ក្រសួងធនធានទឹក អំពាវនាវឲ្យពលរដ្ឋប្រយ័ត្នព្យុះភ្លៀង និងទឹកជំនន់

ក្រសួងធនធានទឹក និងឧតុនិយម  បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរតាមសមុទ្រ និងប្រជានេសាទ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ពីជំនន់ទឹកភ្លៀងបណ្តាលមកពីព្យុះទី១១ មានឈ្មោះ នូល (NOUL) ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង។

សេចក្តីជូនដំណឹងស្តីពីស្ថានភាព របស់ព្យុះទី១១ ឈ្មោះ នូល (NOUL) របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បញ្ជាក់ថា ក្រោយបានពិនិត្យ និងតាមដានជាប្រចាំលើស្ថានភាពអាកាសធាតុរួចមក ឃើញថា សម្ពាធទាបសកម្មមួយ ដែលបានកើតឡើងនៅលើសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានវិវត្តខ្លួនយ៉ាងឆាប់រហ័សទៅជា វិសម្ពាធទាប  (Tropical Depression) ហើយបានបង្កើនឥទ្ធិពលរបស់ខ្លួន ជាបន្តបន្ទាប់ទៅជាព្យុះទី១១ ឈ្មោះ នូល (NOUL) ពេលដែលឆ្លងកាត់ប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។

យោងតាមការព្យាករណ៍ ព្យុះនេះ នឹងធ្វើដំណើរចូលទៅដល់ឆ្នេរដាណាង នៃប្រទេសវៀតណាម ភាគកណ្តាលនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ហើយបន្តចូលតំបន់ផ្ទៃរង់ទឹកភ្លៀង របស់ទន្លេមេគង្គប្រទេសឡាវ និងថៃ។ 

លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ មានស្ថានភាពដូចជា៖

១- បណ្តាខេត្តនៅតំបន់ទំនាបកណ្តាល នឹងអាចមានភ្លៀងពីមធ្យមទៅច្រើន។

២- បណ្តាខេត្តនៅជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឥសាន នឹងអាចមានភ្លៀងធ្លាក់ពីមធ្យម ទៅច្រើន រួមជាមួយខ្យល់បង្កួរ អាចប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង (Flash Flood)។

៣- តំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង រួមជាមួយខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

៤- ស្ថានភាពនៃទឹកទន្លេមេគង្គ ចាប់ផ្តើមឡើងបន្តិច ជាបន្តបន្ទាប់។

ក្រសួងធនធានទឹក បានជម្រាបជូនសាធារណជន ជាពិសេសបងប្អូនប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រទាំង បង្កើនការយកចិត្តប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

ដោយឡែក ចំពោះស្ថានភាពអាកាសធាតុនៅតាមខេត្តជាប់សមុទ្រទាំងបួនវិញ គឺផ្ទៃមេឃមានពពកខ្មៅងងឹត ភ្លៀងធ្លាក់ជោគជាំ និងខ្យល់បោកបក់ខ្លាំង។

ចំណែកនៅខេត្តព្រះសីហនុឯណោះវិញ នៅរសៀលថ្ងៃនេះ ឃើញមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងស្ទើរពេញមួយថ្ងៃ។ រីឯនៅលើផ្ទៃសមុទ្រវិញ គឺមានខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រធំៗ។

ដោយឡែកនៅក្នុងក្រុងព្រះសីហនុវិញ គឺមានព្យុះភ្លៀង និងខ្យល់កន្ត្រាក់ ដែលបណ្តាលឲ្យដួលរលំបង្គោលបណ្តាញតង់ស្យុងឬបង្គោលភ្លើងចំនួន០៣ដើម និងមានទឹកលិចនៅតំបន់ទំនាប៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.