ចិនបន្តបញ្ជូនសព្វាវុធទំនើបនៅដាក់ពង្រាយនៅតាមព្រំដែនជាមួយឥណ្ឌាចំពេលសហរដ្ឋអាមេរិកសន្យាពង្រឹងវិស័យការពារជាតិឥណ្ឌា

សម្រាប់ព័ត៌មានអន្តរជាតិនៅថ្ងៃនេះ  យើងនៅបន្តស្រង់ព្រឹត្តិការណ៍កើតឡើងនៅតំបន់អាស៊ី ដែលខណៈនេះ ស្ថានភាពតានតឹង មិនថាឡើយកើតមាននៅសមុទ្រចិនខាងត្បូងតែមួយនោះទេ គឺនៅតាមព្រំដែនឥណ្ឌា-ចិន នៅតែបន្តតានតឹងនៅឡើយទោះជាមានសេចក្ដីរាយការណ៍មកថា ចិន បានដកទ័ពរបស់ខ្លួន២គីឡូម៉ែត្រចេញពីតំបន់ប៉ះទង្គិចជាមួយកងទ័ពឥណ្ឌា កាលពីថ្ងៃទី១៥មិថុនាក៏ដោយក្ដី។

នៅថ្ងៃទី៨ ខែកក្កដានេះ សារព័ត៌មាន The National Interest បានចុះផ្សាយដោយស្រង់ប្រភពពីសារព័ត៌មានចិន Global Timesមកថា កាលពីថ្ងៃអង្គារទី៧កក្កដា ចិនបានបញ្ជូនសព្វាវុធទំនើបៗជាច្រើន ទៅដាក់ពង្រាយថែមទៀតនៅជាប់ព្រំដែនឥណ្ឌា នៅភាគខាងលិចប្រទេសចិន។

សកម្មភាពរបស់កងទ័ពចិន បានធ្វើឡើង បន្ទាប់ពីឥណ្ឌាធ្វើសមយុទ្ធ នាវាជើងទឹកជាមួយជប៉ុននៅសមុទ្រឥណ្ឌា។ The National Interest កត់សំគាល់ថាការដែលចិនបន្តដាក់ពង្រាយគ្រឿងសព្វាវុធថែមទៀតនេះ គឺជាការផ្ទុយនឹងការព្រមព្រៀងគ្នារវាងប្រទេសមហាយក្សធំ២នេះ ដែលសន្យាកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន។

បើតាមប្រភពដដែលនេះឲ្យដឹងថា អាវុធដែលចិនបញ្ជូនទៅដល់ព្រំដែនជាមួយឥណ្ឌាម្ដងទៀតនេះ មានច្រើនប្រភេទ គឺមានទាំងកាំជ្រួចបាញ់យន្តហោះ កាំជ្រួចបាញ់រថក្រោះ កាំភ្លើងត្បាលមុខកាត់កាណុង ៣៥mm រថក្រោះ រថពាសដែក និង ឧទ្ធម្ភាកចក្រ។ តាមប្រភព ដដែល គ្រឿងសព្វាវុធទាំងនោះ ត្រូវដាក់ពង្រាយនៅ តាមព្រំដែននៃតំបន់ទីបេ ជាប់នឹងប្រទេសឥណ្ឌា។

សារព័ត៌មានរបស់ឥណ្ឌាបានចុះផ្សាយថា ខណៈចិន បញ្ជូនគ្រឿងសព្វាវុធដូចនេះ គឺឥណ្ឌា ក៏បាន ធ្វើសមយុទ្ធទ័ពថ្មើជើងនិងទ័ពអាកាស របស់ខ្លួន នៅតំបន់ព្រំដែន Galwan នៃជួរភ្នំហិម៉ាឡៃ ជាទីតាំងងាយប៉ះទង្គិចគ្នារវាងកងទ័ពនៃប្រទេសធំទាំងនេះ។

កាលពីចន្ទទី៦កក្កដា ចិនបានដកកងទ័ពរបស់ខ្លួនពីតំបន់នោះគឺដកថយតែ២គីឡូម៉ែត្រប៉ុណ្ណោះ ហើយ ចំណែកគ្រឿងសព្វាវុធ គឺចិនមិនបានដកយកទៅជាមួយនោះទេ។

មានសេចក្ដីរយការណ៍ថា កងទ័ពចិនបានរុះរើតង់ចេញពីតំបន់នោះតែបែរជាមកបង្កើតលានដ្ឋាននៅទីតាំងថ្មីនៅខាងក្រោយចម្ងាយ ២គីឡូម៉ែត្រ ពីទីតាំងចាស់ តែប៉ុណ្ណោះ។

នៅក្នុងអន្តរកាលនេះ គេសង្កេតឃើញ រដ្ឋាភិបាលក្រុងញូដែលី បានពង្រីកដៃគូវិស័យការពារជាតិដោយចាប់យកប្រទេសសហរដ្ឋអាមេរិកជប៉ុននិងអូស្ត្រាលី ជាដៃគូនៃការធ្វើសមយុទ្ធទ័ពជើងទឹក។

ក្រោយពីបញ្ចប់ការធ្វើសមយុទ្ធជាមួយប្រទេសជប៉ុនហើយនោះ ឥណ្ឌានឹងស្នើអោយមានការធ្វើសមយុទ្ធទ័ពជើងទឹកជាមួយ អូស្ត្រាលីនិងសហរដ្ឋអាមេរិក។

ដោយឆ្លើយតបនឹងគោលបំណងរបស់ឥណ្ឌា សហរដ្ឋអាមេរិក បានប្រកាសថា ក្រុងវ៉ាស៊ីនតោន នឹងបន្តពង្រឹងថែមទៀតវស័យសន្តិសុខជាតិសម្រាប់ដែនសមុទ្រឥណ្ឌាជាមួយនឹងរដ្ឋាភិបាលក្រុងញូដែលី។

មន្ត្រីសេតវិមាន ម្នាក់បានប្រាប់ បណ្ដាញផ្សាយព័ត៌មានអាមេរិក Fox News ថាការដែលអាមេរិក សម្រេចដាក់ពង្រាយនាវាផ្ទុកយន្តហោះ ធំៗចំនួន២គ្រឿងនៅសមុទ្រចិនខាងត្បូងគឺជាការពង្រឹងសន្តិសុខសម្រាប់តំបន់អាស៊ាន។ ប៉ុន្តែ សម្រាប់សមុទ្រឥណ្ឌា គឺសហរដ្ឋអាមេរិកក៏បានត្រៀមរួចហើយនូវការដាក់ពង្រាយ នាវាផ្ទុកយន្តហោះ។

នាយសេនាធិការសេតវិមាន Mark Meadows បាន និយាយថាសកម្មភាពកងទ័ពអាមេរិក នៅសមុទ្រចិនខាងត្បូងនិងនៅសមុទ្រឥណ្ឌា គឺជាសារមួយយ៉ាងច្បាស់ណាស់ថា អាមេរិក ត្រូវឈរគៀកស្មានឹងប្រទេសក្នុងតំបន់អាស៊ានដែលរងការគាបសង្កត់ពីសំណាក់ប្រទេសចិន ហើយនៅទីណា គឺអាមេរិក មិនបណ្ដោយអោយចិនវាតទីបានឡើយរួមទាំងសមុទ្រឥណ្ឌាផងដែរ។

Mark Meadows បានសង្កត់ធ្ងន់ថា ការដែលកងទ័ពចិនចូលមកប៉ះទង្គិចជាមួយ កងទ័ពឥណ្ឌា ហើយ បណ្ដាលអោយកងទ័ពឥណ្ឌាស្លាប់យ៉ាងតិច២០នាក់ គឺហេតុការណ៍នេះហើយ ដែលធ្វើអោយសហរដ្ឋអាមេរិក ត្រូវដាក់ពង្រាយ នាវាផ្ទុកយន្តហោះ  USS Ronald Reagan និង USS Nimitz នៅសមុទ្រចិនខាងត្បូងដែលនេះជាបេសកកម្មរបស់សហរដ្ឋអាមេរិកដើម្បីសន្តិសុខពិភពលោក។

ជាការកត់សំគាល់មួយទៀតនោះ គឺក្រោយពីកងទ័ពចិននិងឥណ្ឌាប៉ះទង្គិចគ្នានៅតាមព្រំដែនជួរភ្នំហិម៉ាឡៃកាលពីថ្ងៃទី១៥មិថុនា ឥណ្ឌាបាន បញ្ចេញកញ្ចប់ថវិកាជាង១៥០០លានដុល្លារទិញយន្តហោះរបស់សហរដ្ឋអាមេរិកF-35 ហើយជាមួយគ្នាឥណ្ឌាបានទិញរួចហើយនូវយន្តហោះរបស់ប្រទេសបារាំងគឺយន្តហោះចម្បាំង Rafale ចំនួន៣៦គ្រឿង។

រដ្ឋាភិបាលបារាំងបានប្រកាសថា យន្តហោះ Rafale ចំនួន៦គ្រឿងនឹងប្រគល់អោយឥណ្ឌា នៅចុងខែកក្កដានេះដើម្បីយកមកប្រើប្រាស់ជាបន្ទាន់តាមសំណើរបស់ក្រុងញូដែលី៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.