យ៉ាឡៃ ព្រោះ​ពួកគេ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​​វិនិយោគ​​ដើម្បីពង្រីក​ក្រុម​ហ៊ុន​របស់ខ្លួន​​។​ លោក ហេនហ្វ្រាយ វ៉ុនហិនឌិនប៊ើក បាន​មានប្រ​សាសន៍​ថា សាជីវកម្ម​ហិរញ្ញវត្ថុ​អន្ដរ​ជាតិមាន​បំណង​គ្រប់​គ្រង​ហានិភ័យ​ជា​ជាង​គ្រប់​គ្រង់​ការ​វិនិយោគ។​ទោះ​បី​ជា​ដូច្នេះ​ក៏​ដោយ​ លោក​បាន​មានប្រសាសន៍​ថា សាជីវ​កម្ម​ហិរញ្ញវត្ថុ​អន្ដរជាតិគួរតែ​សិក្សា​របាយ​ការណ៍​របស់​អង្គការ​ក្លូបល វីតណេស “ ជា​ផ្នែក​មួយ​នៃ​ការ​បន្ដ​ការ​ត្រួត​ពិនិត្យ​” មូល​និធិ​របស់​ក្រុម​ហ៊ុន​វិនិយោគ​ទុន​វៀត​ណាម ហួង​អាញ់​ យ៉ាឡៃ។​

​នៅ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ អង្គការ​ក្លូបល វីត​ណេស​ ក៏​បាន​បន្ទោស​ធនាគារ​ដចឈើ ដែល​បាន​វិនិយោគ​ទុន​ចំនួន​៤,​៥​លាន​ដុល្លារ​នៅ​ក្នុង​ក្រុម​ហ៊ុន​វិនិយោគ​ទុន​វៀត​ណាម ហួង​អាញ់​ យ៉ាឡៃ តាម​រយៈ​មូល​និធិ​ក្រុម​ហ៊ុន​វៀត​ណាម​ DWS Vietnam  Fund ភាគ​ហ៊ុន​ចំនួន​៣,៣​លាន​ដុល្លារ​ផ្សេង​ទៀត​នៅ​ក្នុង​ក្រុម​ហ៊ុនដុង​ភូ (Dong Phu)​ដែល​ជា​សមាជិក​នៃ​ក្រុម​ហ៊ុន​ចម្ការ​កៅ​ស៊ូ​វៀត​ណាម​​ (Vietnam Rubber Group)​​​​​ ដែល​ទទួលរងការ​ចោទ​ប្រកាន់​ថា ចម្ការ​កៅ​ស៊ូ​របស់​ក្រុម​ហ៊ុន​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​រំលោភ​ច្បាប់របស់​ប្រទេសកម្ពុជា។

លោក ម៉ៃឃើល វ៉េស(Michael West)​អ្នក​នាំពាក្យ​ប្រចាំតំបន់​របស់​​ធនាគារ​ដចឈើ​​អាល្លឺម៉ង់ កាល​ពីម្សិល​មិញ​បាន​បដិសេធ​ចំពោះ​ការ​អះអាង​របស់​អង្គការ​ក្លូបល​ វីតណេស​ ដែលលើក​ឡើង​ថា ធនាគារ​នេះ​បាន​ផ្ដល់​ហិរញ្ញវត្ថុ​ឲ្យ​ទាំង​ក្រុម​ហ៊ុនហួង​អាញ់ យ៉ាឡៃ ឬក្រុម​ហ៊ុនដុង​ភូ។​

លោក​បាន​មានប្រសាសន៍​ថា “ ភាគហ៊ុន​របស់​មូល​និធិ DWS គឺ​ជា​របស់​វិនិយោគិន​ផ្សេងទៀត​​។ ធនាគារ​ដចឈើ​ផ្ដល់​សេវាកម្ម​រក​ដៃ​គូ​ឲ្យ​ក្រុម​ហ៊ុន​វិនិ​យោគ​ទុន​វៀត​ណាម ហួង​អាញ់​ យ៉ាឡៃ​ ដែល​បាន​ចុះ​បញ្ជី​​ជា​សាធា​​រណៈ ដូច​ក្រុម​ហ៊ុន​រាប់​ពាន់​ដទៃ​ទៀត នៅលើ​​ពិភព​លោកអ៊ីចឹង​ដែរ”។

​យោង​តាម​អង្គការ​សមធម៌​កម្ពុជា ដែល​ជា​​អង្គការ​ការពារសិទ្ធិលំន៧ៅដ្ឋាន​បាន​ឲ្យ​ដឹង​ថា តាម​រយៈ​មូលនិធិ​ DWS ធនាគារ​ដចឈើ ក៏​បាន​វិនិយោគ​នៅ​ក្នុងក្រុម​ហ៊ុនខេអេសអិល កម្ពុជា (KSL) ​ជាក្រុម​ហ៊ុន​ថៃ​ ដែល​មាន​ចម្ការ​​អំពៅ​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជាដែល​ក្រុម​ហ៊ុន​នេះ​ធ្លាប់ទទួលរងការ​ចោទ​ប្រកាន់​ថា បាន​បង្ក​ឲ្យ​​មាន​ការ​បណ្ដេញ​អ្នក​ភូមិ​រាប់​រយ​គ្រួសារ​ចេញ​ពី​លំនៅ​ដ្ឋាននៅ​ក្នុង​តំបន់​នោះ​​ផងដែរ។មូល​និធិ​ DWS បាន​ដក​ហ៊ុន​របស់​ខ្លួន​ពី​ក្រុម​ហ៊ុន​ KSL ក្នុង​ឆ្នាំ​២០១១។​

​លោក ម៉ៃឃើល វ៉េស ​មាន​ប្រសាសន៍​ថា កិច្ច​ព្រម​ព្រៀង​វិនិយោគ​ចម្ការ​អំពៅ​នេះ​ទំនង​​ជា​ដូច​គ្នា​ទៅ​នឹង​ការ​វិនិយោគ​ហិរញ្ញវត្ថុ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ចម្ការ​កៅ​ស៊ូ​វៀត​ណាម​ ដែល​អង្គការ​ក្លូបល​ វីតណេស បាន​លើក​ឡើង​​នៅ​ក្នុង​របាយ​ការណ៍​។​

​លោក​បាន​មានប្រសាសន៍​ថា “ ជា​ទូទៅ ធនាគារ​ធំៗ​ដូច​ជាធនាគារ​ដចឈើ អាច​មាន​វត្តមាន​នៅ​ក្នុង​បញ្ជី​ភាគហ៊ុន​របស់​ក្រុម​ហ៊ុន​ ដោយ​សារតែ​ខ្លួន​ជាអ្នក​គ្រប់​គ្រងមូល​និធិ និង​ផលិត​ផល​ផ្សេង​ទៀត​…ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ផ្សេង ខុសពី​ធនាគារ​នេះ​​​”៕

(រាយ​ការណ៍​បន្ថែម​ដោយ អូន ភាព)
ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា​​​​​​​

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស