ព្រះសង្ឃ១២០អង្គ ដែលឆ្លងជំងឺផ្តាសាយធំ នៅខេត្តចំនួន៤ បានព្យាបាលជាសះស្បើយស្ទើរទាំងស្រុងរួចហើយ

មន្ត្រីថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ, ព្រះសង្ឃ, លោកតា លោកយាយ ក៏ដូចជាប្រជាពុទ្ធបរិស័ទ្ធទាំងអស់នៅទូទាំងប្រទេសកម្ពុជា ត្រូវសម្អាត ឬធ្វើអនាម័យខ្លួនប្រាណឲ្យបានជាប្រចាំ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ផង ជាពិសេសទប់ស្កាត់ជំងឺផ្តាសាយធំ ដែលកំពុងឆ្លងរីករាលដាលគួរឲ្យព្រួយបារម្ភ នៅតាមបណ្តាខេត្តជាច្រើនទូទាំងប្រទេសកម្ពុជា។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា អ្នកស្រី ឱ វណ្ណឌីន បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះថា ស្ថានភាពជំងឺគ្រុនផ្តាសាយធំ ដែលឆ្លងទៅលើប្រជាពលរដ្ឋជាពិសេសព្រះសង្ឃស្ទើរទូទាំងប្រទេសកម្ពុជា ក្នុងប៉ុន្មានសប្តាហ៍កន្លងមក ពេលនេះ ត្រូវបានក្រុមគ្រូពេទ្យជំនាញព្យាបាលជាសះស្បើយភាគច្រើនហើយ។

អ្នកស្រី ឱ វណ្ណឌីន បញ្ជាក់ថា ជំងឺផ្តាសាយធំនេះ គឺបានឆ្លងទៅលើព្រះសង្ឃ នៅតាមខេត្តចំនួន០៤ មានលក្ខណៈធ្ងន់ធ្ងរជាងគេ រួមមាន៖ តាកែវ, ត្បូងឃ្មុំ, បាត់ដំបង និងបន្ទាយមានជ័យ។

អ្នលស្រីបន្តថា បច្ចុប្បន្ននេះ ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ ព្រះសង្ឃចំនួន ១២០អង្គ ដែលឆ្លងជំងឺផ្តាសាយធំនេះ ស្ទើរតែទាំងអស់អង្គ ត្រូវបានព្យាបាលជាសះស្បើយជាបណ្តើររួចហើយៗ នៅសល់ព្រះសង្ឃមួយចំនួនទៀត កំពុងបន្តព្យាបាលដោយយកចិត្តទុកដាក់។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បញ្ជាក់ថា កត្តានាំឲ្យកើតជំងឺផ្តាសាយធំឆ្លងរីករាលដាលស្ទើរទូទាំងប្រទេសកម្ពុជាបែបនេះ គឺមានកត្តាជាច្រើនដូចជា ៖ ការប្រែប្រួលអាកាសធាតុ, ការវិវត្តអំពីការបម្រែបំរួលនៃវីរុស ឬមេរោគផ្សេងៗនៅក្នុងបរិស្ថានមិនល្អ គួបផ្សំបម្រែបម្រួលអាកាសធាតុ ឬមានការប៉ះពាល់ជាមួយពពួកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ និងពពួកសត្វបក្សី ដែលអាចចម្លងវីរុសណាមួយមកបុគ្គល ឬការបរិភោគពពួកសត្វទាំងនេះ ដែលចម្អិនមិនបានឆ្អិនល្អ។

ជាងនេះទៀត អាចមានកង្វះការអនុវត្តអនាម័យដៃ និងខ្លួនប្រាណ ឬឆ្លងតាមការក្អក កណ្តាស់ ដែលមិនបានខ្ទប់មាត់ ច្រមុះ ឲ្យបានត្រឹមត្រូវ ដែលនាំឲ្យប៉ះពាល់ដល់ផ្លូវដង្ហើមរបស់អ្នកជំងឺជាដើម។

ផ្តើមពីបញ្ហានេះ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ពលរដ្ឋ, ព្រះសង្ឃ លោកតាអាចារ្យ លោកយាយជី និងគណៈកម្មការវត្តទូទាំងប្រទេសកម្ពុជា ត្រូវចូលរួមអនុវត្តន៍វិធានការអនាម័យខ្លួនប្រាណមួយចំនួនដូចជា៖

– ត្រូវសម្អាតអនាម័យខ្លួនប្រាណ ជាពិសេសអនាម័យដៃ ឲ្យបានស្អាតជាប់ជានិច្ច ដោយលាងសម្អាតឲ្យបានញឹកញាប់តាមបច្ចេកទេសណែនាំ របស់ក្រសួងសុខាភិបាល។

– ប្រើម៉ាស់ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ពេលចូលក្នុងទីវត្តអារ៉ាម ឬកន្លែងមានមនុស្សច្រើន ជាពិសេសពេលក្អកកណ្តាស់ ត្រូវខ្ទប់មាត់និងច្រមុះ ដោយប្រើកន្សែង ក្រម៉ា ក្រដាសជូតមាត់ ឬកែងដៃជាដើម។

– ត្រូវចេះរក្សាគម្លាតសុវត្ថិភាពបុគ្គល ពីមួយម៉ែត្រកន្លះឡើងទៅ។

– ចៀសវាងការប៉ះពាល់ជាមួយសត្វដែលបំបៅកូនដោយទឹកដោះ និងសត្វបក្សី ដោយផ្ទាល់។ ប៉ុន្តែប្រសិនបើក្នុងករណីបានប៉ះពាល់វិញ គឺត្រូវតែលាងដៃជាមួយសាប៊ូ ឲ្យឆាប់ មុននឹងចាប់កាន់របស់របរ ផ្សេងៗ មុននឹងប៉ះពាល់លើផ្ទៃមុខរបស់បុគ្គល។

– ត្រូវបរិភោគម្ហូបអាហារឆ្អិនល្អ រក្សាអនាម័យចំណីអាហារ និងទុកដាក់ម្ហូបអាហារដាច់ដោយឡែកពីគ្នា តាមការណែនាំបច្ចេកទេសរបស់ក្រសួងសុខាភិបាល។

– បើមានបញ្ហាសុខភាព មិនត្រូវចូលរួមពិធី ឬកម្មវិធីណាមួយនោះឡើយ ដោយត្រូវស្នាក់ក្នុងកុដិ ឬទីកន្លែងណាមួយដាច់ដោយឡែកពីគេ កុំឲ្យមានការចម្លងបន្តគ្នា ហើយស្វែងរកការពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះ ឬទីកន្លែង ដែលលោកអ្នកកំពុងរស់នៅ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.