សិង្ហបុរី​ប្រទេស​តូច​មួយ​នៃ​សមាគម​អាស៊ាន​សម្រេច​បោះឆ្នោត​សភា​មុន​អាណត្តិ​ដោយ​មិន​ខ្លាច​ចាញ់ឆ្នោត​ទៅលើ​បក្ស​ប្រឆាំង​

​នៅក្នុង​សមាគម​អាស៊ាន មាន១០ប្រទេស ។ សមាគម​នេះ មាន​ប្រទេស​ចំនួន ២នៅតែ​អនុវត្ត​របបនយោបាយ​បែប​សង្គមនិយម គឺ​ប្រទេស​វៀតណាម និង​ឡាវ។ ដោយឡែក​ប្រទេស ព្រុយ​ណេ ជារបប​រាជា​និយម។

ប្រទេស​ថៃ ម៉ាឡេស៊ី និង​កម្ពុជា ជា​ប្រទេស​រាជា​និយម​ដូចគ្នា តែ​អនុវត្ត​របប​ប្រជាធិបតេយ្យ​ពហុបក្ស ដែល​ព្រះមហាក្សត្រ គឺជា​ប្រមុខរដ្ឋ ជា​និម្មិត​រូប​នៃ ការផ្សះផ្សា​ជាតិ និង​តំណាង​អធិបតេយ្យ​ជាតិ។សម្រាប់ ប្រទេស​សិង្ហ បុរី គឺ​ខុសពី​ប្រទេស ឥណ្ឌូណេស៊ី ហ្វីលីពីន និង​ភូមា ដែល ប្រមុខរដ្ឋ​គឺជា​អ្នកគ្រប់គ្រង នីតិប្រតិបត្តិ​គឺ មានន័យថា អំណាច ប្រធានាធិបតី និង​សភា មាន​តុល្យភាព​នឹងគ្នា​ខ្លាំង​ណាស់។

សិង​បុរី ទោះជា​ប្រធានាធិបតី ជា​ប្រមុខរដ្ឋ​ក៏ដោយ តែ​អំណាច​នីតិប្រតិបត្តិ ទៅលើ​នាយក​រដ្ឋមន្ត្រី គឺ​ដូច​ប្រទេស រា​ជា​ណាច ថៃ ម៉ាឡេស៊ី និង​កម្ព​ជា​ផង​ដែរ។ ប្រទេស​តូច​មួយ​នេះ ដែល​មាន​ប្រជាជន ជាង៥លាន ៦សែន​នាក់ បាន​កំពុង​ធ្វើដំណើរ​ទៅ​រក​ការបោះឆ្នោត​សភា​ឡើងវិញ។

នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​លោក លី សៀន​ឡុង កាលពី​ថ្ងៃអង្គារ​ទី២៣ ខែមិថុនា បាន​និយាយ​ថា លោក​បាន​ផ្ដល់​យោបល់​ឱ្យ​លោកស្រី​ប្រធានាធិបតី ហា​លី​ម៉ា​ហ៍ យ៉ា​ខូប (Halimah Yacob​) រំលាយ​សភា​ចោល និង​ចេញ​បញ្ជា​រៀបចំ​ការបោះឆ្នោត​សភា​មុន​អាណត្តិ។

តាម​មបណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia លោក លី សៀន​ឡុង បាន​ប្រកាស បែបនេះ​នៅក្នុង​សុន្ទរកថា តាម​កញ្ចក់​ទូរទស្សន៍ ទៅកាន់​ប្រជាជាតិ​សិង្ហបុរី។ លោក លី បាន​ថ្លែង​ថា ការបោះឆ្នោត​នៅពេល​នេះ នឹង​លុបចោល​បញ្ហា​ដែល​នៅ​សេសសល់ ហើយ​វា​នឹង​ផ្ដល់​អាណត្តិ​ប្រាំ​ឆ្នាំ ដល់​រដ្ឋាភិបាល​ថ្មី ដើម្បី​ផ្ដោត​សំខាន់​លើ​កិច្ចការ​ជាតិ និង​ការសម្រេច​ចិត្ត​ដ៏​លំបាក​នានា​ដែល​ត្រូវ​ធ្វើ។តែ​ការពិត​អាណត្តិ​នៃ​រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​លោក​លី ជានា​យក​រដ្ឋមន្ត្រី នឹង​ត្រូវ​ផុត​នៅ​ខែមេសា ឆ្នាំ២០២១។

ការបោះឆ្នោត​សភា​នឹង​កំណត់​ធ្វើ​នៅ​ថ្ងៃទី១០ក​ក្ដ​ដា ឆ្នាំ២០២០នេះ។ បើ​តាមច្បាប់​បោះឆ្នោត​របស់​ប្រទេស នេះ បើស​ភា​ផុត​អាណត្តិ​តាម​នីតិកាល​របស់​ខ្លួន គឺ​ការរៀបចំ​ការបោះឆ្នោត រយៈពេល៣ខែ​ទៅមុខ​ទៀត​នៅពេល​សមាជិកសភា​អង្គុយ​ក្នុង​អាសនៈ​របស់​ខ្លួន។ អាសនៈ​សភា​នៃ​ប្រទេស​សិង្ហបុរី​មាន១០៥ អាសន។

នៅមុន​ធ្វើ​សេចក្ដី សម្រេចចិត្ត​នេះ នាយក​រដ្ឋមន្ត្រី​លី បាន​អះអាង​ថា លោក​ត្រូវតែ​ធានា​រឿង ២ ឱ្យ​បាន​នោះ​គឺ​អ្នកបោះឆ្នោត​អាច​ទៅ​បោះឆ្នោត​ដោយ​សុវត្ថិភាព​ទោះបី​ប្រទេស​នេះ ធ្លាក់​ក្នុង​ស្ថានភាព​នៃ​ជំងឺ​កូ​វិ​ដក៏​ដោយ ហើយរឿង​មួយទៀត​គឺ​គណបក្ស​នយោបាយ​អាច​ធ្វើ​យុទ្ធនាការ​ឃោសនា ដោយ​មិន​មានការ​ព្រួយបារម្ភ​អ្វី​ឡើយ​ទាំង​សិទ្ធិ​សេរីភាព​នៃ​ការ​ឆន្ទៈ​នយោបាយ។

បន្ទាប់ពី​លោក លី​ប្រកាស​ដូចនេះ គឺ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ក៏បាន​ប្រកាស​ថា លោកស្រី Halimah Yacob ប្រធានាធិបតី​បានសម្រេច​រំលាយ​សភា​ហើយ​នៅពេល​នេះ ដោយ​កំណត់​អោយ​ជ្រើសរើស​បេក្ខជន​ឈរឈ្មោះ​សមាជិក​ភា នឹង​ត្រូវ​បាន​ធ្វើឡើង​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។ចំណែក​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត ត្រូវ​បាន​គណៈ​កម្មា​ការរៀបចំ​ការបោះឆ្នោត ប្រទេស​នេះ​សម្រេច​យក​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។

ជា​ការ​កត់សំគាល់ គឺ​ស្រប​ពេល ដែល​មានការ​វិវត្តន៍​នយោបាយ​ដូចនេះ បែរជា​ភាព​លិច​ធ្លោ​មួយ​កើតឡើង​គឺ​លោក លី សៀន​យ៉ាង​( Lee Hsien Yang )ដែល​ជា​ប្អូនប្រុស​បង្កើត​របស់​នាយក​រដ្ឋមន្ត្រី លោក លី សៀន​ឡុង សម្រេចចិត្ត​ចូលរួម​ជាមួយ​គណបក្ស​សិង្ហបុរី​រីកចម្រើន​ទៅមុខ (Progress Singapore Party​) ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ ។លោក Tan Cheng Bock ប្រធាន​បក្ស​នេះ បាន ប្រកាស​ព័ត៌មាន​អោយ​មហាជន​ដឹង នៅ​ព្រឹក​ថ្ងៃពុធ​នេះ​គឺ ថា លី សៀន​យ៉ាង បានសម្រេច​ចូលបក្ស​សិង្ហបុរី​រីកចម្រើន​ទៅមុខ​ហើយ​នៅពេល​នេះ គឺ​លោក​ក្លាយជា​សមាជិក​ផ្លូវការ​របស់​បក្ស​ចាប់ពី​ពេលនេះ​តទៅ។

លោក លី សៀន យ៉ាង សម្រេចចិត្ត​ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង គឺជា​សាច់ឈាម​នឹង​លោកនាយក​រដ្ឋ​លី ដែល​ធ្លាប់​បង្ហោះ​សារ​មួយ​នៅ​លើ Facebook កាលពីដើម​ឆ្នាំ២០២០ ថា លោក Tan គឺ​ពិតជា​សក្តិ​សម​ធ្វើជា​មេដឹកនាំ​សិង្ហបុរី​សម្រាប់​ជំនាន់​ក្រោយ។ ទាំង​លោក លី សៀន យ៉ាង និង​ប្អូនស្រី គឺ​អ្នកស្រី លី វៃ​លីង (Lee Wei Ling​) តែងតែ​រិះគន់​ការដឹកនាំ​របស់​លោក លី សៀន​ឡុង។ប៉ុន្តែ​ការវាយប្រហារ​បងប្រុស​ខ្លួនឯង​ដូចនេះ គឺ​បន្ទាប់ពី គ្រួសារ​ត្រកូល​លី​ទាំង​បី​រូប​នេះ​មាន​ជម្លោះ​ក្នុង​គ្រួសារ ពាក់ព័ន្ធ​នឹង​អតីត​ផ្ទះ​របស់​ឪពុក​គឺ​លោក លី ក្វាន់ យូ​ដែល​ជានា​យក​រដ្ឋមន្ត្រី​ដំបូង​គេ​នៃ​សាធារណៈ​រដ្ឋ​សិង្ហបុរី។ តែ គ្មានអ្វី​ព្រួយបារម្ភ​ទេ សម្រាប់ ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​មួយ​នេះ។

ការដែល​នាយក​រដ្ឋមន្ត្រី​សុំ​គោលការណ៍​ពី​ប្រធានាធិបតី រំលាយ​សភា ហើយ​បោះឆ្នោត​មុន​អាណត្តិ​គឺជា​ការ បង្ហាញ​នូវ​ភាព​ក្លាហាន​មួយ​រួច​ទៅ​ហើយ ដោយ​មិន​ទុក​អោយ​វិបត្តិ​នយោបាយ​អូស​បន្លាយ​យូរ ដូច​ប្រទេស​មួយចំនួន​ក្នុង​សមាគម អាស៊ាន​នោះ​ទេ។ នេះ​ជា​ការ​កត់សំគាល់​របស់ អ្នកសង្កេតការណ៍ ។ប្រទេស​មួយចំនួន​ក្នុង​តំបន់ បើ​ទោះជា​ពលរដ្ឋ ចង់​អោយ​មានការ​បោះឆ្នោត​មុន​អាណត្តិ​សភា ដើម្បី​ឆាប់​បញ្ចប់​វិបត្តិ​នយោបាយ​និង​មានការ​ផ្សះផ្សា​នឹង​បក្ស​មាន​ជំលោះ​នឹងគ្នា​ក្ដី គឺ​មិនបាន​គិត​ដូចនេះ​ទេ។

គេ​ថា​ការ​រត់​តាម​អាណត្តិ​របស់​សភា ជាជាង​ចាញ់​នៅក្នុង​បោះឆ្នោត។តែ​ប្រទេស​ខ្លះ​មិន​ត្រូវ​តាំងចិត្ត​ដូច​សិង្ហបុរី ដែល​មាន​នាយក​រដ្ឋមន្ត្រី លោក លី សៀន​ឡុង ជា​អ្នកនយោបាយ ក្លាហាន​នោះ​ទេ បែរជា​បណ្ដោយ​អោយ​មាន​រដ្ឋប្រហារ​ទៀតផង ហើយ​ទីបំផុត​អំណាច​នីតិប្រតិបត្តិ​ធ្លាក់​ទៅលើ​ពួក​យោធា។យ៉ាងណា រាជាណាចក្រ​ម៉ាឡេស៊ី ដែល​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​នៃ​នីតិ​បញ្ញត្តិ គឺ​នាយក​រដ្ឋមន្ត្រី​ថ្មី របស់​ប្រទេស​នេះ លោក ម៉ូ​ហ៊ី​ឌីន យ៉ា​ស៊ីន ក៏​នឹង ត្រៀម ប្រកាស រំលាយ​សភា ហើយ​បោះឆ្នោត​សភា​ឡើងវិញ នៅ​ចុងឆ្នាំ២០២០ ឬក៏​ដើមឆ្នាំ២០២១​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.