សមត្ថកិច្ចចាប់ខ្លួនយុវជនម្នាក់ទៀត ក្រោយចេញមុខតវ៉ាទាមទារយុត្តិធម៌សង្គម

ក្រុមយុវជនបានឱ្យដឹងថាសមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួន យុវជនម្នាក់ជាសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងជាសមាជិកក្រុមការងារ ១០០រាត្រី ហើយបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទញុះញង់បង្កឱ្យមានភាពវឹកវរក្នុងសង្គម។

ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី បានលើកឡើងថា ប្អូនប្រុសរបស់លោក គឺលោក មួង សុភ័ក្រ្ត ដែលជាសមាជិកក្រុមការងារ១០០រាត្រី ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីរសៀលថ្ងៃម្សិលមិញ បន្ទាប់ពីលោកបានទទួលដំណឹងនេះពីអង្គការសហប្រជាជាតិ ឬUN នៅកម្ពុជា។

យុវជន មួង សុភ័ក្ត្រ ជាយុវជនដែលសកម្មក្នុងការចូលរួមសកម្មភាពសង្គម តវ៉ាចំពោះភាពអយុត្តិធម៌ផ្សេងៗ ពិសេសចុងក្រោយនេះលោកបានចូលរួមក្នុងសកម្មភាពធ្វើបាតុកម្មទាមទារយុត្តិធម៌សង្គម និងទាមទារឱ្យដោះលែង លោក រ៉ុង ឈុន ព្រមទាំងយុវជនបរិស្ថាន និងសង្គមជាច្រើននាក់ផ្សេងទៀត។

យុវជនរូបនេះ ក៏ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សផ្សេងទៀតដែលបានជួបមន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាកាលពីសប្តាហ៍ មុន។ ប៉ុន្តែ អ្នកដែលបានជួបមន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិក រួមមានលោក មាន ព្រហ្មមុនី និងព្រះតេជព្រះគុណ កើត សារ៉ាយ ត្រូវបានអាជ្ញាធរចាប់ខ្លួន ហើយតុលាការសម្រេចចោទប្រកាន់ពួកគាត់ពីបទញុះញង់ និងសម្រេចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ផងដែរ។

ការតវ៉ាទាមទារយុត្តិធម៌សង្គម និងស្នើឱ្យដោះលែងលោក រ៉ុង ឈុន និងមនុស្សផ្សេងទៀត ធ្វើឱ្យយុវជន២នាក់ផ្សេងទៀត រួមមាន កញ្ញា អេង ម៉ាឡៃ ឬ សូ មេត្តា និងលោក ថា ឡាវី ត្រូវបានចាប់ខ្លួន ហើយពួកគាត់ត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរដល់សង្គម។ ដោយឡែកយុវជនម្នាក់ទៀតដែលបានចូលរួមការតវ៉ានោះ ពេលចេញពីកន្លែងតវ៉ា ត្រូវបានជនមិនស្គាល់មុខជិះម៉ូតូធាក់ឱ្យដួលបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។

ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា បានលើកឡើងនៅលើគណនីហ្វេសប៊ុកថា លោកមានការសោកស្តាយដោយសារលោក មួង សុភ័ក្ត្រ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីរសៀលថ្ងៃម្សិលមិញ បន្ទាប់ពីចេញពីទីស្នាក់ការគណបក្សឆន្ទៈខ្មែរ។ ជាមួយគ្នានេះ លោកថា គណបក្សរបស់លោក នឹងព្យាយាមស្វែងរកកិច្ចអន្តរាគមន៍លើបញ្ហានេះ ។

កាលពីថ្ងៃទី ៩ខែកញ្ញា អង្គការសង្គមស៊ីវិល៣៦ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយស្នើឲ្យអាជ្ញាធរលោកហ៊ុន សែន បញ្ឈប់ការបំភិតបំភ័យ និងបង្ក្រាប ទៅលើក្រុមអ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានវ័យក្មេង និងការតវ៉ាដោយអហិង្សារបស់ពួកគេ។ លើសពីនេះ ពួកគេស្នើទៅរដ្ឋាភិបាលត្រូវធានានូវការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការតស៊ូមតិដោយអហិង្សា ដើម្បីសិទ្ធិរបស់ពួកគេ គ្រួសាររបស់ពួកគេ និងសហគមន៍របស់អ្នកទាំងនោះ។

សេចក្តីថ្លែងការណ៍ដដែល បានបង្ហាញការខកចិត្តចំពោះការប្រើប្រាស់បទញុះញង់ ពីសំណាក់អាជ្ញាធរដើម្បីបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងការបញ្ចេញមតិ និងចូលរួមដោះស្រាយបញ្ហានានាក្នុងសង្គម៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.