តើអ្នកដឹកនាំប្រទេសយៀកណាម គ្រប់ជំនាន់មានគំនិតបែបណាចំពោះជនជាតិ និងអ្នកដឹកនាំខ្មែរ?

ក្នុងប្រវត្តិសាស្រ្ត បើមានហេតុការណ៍ពិតណាមួយកើតឡើង គេតែងតែព្យាយាមកត់ត្រាទុក រក្សាទុក និង បន្តស្រាវជ្រាវរកមូលហេតុ ដែលបង្កឲ្យមានហេតុការណ៍កើតឡើងមាននោះ ជាបន្តទៅទៀតដើម្បីឲ្យដឹងការណ៍ពិតកាន់តែច្រើនថែមទៀត។ ការបន្តការសិក្សា ស្រាវជ្រាវតទៅទៀតរកហេតុផលក្នុងរឿងព្រឹត្តិការណ៍អ្វីមួយ គឺដើម្បីបញ្ចៀសការជជែក ប្រកែកគ្នា ឈ្លោះគ្នានោះឯង។

ក្នុងប្រវត្តិសាស្រ្តរឿងយួន និង ខ្មែរ និង ចាម វាជារឿងពិតរវាងប្រជាជាតិទាំងពីរទាំងបីនេះរាប់រយឆ្នាំមកហើយព្រោះជនជាតិទាំងនេះ ត្រូវបានព្រះអាទិទេពដាក់បណ្តាសាឲ្យកើតមករស់នៅក្បែរគ្នារហូតដល់ភ្លើងឆេះកល្ប ឬ ដល់រលាយផែនដីនេះ។ ស្តាប់ច្រើន ឮច្រើន ដឹងច្រើន ឃើញច្រើន ចេះច្រើន វាប្រសើរជាងអត់ស្តាប់ អត់ឮ អត់ដឹង អត់ឃើញ អត់ចេះ ដែលចាស់បុរាណតែងរំឭក ដោយប្រៀបធៀបថា វាស្មើនឹងពិការភាពវិញ្ញាណ គឺថ្លង់ គរ និង ខ្វាក់។

អ្នករៀនប្រវត្តិសាស្រ្តខ្មែរ និង ចាម គេដឹងថា យួនគ្មានទឹកដីទេនៅសតវត្សទី១នៃគ្រិស្តសករាជចាប់ពីតំបន់ក្រុងវ៉េ តាមបណ្តោយសមុទ្រចិនខាងត្បូង រហូតដល់ដែនដីសណ្តរនៃទន្លេមេគង្គ ឬហៅថា ដែនដីកម្ពុជាក្រោម។ ជនជាតិយួន មានជាប់ឈាមជ័រ សែស្រឡាយ ហាន់ ឬ ចិន ភាគខាងត្បូងនៃអាណាចក្រចិន ម្តុំទន្លេក្រហមឈ្មោះថា ទន្លេយវ័ន (Yuan)។ អធិរាជចិនហៅជនជាតិប៉ែកខាងត្បូង ដែលមិនមានដើមកំណើតជា ហាន់ ថា បៃយ្វេ (Baiyue) ឬ ណានយ្វេ ដែលភាសាចិនប្រែថា ជនជាតិ វៀត ភាគខាងត្បូង ដែលមានទឹកដីឈ្មោះ ណាម វៀត ដែលបង្រួមឲ្យខ្លីពីពាក្យដើម បាក វៀត (Bach Viet)។ សាស្រ្តាចារ្យខាងប្រវត្តិសាស្រ្តអំពីជនជាតិយួនពីសកលវិទ្យាល័យ UCLA ស.រ.អា លោក ដាមូឌើរ សារដេសៃ (Damodar SardeSai) សរសេរថា គេបានគិតពីយូរលង់មកហើយថា ជនជាតិយួន ជាជនជាតិមួយមានប្រភពដើមពីជនជាតិ ម៉ុងហ្គោលី នៃតំ បន់ទីបេ។ ជនជាតិ វៀត ខាងត្បូងរស់ក្រោមនឹមគ្រប់គ្រងរាជវង្សចិនប្រមាណ ១០០០ឆ្នាំ ពីអធិ រាជនៃជនជាតិ ហាន់ខាងលិច និងស៊ិន; ហាន់ខាងកើត ហាន់ខាងត្បូង; អធិរាជនៃជនជាតិ វអ៊ូខាងកើត; អធិរាជនៃជនជាតិ ជិនខាងលិច ជិនខាងកើត និង លីវសុង; អធិរាជនៃជនជាតិ ជី, លាង, ស៊ុយ តាំង និង វអ៊ូ ហ៊្សូ ហើយនិង អធិរាជនៃជនជាតិ ហាន់ខាងត្បូង។

អ្វីដែលគួរកត់សម្គាល់ និង គួរកើតសសើរនោះ គឺថា ជនជាតិយួន បៃយ្វេ ឬ ណានយ្វេ ជាភាសាចិន ជាជនជាតិព្យាយាម អំណត់ តស៊ូស្វិតស្វាញរើបម្រះ ស្វែរកអធិបតេយ្យជាជាតិសាសន៍មួយ រស់ដោយឯករាជ្យភាព មានសិទ្ធិ សេរីភាព ពោលគឺមិនចង់រស់ក្រោមនឹមបរទេសណាឡើយ។ ព្រោះតែមនុស្សជំនាន់ក្រោយមានជាប់សែ វង្សត្រកូល គេព្យាយាមរក្សាប្រពៃណី ទំនៀមទម្លាប់គំនិត ឬ របៀបគិតគូររបស់គេមិនឲ្យខុសពីបុព្វបុរសរបស់គេទេប៉ុន្មានទេ គ្រាន់តែប្រែប្រួលខ្លះទៅតាមកាលៈទេសៈប៉ុណ្ណោះ ជាពិសេសគឺថា ធ្វើយ៉ាងណាក៏ដោយឲ្យតែសម្រេចគោលដៅ បានចំណេញដល់ជនជាតិរបស់គេ។

បើពិនិត្យមើលភូមិសាស្រ្ត មើលផែនទី ជនជាតិយួនចាប់ផ្តើមចេញចរយាត្រាវាតទី ឬ ដំណើរទៅទិសខាងត្បូង ហៅថា ណាមតៀន នាសតវត្សទី១១ ធ្វើសង្រ្គាម វាយទន្រ្ទាន លុកលុយ យកទឹកដីចាម នៃរាជាណាចក្រ ចម្ប៉ា កាន់កាប់ ពីខាងជើងទៅត្បូងម្តុំខាងក្រោមខ្សែស្របទី១៧ ជិតក្រុង វ៉េ ទៅលិច កាន់កាប់តំបន់ខ្ពង់រាប ទៅកើត កាន់កាប់តំបន់វាលទំនាបជាប់សមុទ្រខាងត្បូង យកធានី ឥន្ទ្រៈបុរី យួនហៅ ដាណាង យកធានី ឃោតរៈ យួនហៅ ញ៉ាត្រាង យកធានី ប៉ានឌូរ័ង្គៈ យួនហៅ និញធ្វាន់ ឬ ផានរ៉ាង។

ក្នុងរយៈកាលប្រមាណ៧០០ឆ្នាំ យួនយកទឹកដីចាម ខ្មែរ ម៉ុងតាញ៉ា កាន់កាប់ស្ទើរតែទាំងអស់ក្នុងអំឡុងទសវត្ស ១៨៣២។ ស្តេចចាមច្បាំង តតាំងជាមួយស្តេចយួននៃរាជវង្ស ង្វៀង អស់រយៈកាលសរុបប្រមាណ៤សតវត្ស ឬ៤០០ឆ្នាំ ហើយក្នុងឆ្នាំ១៤៧១ រាជធានី វិជ័យ ធ្លាក់ក្នុងកណ្តាប់ថៃយួន ដែលសព្វថ្ងៃយួនដាក់ឈ្មោះថា គីញ៉ុន ខាងត្បូងខេត្ត ប៊ិញឌិញ។ រាជវង្ស ង្វៀង មានកូន និង ចៅ ជាស្តេចសោយរាជ្យ ដូចជា៖ ព្រះចៅ យ៉ា ឡុង ពី១៨០២−១៨១៩; ព្រះចៅ មិញ ម៉ាង ពី១៨២០−១៨៤០;  រហូតដល់ព្រះចៅ

បាវ ដាយ ពី១៩២៦−១៩៤៥។ តាមប្រភព Wikipedia រជ្ជកាល មិញ ម៉ាង ជារជ្ជកាលដែលភ្ជាប់ទឹកដី យកផ្តាច់នគរចាមតែម្តង។ ទោះជាយ៉ាងណាក្តី មានជនជាតិចាម ជាមេសាសនាអ៊ីស្លាមម្នាក់ ហៅថា កាទីប ស៊ូ ម៉ើ រៀនសូត្រនៅខេត្ត កឺឡាន់តាន់ ប្រទេសម៉ាឡេស៊ី អំពាវនាវឲ្យជនជាតិចាមបះបោរ ប្តេជ្ញាប្តូរស្លាប់រស់ ច្បាំងយកទឹកដីមកវិញ។ រាជ្យការយួនចាប់បង្ខំជនជាតិចាមកាន់សាស នាអ៊ីស្លាម ឲ្យបរិភោគសាច់បង្កួយ សាច់ជ្រូក និង ឲ្យជនជាតិចាមកាន់សាសនាព្រហ្មញ្ញ បរិភោគ សាច់គោ បង្ខំឲ្យទទួលវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ស្លៀកពាក់ រៀនភាសាយួនទាំងស្រុង។

ក្នុងសម័យកាលនគរ ចម្ប៉ា មិនទាន់បាត់បង់ រាជណាចក្រនេះ ធ្វើជំនួញតាមសមុទ្រតាមសំពៅដោយសេរីពីរាជធានី វិជ័យ ចន្លោះដែនគោក និង កោះលិចទឹកមានជម្លោះបច្ចុប្បន្ន ឈ្មោះ Spratly និង Paracel តាមសមុទ្រចិនខាងត្បូង ទៅកាន់ប្រទេសចិន កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឥណ្ឌា មជ្ឈិមបូព៌ា និង អាមេរិកខាងជើង មានទំនិញជា មាស ប្រាក់ ត្បូង គ្រឿង ទេស ក្រវ៉ាញ ដង្កោរ ឈើក្រអូប ទេព្វិរូ ផ្កាក្លាំពូ បក្សាបក្សី និង ភ្លុកដំរី ។ល។ នៅក្បែរកោះ ប៉ាឡាវ៉ាន់ ប្រទេសហ្វីលីពីន គេរកឃើញសំណល់សំពៅលិចបាក់បែកមួយ ដែលអ្នកស្រាវជ្រាវអះអាងថា ដឹកទំនិញចេញពីរាជធានី វិជ័យ រាជាណាចក្រ ចម្ប៉ា រវាងឆ្នាំ១៤៥០ និង ១៤៧០។

ក្រោយពីយកទឹកដីចាមកាន់កាប់អស់បានបន្តិចមក ព្រះចៅក្រុង វ៉េ ក្នុងរាជវង្ស ង្វៀង ដដែលបន្ត សម្រុកយកដែនដីខ្មែរភាគខាងត្បូង គឺដែនដីកម្ពុជាក្រោម កាន់កាប់បញ្ចប់ ហើយបន្តដំណើរទៅ ទិសខាងលិចទៀត។ ស្តេចយួនដែលជាប់ជំពាក់ក្នុងរឿងវាតទីយកកម្ពុជាកណ្តាលក្នុងរជ្ជកាល ព្រះបាទ អង្គ ចន្ទ ទី២  ពីឆ្នាំ១៨០៦−១៨៣៥ គឺព្រះចៅ យ៉ា ឡុង ព្រះនាមដើម ង្វៀង ភឹកអាញ់ ឬ ង្វៀង អាញ់ ហើយជាអធិរាជទី១នៃរាជវង្ស ង្វៀង ដែលបង្កើតបានជាទឹកដីវៀតណាមបច្ចុប្បន្ន នេះ និង ព្រះចៅ មិញ ម៉ាង ព្រះនាមដើម ង្វៀង ភឹកដាំ ឬ ង្វៀង ភឹកគីវ រាជបុត្រាទី៤របស់ព្រះចៅ យ៉ា ឡុង។ សម័យនោះ ស្តេចយួនបង្ខំប្រើខ្មែរជីកព្រែក វិញតេ ឆ្នាំ១៨១៩ ដោយគ្មានមេត្តា ទើបមានព្រះសង្ឃ ព្រះនាម កៃ ពីវត្តសម្បូរណ៍ រួមនឹងសង្ឃដទៃបះបោរ ប្រឆាំងយួនឆ្នាំ១៨២០ កាន់កាប់ទីសក្ការៈនៅ បាភ្នំ ខេត្តព្រៃវែង ប៉ុន្តែ ទ័ពយួនកំទេចអស់ ពេលរត់ទៅពួននៅកំពង់ចាម។

បន្ទាប់ពីព្រះបិតា ព្រះបាទអង្គ ចន្ទទី២ ចូលទិវង្គតឆ្នាំ១៨៣៥ ស្តេចយួនលើកក្សត្រី អង្គម៉ី រាជបុត្រី ទី២ ក្នុងចំណោមរាជបុត្រីទាំង៤អង្គ គឺអង្គ បែន ជាព្រះរាម អង្គ ពៅ និង អង្គ ស្ងួន ជាព្រះអនុជ ឲ្យឡើងសោយរាជ្យមានព្រះបរមងារ ព្រះករុណា សម្តេចព្រះមហា រាជនី អង្គ ម៉ី។

អធិរាជ មិញ ម៉ាង បញ្ជូនទាហានយួនឲ្យមកត្រួតត្រាប្រទេសកម្ពុជាក្នុងរជ្ជកាល អង្គ ម៉ី ក្រោមបញ្ជាការរបស់ឧត្តមសេនីយ៍ ទ្រឿង មិញយ៉ាង។ យួនដាក់បរមងារឲ្យ ព្រះរាជនី អង្គ ម៉ី ជាភាសាយួនថា ង៉ុកវ៉ាន់ កុងចួ ដែលប្រែថាក្សត្រី ង៉ុកវ៉ាន់។ ក្រោយព្រះបាទអង្គ ចន្ទទី២ ជាព្រះបិតា សុគត ទៅ នាហ្មឺនយួនតែងតាំងក្សត្រី អង្គ ម៉ី ឲ្យគ្រងរាជ្យ ដោយថ្វាយងារយួនជា ចាន់ឡាប់ គាន់ចួ ដែលប្រែថា ជាយាក្សត្រីនៃកម្ពុជា នៅឆ្នាំ១៨៣៥។ ឆ្នាំ១៨៤០ ដកងារមកជា មីឡាំ គាន់ចួ ដែលប្រែថាជាយាក្សត្រី មីឡាំ។

 ស្តេច នាហ្មឺនយួន ទម្លាក់រាជ្យ អង្គ ម៉ី ហើយយកទាំងអនុជ២អង្គទៅក្រុង វ៉េ នៅឆ្នាំ១៨៤៥។ មានពាក្យគេនិយាយថា ក្សត្រី អង្គ ម៉ី ជាស្តេចអាយ៉ង ឬ ទីងមោង ហើយថាមេបញ្ជាការយួន ទ្រឿង មិញយ៉ាង ចាត់ទុកព្រះអង្គដូចជាស្នំរបស់គេ។ តំបន់ជុំវិញក្រុងភ្នំពេញ គេដូរឈ្មោះដាក់ពីមុនថា អាណាម ទៅជា ត្រាន់តៃ ដែលប្រែថា បន្ទាយ ឬ យោធភូមិភាគខាងលិច។ យួនឲ្យព្រះអង្គ ម៉ី មានទាហានត្រឹម ១០០នាក់ការពារសន្តិសុខ ដែលស្ថិតក្រោមការតាមដាន ត្រួតពិនិត្យល្អិតល្អន់ពីទាហានយួន។ ក្នុងរជ្ជកាល អង្គ ម៉ី យួនមិនឲ្យស្រ្តីខ្មែរស្លៀកសារ៉ុង ឬ សំពត់ទេ គេឲ្យស្លៀកខោពាក់អាវផាយ សក់វែងរំសាយដូចយួន។ បុរសស្លៀកពាក់ដូចយួន ពាក់មួកដួន ទីផ្សារលក់សុទ្ធតែម្ហូប អាហារ ចំណីយួន។ ទំនងជាសម័យនោះហើយដែលខ្មែរបានពាក្យយួន បាន់ មកប្រើដើម្បីហៅនំ ចំណីមួយចំនួនដូចជា បាញ់ឆែវ បាញ់ស៊ុង បាញ់ឌុក បាញ់ បាញ់ចានឿក បាញ់កាញ់ ជាដើម។ល។ របាំប្រពៃណីបុរាណ ជារបាំព្រះរាជ្យទ្រព្យ ត្រូវរាំលាយឡំនឹងរបាំចិន−យួន។

គេឲ្យខ្មែររៀនភាសាយួនភ្នំពេញ គេដាក់ឈ្មោះថា ណាមវ៉ាង ឬ ណាមយ៉ាង។ យួនកំទេចវត្តខ្មែរ ដើម្បីបំបាត់អត្តសញ្ញាណខ្មែរ។ អធិរាជ មិញ ម៉ាង ចាត់ទុកខ្មែរ ជាជនជាតិមិនជឿនលឿន មិនទាន់សម័យ មិនឆ្លាត ហៅខ្មែរភាគខាងលិចថាជាពួកមនុស្សព្រៃ ឃោរឃៅ សាហាវយង់ឃ្នង បា រាំងហៅថា Les sauvages អង់គ្លេសថា The savage ហើយឲ្យមេទ័ព ទ្រឿង មិញយ៉ាង ពត់លត់ឲ្យ ទាន់សម័យដូចជនជាតិយួន។ គ្រាមួយ មានក្រុមឧកញ៉ាខ្សឹបរាស្រ្តឲ្យប្រឆាំងនឹងគោលការណ៍នយោបាយត្រួតកម្ពុជា ឬហៅថា វៀតណាមភាវូបនិយកម្ម (Vietnamization)។

គិញយួនស៊ើបការណ៍ដឹងថា អង្គ បែន ព្យាយាមផ្ញើចុតហ្មាយទាក់ទងនឹងព្រះញាតិវង្សនៅខេត្តបាត់ដំបង។ ព្រះចៅ មិញ ម៉ាង បញ្ជាឲ្យដកងារទាំងអស់ពី ព្រះអង្គ ម៉ី និង អ្នកជុំវិញព្រះអង្គ រួចនាំនាំយកទៅស្រុកយួនទាំងអស់។ ព្រះញាតិវង្សព្រះ អង្គ ម៉ី មួយចំនួនយួនចាប់យកទៅដាក់គុកនៅកោះត្រឡាច។ យួនសម្លាប់ អង្គ បែន ជាព្រះរាម៖ ឯកសារខ្លះថា យួនជ្រមុជព្រះអង្គឲ្យលង់ទឹក ប៉ុ ន្តែ ប្រវត្តិវិទូ ឃិន សុខ ថា យួនធ្វើទារុណកម្មរហូតសុគតហើយ ទើបបោះចោលទៅក្នុងទន្លេ។

បន្ទាប់ពីបានដំណឹងថាយួនធ្វើឃាត ព្រះអង្គ បែន ហើយព្រះមហារាជនី អង្គ ម៉ី ក៏បាត់ពីរាជធានី រាស្រ្តខ្មែរបះបោរ ងើបប្រឆាំងដេញយួនឆ្នាំ១៨៤០ ក្នុងតំបន់ស្រុកបាភ្នំ ខេត្តព្រៃវែង។ ក្នុងស្ថានភាពបែបនោះ ព្រះចៅក្រុងសៀម បញ្ជូនទ័ពវាយលុកក្នុងបំណងឲ្យព្រះបាទអង្គ ឌួង ជាឪពុកមា អង្គ ម៉ី សោយរាជ្យ។ យួននិងសៀម ច្បាំងគ្នាលើទឹកដីខ្មែរ ដោយពុំមានខាងណាចាញ់ ខាងណាឈ្នះ ពីឆ្នាំ១៨៤១ ដល់១៨៤៥។ មានឯកសារខ្លះថា អំឡុងឆ្នាំ១៨៤៦ យួននិងសៀម ចុះខសន្យានឹងគ្នាឲ្យអង្គ ម៉ីនិងអង្គ ឌួង សោយរាជ្យព្រមគ្នា មួយអង្គមួយចំហៀងនគរ ខាងកើតនិងខាងលិច៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.