ឥណ្ឌូនេស៊ី ចោទចិនថាបំពានដែនទឹករបស់ខ្លួន ខណៈចិនសន្យាធ្វើអោយមានសន្តិភាព នៅសមុទ្រចិនខាងត្បូង

មិនបានរំលងផុតមួយថ្ងៃផង ចិនបានបំពានដែនទឹកមួយទៀតនៃប្រទេសមួយក្នុងសមាគមអាស៊ាន គឺដែនទឹកនៃប្រទេសឥណ្ឌូនេស៊ី។ ករណីនេះ បាននាំអោយឥណ្ឌូនេស៊ីជាប្រទេសទី៥ដែល មានជម្លោះជាមួយចិន លើដែលអធិបតេយ្យនៅសមុទ្រចិនខាងត្បូង។

សេចក្ដីរាយការណ៍របស់សារព័ត៌មាននៃគេហទំព៏រ Asiaone.comនិងកាសែតជប៉ុនAsia Times  បានចុះផ្សាយនៅថ្ងៃទី១៥កញ្ញានេះថា ឥណ្ឌូនេស៊ីចាប់ផ្ដើមយល់អំពីមហិច្ឆតារបស់ចិនហើយនៅពេលនេះ ដែលនៅតែលេបសម្ដីរបស់ខ្លួនផ្ទុយនឹងការសន្យានៅចំពោះមុខកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីការបរទេសអាស៊ានដែលថា ទីក្រុងប៉េកាំងសច្ចាសាមគ្គីជាមួយអាស៊ានដើម្បីសន្ដិភាពនិងស្ថេរភាពក្នុងតំបន់។

សារព័ត៌មាននេះ បានចុះផ្សាយថា  ឥណ្ឌូនេស៊ីចាប់ផ្ដើមបង្កើនការល្បាតរបស់ខ្លួននៅសមុទ្រចិនខាងត្បូង គឺចាប់ពីថ្ងៃទី១៥កញ្ញានេះតទៅ បន្ទាប់ពីការផ្ដល់សញ្ញាថា នាវាល្បាតរបស់ចិនបានចូលតំបន់សេដ្ឋកិច្ចពិសេសរបស់ឥណ្ឌូនេស៊ីនៅក្បែរប្រជុំកោះណាទូណាដែលឥណ្ឌូនេស៊ីចាត់ទុកថាជាដែនទឹករបស់ខ្លួន។

មេបញ្ជាការនៃភ្នាក់ងារល្បាតឥណ្ឌូនេស៊ីលោក Aan Kurnia បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា នាវាល្បាតរបស់ចិនបានឆ្លងចូលដែនទឹករបស់ឥណ្ឌូនេស៊ីគឺតាំងពីថ្ងៃសៅរ៍ ទី១២ ខែកញ្ញាដែលបង្ខំអោយឥណ្ឌូនេស៊ីបញ្ចូននាវាល្បាតភ្លាមៗទៅកាន់ទីនោះ ហើយបានប្រាប់ចិនថា ទីនោះជាដែនទឹកឥណ្ឌូនេស៊ី។

លោកបានបញ្ជាក់ទៀតថា តាមច្បាប់សមុទ្រអន្ដរជាតិគ្មានប្រទេសណាមួយអាចនឹងបញ្ជាអោយនាវាល្បាតឬទូកនេសាទចូលមកដែនទឹកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់អ្នកដទៃទេ។

តែបែបនេះក្ដីចិនបានអះអាងថា នាវាល្បាតរបស់ខ្លួនមួយគ្រឿងនៅតំបន់នោះគឺក្នុងដែនទឹករបស់ចិនតែប៉ុណ្ណោះ ។

អ្នកនាំពាក្យក្រសួងការបរទេសចិន wangwenben បានបញ្ជាក់ទៀតថា ចិនមានសិទ្ធិគ្រប់គ្រាន់ការពារផលប្រយោជន៍របស់ខ្លួននៅតំបន់នោះព្រោះវាជាតំបន់ដែនទឹកប្រវត្តិសាស្រ្ដរបស់ចិន។ យោងតាមសារព័ត៌មាន Asia Times  រដ្ឋាភិបាលឥណ្ឌូនេស៊ីបានដាក់ពាក្យតវ៉ាជាផ្លូវការភ្លាមៗទៅស្ថានទូតចិនប្រចាំនៅទីក្រុងចាកាតាដោយប្រាប់អំពីនាវាលល្បាតចិនបើកចូលដែនទឹកឥណ្ឌូនេស៊ីកាលពីថ្ងៃ១២ ខែកញ្ញា ហើយប្រាប់ថាឥណ្ឌូនេស៊ីមិនអាចទទួលយកបានទេនូវការបំពារបំពានដូចនេះ។

រដ្ឋាភិបាលឥណ្ឌូនេស៊ីបានប្រាប់ទៀតថា ចិនគួរតែគោរពអោយបានម៉ត់ចត់ច្បាប់សមុទ្រអន្តរជាតិឆ្នាំ១៩៨២ ដែលចិនជាភាគីហត្ថលេខីមួយផងដែរ។

សកម្មភាពរបស់នាវាល្បាតចិនដែលបានបំពានដែនទឹកប្រទេស ឥណ្ឌូនេស៊ី គឺចំពេល រដ្ឋមន្ត្រីការ បរទេសចិន វាំងយី បានសច្ចានៅចំពោះមុខសភាគីអាស៊ាន ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ តាមវិដេអូ Conference កាលពីថ្ងៃទី១២កញ្ញា ថា ចិនសាមគ្គីជាមួយអាស៊ានដើម្បីសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។

តែយ៉ាងណាក៏ដោយ កាលពិខែមករាឆ្នាំ២០២០ ចិនបានបញ្ចូននាវាល្បាតបីគ្រឿងទៅកាន់សមុទ្រចិនខាងត្បូង ក្បែរដែនទឹកឥណ្ឌូនេស៊ីហើយក្រោយមកនាវាល្បាតមួយគ្រឿងបានបើកចូលដែនទឹកឥណ្ឌូនេស៊ីរហូតដល់ទៅ១០០គីឡូម៉ែទ្រប៉ុន្តែ ភ្លាមៗនោះឥណ្ឌូនេស៊ីបានបញ្ចេញយន្ដហោះF-16ហោះសំកាំងនៅលើលំហសមុទ្រនោះហើយមួយរំពេចនាវានោះបានបង្ខំចិត្តចាកចេញវិញ។

ប្រទេសឥណ្ឌូនេស៊ីកាលពីខែមិថុនា បានច្រានចោលសំណើរបស់រដ្ឋាភិបាលចិនដែលសុំបើកការចរចាទ្វេភាគីអំពីព្រំដែនសមុទ្រនៅក្នុងសមុទ្រចិនខាងត្បូង។ កាលនោះឥណ្ឌូ នេស៊ីបានប្រាប់ទៅទីក្រុងប៉េកាំងវិញថាចិនគ្មានដែនទឹករបស់ខ្លួននៅតំបន់ ត្រួតស៊ីគ្នានឹងដែនទឹកឥណ្ឌូនេស៊ីនោះទេ។

សំណើរបស់ចិនគឺជាការផ្ទុយនឹងលិខិតរបស់ខ្លួនផ្ញើទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterresកាលពីថ្ងៃដើមមិថុនាដែលក្នុងលិខិតនោះក្រុងប៉េកាំងខ្លួនឯង ផ្ទាល់បានអះអាងថាខ្លួនគ្មានជម្លោះអធិបតេយ្យភាពនឹងឥណ្ឌូនេស៊ីទេ។ប៉ុន្ដែមិនបានប៉ុន្មានថ្ងៃផងស្រាប់តែប្រទេសចិននេះបានដាក់សំណើសុំចរចាជាមួយនឹងប្រទេសឥណ្ឌូនេស៊ីដោយអះអាងថាដែនទឹករបស់ខ្លួនមានត្រួតស៊ីគ្នានឹងដែនទឹកឥណ្ឌូនេស៊ីនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។

ឥណ្ឌូនេស៊ីកាលនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីការបរទេសអាស៊ានទើបតែបិទបញ្ចប់កាលពីថ្ងៃ១២ ខែកញ្ញាបានជម្រុញអោយចិនបង្ហាញភាពស្មោះត្រង់អោយកាន់តែច្បាស់ជាងមុន ថាតើចិនគួរក្លាយជាប្រទេសធំដើម្បីជួយពង្រឹងសន្ដិភាពតំបន់ឬដូចម្ដេច។ មិនថាតែរដ្ឋមន្រ្ដីការបរទេសឥណ្ឌូនេស៊ីទេ ដែលចេញថ្លែងការណ៍ដូចនេះ ចំណែករដ្ឋមន្រ្ដីការបរទេសវៀតណាម និងម៉ាឡេស៊ី ក៏បានលើកឡើងអំពីភាពងាយគ្រៅះថ្នាក់នៃអសន្ដិសុខតមបន់សមុទ្រចិនខាងត្បូងហើយបានទទូចអោយភាគីពាក់ព័ន្ធទាំងអស់ជាពិសេសគឺភាគីចិនត្រូវតាំងខ្លួនជាប្រទេសរក្សាសន្ដិភាពជាជាងបង្កអសន្ដិសុខ។

នៅពេលនោះរដ្ឋមន្រ្ដីការបរទេសចិន វ៉ាងយីបានថ្លែងដោយអះអាងថា ចិនចង់សាមគ្គីភាពជាមួយសមាគមអាស៊ានដើម្បីអោយតំបន់សមុទ្រចិនខាងត្បូងក្លាយទៅជាតំបន់សន្ដិភាពស្ថេរភាពមួយដ៏រឹងមាំហើយបានប្រាប់ទៅសមាជិកអាស៊ានថា មិនត្រូវពឹងផ្អែកទៅលើអ្នកដទៃមកជួយពង្រឹងសន្ដិភាពអោយខ្លួននោះទេ។

សម្ដីរបស់វ៉ាងយីបែបនេះទំនងនិយាយយោងទៅលើសហរដ្ឋអាមេរិកហើយក្រោយមកទៀតនៃសុន្ទរកថាតំណាងចិនរូបនេះ បានទាមទារអោយអាស៊ានកំណត់គោលដៅអោយច្បាស់ថាតើត្រូវយកប្រទេសខាងក្រៅជាមិត្តឬខាងក្នុងជាមិត្ត។

ភ្លាមៗបន្ទាប់ពីលោកវ៉ាងយី ថ្លែងសុន្ទរកថាចប់គឺរដ្ឋមន្ត្រីការបរទេស អាមេរិក ម៉ៃប៉ុមពីអូ បានប្រាប់សមភាគីរបអាស៊ានដោយទទូចថា កុំទុកចិត្តចិនឲ្យសោះ ព្រោះប្រទេសនេះពុំមែនជាអ្នកការពារសន្ដិភាពតំបន់ទេ។ លោកថាទង្វើរបស់ចិនចុងក្រោយនេះដែលបំពារបំពានដែនកោះរបស់ប្រទេសជិតខាងគឺស្ដែងច្បាស់ថាចិនមានមហិច្ឆតាវាតទីកាន់កាប់ផលប្រយោជន៍របស់អ្នកដទៃទៅហើយ។

លំហសមុទ្រចិនខាងត្បូងមាន ៣លានគីឡូម៉ែត្រក្រឡា និងមានកោះទាំងតូចទាំងធំចំនួន២៥០។ ចិនបានប្រកាសថា ដែនទឹករបស់ខ្លួន៩០% លើលំហសមុទ្រចិនខាងត្បូង។តែបែបនេះក្ដីចិន ត្រូវបានរាយការណ័មកថា បានចូលកាន់កាប់ បានជិត៨០ភាគរយហើយ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.