គ្រួសារអតីតមន្ត្រីបក្សប្រឆាំង បានស្វែងរកអន្តរាគមន៍ពីតុលាការ និងស្ថានទូតអាមេរិក

ក្រុមគ្រួសាររបស់អតីតមន្ត្រីបក្សប្រឆាំង ដែលកំពុងជាប់ពន្ធធនាគារដោយសារអាជ្ញាធររដ្ឋាភិបាលលោកហ៊ុន សែន ចោទប្រកាន់អំពីបញ្ហាញុះញង់ និងបទល្មើសផ្សេងទៀត បានស្វែងរកអន្តរាគមន៍ពីតុលាការ និងស្ថានទូតអាមេរិក ដើម្បីជំរុញឱ្យមានការដោះលែងស្វាមីរបស់ពួកគេ។

ក្រុមគ្រួសារ ដែលជាស្ត្រី អះអាងថាជាភរិយារបស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិប្រមាណ១០នាក់ បានប្រមូលផ្ដុំគ្នាលើកបដា និងតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃសុក្រនេះ ដើម្បីទាមទារឱ្យតុលាការដោះលែងប្តីរបស់ពួកគេដោយគ្មានលក្ខខណ្ឌ។ ក្រៅពីតវ៉ា និងទាមទារនៅខាងមុខតុលាការក្រុមស្រ្តីទាំងនោះក៏បាន នាំគ្នាយកញត្តិមកដាក់នៅស្ថានទូតអាមេរិកផងដែរ។ 

ក្រុមស្ត្រីទាំងនោះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថាការសុំកិច្ចអន្តរាគមន៍ទៅស្ថាប័នទាំងនោះ ដើម្បីជំរុញឱ្យតុលាការនិងប្រទេសមហាអំណាច ជួយធ្វើយ៉ាងណាជួយឱ្យប្តីរបស់ពួកគេមានសេរីភាពឡើងវិញ ត្បិតប្តីរបស់ពួកគាត់មិនបានធ្វើខុសដូចការចោទប្រកាន់អ្វីនោះទេ។

លើសពីនេះ ទៀតក្រុមស្ត្រីទាំងនោះអះអាងថា ក្រោយពេលប្តីរបស់ពួកគេជាប់ពន្ធនាគារទាំងគ្មានកំហុស ធ្វើឱ្យជីវភាពគ្រួសារកាន់តែជួបបញ្ហាប្រឈម ពិសេសស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ ដោយមិនមានអ្នកជំហរជួយជ្រោមជ្រែងក្នុងគ្រួសារដូចពេលមុន។

យ៉ាងនេះក្តី កាលពីថ្ងៃទី១ ខែមិថុនា លោក ហ៊ុន សែន បានព្រមានរួចទៅហើយថាលោកនឹងប្រើយុទ្ធសាស្ត្រកាត់ក្បាល និងបំបែកដងខ្លួនអតីតបក្សប្រឆាំងឱ្យសាបសូន្យ ប្រសិនបើពួកគេហ៊ានយកឱកាសវិបត្តិជំងឺកូវីដ១៩ ជាពេលផ្តួលរំលំរដ្ឋាភិបាលរបស់លោកនោះ។

កាលពីថ្ងៃទី ៥មិថុនា អង្គការសង្គមស៊ីវិលចំនួន៣០ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការចាប់ខ្លួនសកម្មជននយោបាយ ពិសេសអតីតសមាជិកគណបក្សសង្គ្រោះជាតិនៅកម្ពុជា ដោយពួកគេស្នើឱ្យបញ្ឈប់ការយាយី ការចាប់ខ្លួនអតីតបក្សប្រឆាំងនិងពលរដ្ឋផ្សេងទៀតដែលគ្រាន់តែពួកគេសម្តែងមតិដោយសន្តិវិធី។ សេចក្តីថ្លែងការណ៍ដដែល បានលើកឡើងថាក្នុងរយៈពេលចុងក្រោយនេះមានការបន្តចាប់ និងឃុំខ្លួនអតីតសមាជិកគណបក្សប្រឆាំងជាបន្តបន្ទាប់ ដោយការចោទប្រកាន់ពីបទ រួមគំនិតក្បត់ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ និង បទញុះញង់ឱ្យយោធាមិន   ស្តាប់បង្គាប់។

អង្គការសង្គមស៊ីវិលទាំងនេះ ហៅការចោទប្រកាន់ទាំងនេះជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិធ្វើនយោបាយរបស់ពលរដ្ឋ ដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញកម្ពុជា សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលប្រទេសកម្ពុជាជារដ្ឋហត្ថលេខីផងដែរ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.