ប្រធានមន្ទីរ​កសិកម្ម​ខេត្ត​ព្រះសីហនុ បដិសេធ​ថា ខ្លួន​មិនបាន​បន្លំយក​ថវិកាជាតិ​ជិត ៣០០លាន​រៀល ដូច​ការ​ចុះផ្សាយ​ទេ​

ប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ព្រះសីហនុ លោក នេន ចំរើន បាន​ប្រតិកម្ម​ចំពោះ​ការ​ចុះផ្សាយ របស់​គេហទំព័រ​”ផែនដី​ថ្មី​” ឬ PDT​-NEWS ដែល​ចុះផ្សាយ​ចោទ​លោក​ថា​បាន​ប្រព្រឹត្តិ​អំពើពុករលួយ​កិបកេង​ថវិកាជាតិ​អស់​ប្រមាណ ៣រយ​លាន​រៀល ឬស្មើ ជាង ៧ម៉ឺន​ដុល្លារ​អាមេរិក ថា​ជា​រឿង​មិន​ពិត​ទាល់តែសោះ។

សេចក្តី​ថ្លែងការណ៍ របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បាន​បំភ្លឺ​ជូន​សាធារណជន និង​បណ្តាញ​សារព័ត៌មាន​ថា កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ មាន​គេហទំព័រ​សារព័ត៌មាន​ឈ្មោះ​“ផែនដី​ថ្មី​” PDT​-NEWS បាន​ចុះផ្សាយ​ថា លោក នេន ចំរើន ប្រធានមន្ទីរ​កសិកម្ម​ខេត្ត​ព្រះសីហនុ បាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​កិបកេង ឬលួច​ថវិកាជាតិ តាមរយៈ​រូបភាព​ទិញថ្នាំ​កសិកម្ម​សម្លាប់សត្វ​ល្អិត និង​បំពង់​បាញ់ថ្នាំ​អ៊ី​ណុ​ក ឆ្នាំ២០១៩​-២០២០ ជា​ល្បែង​ឆ្ពឹ​នភ្នែ​ក។

ពាក់ព័ន្ធ​នឹង​អត្ថបទ​ចុះផ្សាយ របស់​សារព័ត៌មាន “ផែនដី​ថ្មី​”ខាងលើ​នេះ មន្ទីរ​កសិកម្ម​ខេត្ត​ព្រះសីហនុ បាន​ប្រកាស​បដិសេធ​ទាំងស្រុង និង​សូម​បំភ្លឺ​ជូន​សាធារណជន​ឲ្យបាន​ជ្រាប​ថា “រាល់​ការ​បញ្ជាទិញ​ថ្នាំ​សម្លាប់សត្វ​ល្អិត និង​បំពង់​បាញ់ថ្នាំ​អ៊ី​ណុ​ក ត្រូវ​បាន​អនុវត្ត​ស្របតាម​វិធាន និង​បទ​បញ្ញា​ត្តិ​ស្តី​ពី​ការអនុវត្ត​កិច្ច​លទ្ធកម្ម​សាធារណៈ​យ៉ាង​ត្រឹមត្រូវ។ ដូច្នេះ​ចំពោះ​ការ​ចុះផ្សាយ របស់​សារ​ព័រ​មាន​ខាងលើ គឺជា​រឿង​មិន​ពិត​ទាល់តែសោះ។

យ៉ាងណាក៏ដោយ​ចុះ មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​មួយចំនួន បាន​ចាត់ទុក​ការ​ចេញ​សេចក្ដីថ្លែង​ការ របស់​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះសីហនុ គឺ​គ្មានអ្វី​ក្រៅ​ចង់​បិទបាំង​រឿងអាស្រូវ របស់​លោក នេន ចំរើន នោះ​ឡើយ។ ពួក​គេ​មាន​ចម្ងល់​ថា ជំនួយ​ផ្តល់​ថ្នាំ​សត្វល្អិត និង​បំពង់​បាញ់ថ្នាំ ដែល​ចំណាយ​ថវិកាជាតិ​ទិញ​ក្នុង១ឆ្នាំ​ៗ ជិត៣០០លាន​រៀល តើ​លោក នេន ចំរើន ប្រធានមន្ទីរ​កសិកម្ម យក​ទៅ​ចែក​ជូន​ដល់​ពលរដ្ឋ​បាន​ប៉ុន្មាន​នាក់ និង​មានឈ្មោះ​អ្វីខ្លះ ហើយ​មាន​ទីលំនៅ​រស់​ភូមិ ឃុំ ណាខ្លះ​ដែរ​? មន្ត្រី​រាជការ​មួយចំនួន បម្រើការ​ងារ​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះសីហនុ ដែល​ស្នើ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យដឹង​ទៀត​ថា​កាលពី​ឆ្នាំ២០១៩ លោក នេន ចំរើន ប្រធានមន្ទីរ​កសិកម្ម ខេត្ត​ព្រះសីហនុ បាន​ធ្វើបញ្ជី​ខ្ទង់ចំណាយ​ជាង​កន្លះ​ឆ្នាំ គឺ​បាន​ប្រើ​ល្បិច​ឆ្ពឹ​នភ្នែ​ក តាមរយៈ​ការទិញ​ថ្នាំ​សម្លាប់សត្វ​ល្អិត និង​បំពង់​បាញ់ថ្នាំ​ប្រភេទ​អ៊ី​ណុ​ក ដើម្បី​ផ្តល់​ជូន​កសិករ​ស់​នៅ​ស្រុក​ព្រៃនប់ ដោយ​ចំណាយ​ថវិកាជាតិ​ខ្ទង់​ជិត ៣០០លាន​រៀល ប៉ុន្តែ​ជាក់ស្តែង​ឈ្មោះ​កសិករ ដែល​មានឈ្មោះ​ទទួល​បាន​ថ្នាំ​សម្លាប់សត្វ​ល្អិត និង​បំពង់​បាញ់ថ្នាំ​ប្រភេទ​ដែក​អ៊ី​ណុ​ក ពិតប្រាកដ​មាន​ចំនួន​តិចតួច​បំផុត។

ផ្ទុយទៅវិញ គេ​ឃើញ​មានឈ្មោះ​ខ្យល់​ច្រើន ជាង​ឈ្មោះ​ពិត។ ហើយ​ថា ថវិកាជាតិ ដែល​សេសសល់ គឺ​ត្រូវ​បាន លោក នេន ចំរើន និង​បក្ខ​ពួក យក​ចែក​គ្នា​ចាយ​ថែមទៀត​ផង ។ ​ពួក​គេ​បាន​ស្នើ​ដល់ លោក ឱម យ៉ិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឬ(ACU​) ជួយ​បញ្ចូន​មន្ត្រី​ចុះ​ស៊ើបអង្កេត ទៅលើ​សកម្មភាព​អនុវត្ត​ការងារ របស់​លោក នេន ចំរើន ប្រធានមន្ទីរ​កសិកម្ម​ខេត្ត​ព្រះសីហនុ ដែល​បាន​បន្លំយក​ថវិកាជាតិ តាមរយៈ​ទិញថ្នាំ​សត្វល្អិត និង​បំពង់​បាញ់ថ្នាំ សម្រាប់​ចែក​ជូន​កសិករ ក្នុង​ឆ្នាំ​ៗឲ្យបាន​ត្រឹមត្រូវ​ឡើងវិញ។ យ៉ាងនេះ​ក្តី The Cambodia Daily មិនទាន់​អាច​ទាក់ទង លោក នេន ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​ការចោទប្រកាន់ របស់​មន្ត្រី​រាជការ​ក្រោម​ឱវាទ បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​ទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.