បទល្មើសចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ បានកម្រើក​ឡើងវិញនៅក្រុង​ព្រះសីហនុ

អ្នកឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គម និងប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បង្ហាញការព្រួយបារម្ភជាថ្មីទៀត ចំពោះបទល្មើសចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ ផ្តើមដោយជនល្មើសជនជាតិចិន ដែលបានកម្រើកឡើងវិញ នាទីប្រជុំជនក្រុងព្រះសីហនុ។

ការព្រួយបារម្ភនេះ បានកើតឡើងបន្ទាប់ពី កាលពីរសៀលថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០ដើមសប្តាហ៍នេះ មានករណីជនជាតិចិនមួយក្រុម បានធ្វើសកម្មភាពចាប់បង្ខំាង និងជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នា ដោយជនល្មើសធ្វើសកម្មភាពនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

បញ្ហានេះ មន្ត្រីសង្គមស៊ីវិលប្រចាំខេត្តព្រះសីហនុ បានកត់សម្គាល់ថា បទល្មើសចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ បានធ្វើសកម្មភាពឡើងវិញ បន្ទាប់ពី ឃើញមានវត្តមានជនជាតិចិន បានវិលត្រឡប់មកធ្វើជំនួញ និងប្រកបការងារ ក្នុងក្រុងទេសចរណ័មួយនេះ ជាបណ្តើរៗឡើងវិញ។

ទាក់ទិនបទល្មើសនេះ សម្រាប់អាជីវករ ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ ជាពិសេសអ្នកវិនិយោគទុន ក៏បានបង្ហាញការភ័យខ្លាចពីសុវត្ថិភាពដើរហើរ និងការប្រកបរបរចិញ្ចឹមជីវិត ដោយសារតែឃើញបទល្មើសចាប់ជំរិត, ចោរឆក់ និងប្លន់ប្រដាប់អាវុធ បានបន្តកើតមានជាច្រើនករណី។

ផ្តើមពីបញ្ហានេះ ពួកគេទទូចដល់ លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តនេះ ជួយបង្កើនកម្លាំងសមត្ថកិច្ច របស់ខ្លួន ចុះល្បាតនៅតាមភូមិសាស្ត្រនានា ក្នុងក្រុងព្រះសីហនុ ជាប្រចាំទាំងយប់ថ្ងៃ ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗ ឲ្យមានប្រសិទ្ធភាព។

បន្ថែមលើនេះ ទាំងអាជីវករ ក៏ដូចជាមន្ត្រីសង្គមស៊ីវិល ប្រចាំខេត្តព្រះសីហនុ ក៏បានសំណូមពរដល់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយអន្តរាគមន៍ទប់ស្កាត់បទល្មើសចាប់មនុស្សទារប្រាក់ ដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគទុននេះ ដោយការទទួលខុសត្រូវខ្ពស់។

ទាក់ទិនបញ្ហានេះ ទាំងលោក ហេង ប៊ុនទី និងលោក ជួន ណារិន្ទ សុទ្ធតែបានអះអាងដូចៗគ្នាថា មិនព្រងើយកន្តើយលើការងារពង្រាយកម្លាំងល្បាត និងដាក់ឲ្យប្រចាំការនៅតាមគោលដៅសំខាន់ៗ ដើម្បីរក្សាការពារសន្តិសុខជូនប្ជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគទុននោះទេ។ ផ្ទុយទៅវិញ កម្លាំងជំនាញបានបែងចែកវេនប្រចាំការទាំងយប់ថ្ងៃ ដោយការទទួលខុសត្រូវខ្ពស់។

លោក  ហេង ប៊ុនទី ត្រូវបានកាសែតក្នុងស្រុកដកស្រង់សំដីមកចុះផ្សាយថា ស្ថាប័នខ្លួនមិនបានធ្វេសប្រហែស លើការងារថែរក្សាសន្តិសុខនោះទេ។

លោក ហេង ប៊ុនទី បញ្ជាក់ថា ចំពោះការងារទប់ស្កាត់បទល្មើស                 ផ្សេងៗនៅមូលដ្ឋានខេត្តព្រះសីហនុ គឺកម្លាំងកងរាជអាវុធហត្ថ បានពង្រាយដាក់ប្រចាំការនៅតាមគោលដៅតាមផ្លូវសាធារណៈនានា ទាំងយប់ថ្ងៃ និងជាអចិន្ត្រៃយ៍ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ភ្ញៀវទេសចរ និងអ្នកវិនិយោគទុន ដោយការទទួលខុសត្រូវខ្ពស់។

លោកបន្តថា ជាក់ស្តែង កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ដើមសប្តាហ៍នេះ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីជនជាតិចិនមួយក្រុម បានចាប់បង្ខំាង និងជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នា ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

ក្នុងនោះកម្លាំងសមត្ថកិច្ច បានជួយរំដោះជនរងគ្រោះម្នាក់ និងចាប់បានជនសង្ស័យចំនួន៧នាក់ (ប្រុស៦នាក់ស្រីម្នាក់)។ លោក ហេង ប៊ុនទី បន្តថា សម្រាប់ប្រតិបត្តិការនេះ លោកបានដឹកនាំកម្លាំងកងរាជ    អាវុហត្ថចំនួន៣០នាក់ ក្រោមការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និងមានវត្តមាន លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមគណៈបញ្ជាការឯកភាពខេត្តបានចូលរួម។

ចំណែកជនរងគ្រោះ ដែលត្រូវជនល្មើសចាប់ជំរិតមានឈ្មោះ Luo Ping ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន។ ក្រោយប្រតិបត្តិការកម្លាំងអាវុធហត្ថ បានដកហូតវត្ថុតាងសំរាប់ប្រព្រឹត្តបទល្មើសមួយចំនួនរួមមាន៖ រថយន្ត០១គ្រឿង ម៉ាក Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A-9891 , ម៉ូតូ ចំនួន០១គ្រឿង ម៉ាក PCX ពណ៌ស គ្មានស្លាកលេខ, ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន០២គ្រាប់ និងម្សៅសថ្លា ចំនួន០១កញ្ចប់ (សង្ស័យជាថ្នាំញៀន)ត្រាក្រហម ចំនួន០៨ត្រា, កាតធនាគារចំនួន៥៤សន្លឹក, ខ្នោះដៃចំនួន០៣, ម៉ាស៊ីនផ្លុំសក់ចំនួន០១, វ៉ាលី ចំនួន០២ (តូច០១ និងធំ០១) ទូរស័ព្ទដៃចំនួន០៦គ្រឿង, ដំបងឆក់ ចំនួន០១ដើម, ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ ចំនួន០១គ្រឿង, លិខិតឆ្លងដែន ចំនួន០៣ច្បាប់, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, កាបូបដៃ ចំនួន០១, ស៊ីមទូរស័ព្ទមួយចំនួន, អត្តសញ្ញាណប័ណ្ណមួយចំនួន,  ឧបករណ៍ឆែកទិន្នន័យធនាគារចំនួន១៣គ្រឿង។

បទល្មើសនេះ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿង នៃបទល្មើសជំរិតទារប្រាក់នេះ បញ្ជូនទៅកាន់សាលាដំបូង ដើម្បីចាត់ការតាមនីតិវិធីច្បាប់រួចហើយ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.