សមាជិកសភាអឺរ៉ុបជំរុញអោយគាំទ្រប្រជាធិបតេយ្យតៃវ៉ាន់ហើយរុះរើគោលនយោបាយចិនមួយ

សភាសហភាពអឺរ៉ុបកំពុងតែយកសំណើរបស់សមាជិកសភាចំនួន៩រូបដែលស្នើអោយ គាំទ្រប្រជាធិបតេយ្យនៅ តៃវ៉ាន់ហើយ ផ្លាស់ប្ដូរគោលនយោបាយចិនតែមួយដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំខាងមុខនេះ ។

សំណើរបស់សមាជិកទាំង៩នោះគឺអំពាវនាវអោយសហគមន៍ដ៏ធំមួយនេះ បង្ហាញថា សករាជរបស់លោកស៊ីជីនពីងដែលមានគោលនយោបាយ ពុះកញ្ជ្រោលចង់លេបត្របាក់តៃវ់ាន់ គឺមិនបានគិតអំពីតម្លៃ នៃសេរីភាពសិទិ្ធមនុស្ស របស់ពលរដ្ឋតៃវ់ាន់នោះទេ។

ពួកគាត់យល់ថា ចរឹកលក្ខណៈរបស់លោកស៊ី ដូចគ្នាទៅនឹងខឹ្លមសាររបស់សៀវភៅស ការពារជាតិចិនគឺថា បើតៃវ៉ាន់ថ្លើមធំប្រកាសឯករាជ្យ គឺចិនមិនរុញរាក្នុងការប្រើកម្លាំងទ័ពនោះទេ។ ប៉ុន្តែសមាជិកសភា អឺរ៉ុបពន្យល់ថា ដំណើរទៅរកឯករាជ្យតៃវ៉ាន់ ចាំបាច់ណាស់ត្រូវការនូវធាតុផ្សំសំខាន់បំផុតមួយដែលគេហៅថា ការទទួលស្គាល់រដ្ឋ។

ចំពេលជាមួយគ្នានេះ សំឡេងរួមគ្នារវាងសភា៩រូប បានអំពាវនាវអោយសហគមន៍មួយនេះ សើររើឡើងវិញនូវគោលនយោបាយជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន និងតៃវ៉ាន់។

តែបើតាមអត្ថបទវិភាគ មួយរបស់កាសែត Handelsblatt  របស់អាល្លឺម៉ង់ គឺក្រុមសមាជិកសភានោះទទូចថាអ៊ឺរ៉ុបមិនគួរបន្ដរក្សាស្ថានការណ៍អោយនៅនឹងថ្កល់ជាមួយចិននោះទេ។

ជាច្រើទសវត្សមកហើយ អឺរ៉ុបបានថ្លឹងថ្លែងតុល្យភាពរវាងគោលការណ៍ ការប្ដេជ្ញាដោយខ្លួនឯង និងដំណោះស្រាយសន្ដិភាពនៃជំលោះរវាងប៉េកាំង និងតៃប៉ិះនិង គោលនយោបាយចិនតែមួយ។

យោងតាមក្រុមសមាជិកសភាទាំងនោះ គឺតុល្យភាពដែលសហភាពអឺរ៉ុបមាននេះគឺវាពុំអាចទប់ទល់បានតទៅទៀតនោះទេ ព្រោះជាក់ស្ដែងមានការកើនឡើងនូវអំណាចផ្ដាច់ការនិងគឃ្លើនរបស់ក្រុង                  ប៉េកាំង។ សមាជិកសភាទាំងនោះរៀបរាប់ថា ឥរិយាបថរបស់ចិននៅពេលនេះមានតែបំផ្លាញគោលនយោបាយអឺរ៉ុប។

ដូច្នោះហើយយើងត្រូវតែពិនិត្យមើលឡើងវិញលើគោលនយោបាយចិនតែមួយ។ អត្ថបទនោះក៏បានបង្ហាញថាក្រុងប៉េកាំងបានបំពានលើកិច្ចព្រមព្រៀងក្របខណ្ឌស្វ័យភាពហុងកុង និងមិនគោរពតាមគោលនយោបាយចិនតែមួយនោះទេ។

ហុងកុងត្រូវបានសមាជិកសភាអឺរ៉ុបទាំងនោះថាកំពុងស្ថិតនៅក្នុងការ គ្រប់គ្រងបង្ខិតបង្ខំ និងការប៉ះទង្គិចគ្នាខ្លាំង។ បែបនេះហើយ ទើបក្រុមសមាជិកសភានេះស្នើឲ្យអឺរ៉ុបផ្លាស់ប្ដូរគោលនយោបាយចិនតែមួយដោយធ្វើអោយប្រាកដថាក្រុងប៉េកាំងគោរពលើច្បាប់អន្ដរជាតិរួមទាំងតម្លៃនៃទំនាក់ទំនងជាមួយអឺរ៉ុប។

សមាជិកសភាទាំងនោះ ក៏បានព្រមាន ក្រុងប៉េកាំងដោយប្រឆាំងចំពោះការប្រើប្រាស់កម្លាំងទ័ពប្រឆាំងនឹងតៃវ៉ាន់ បើពុំនោះទេសហភាពអឺរ៉ុបនឹងផ្ដល់ចំលើយដោយផ្ដាច់ទំនាក់ទំនង ជាមួយចិនតែម្ដង។

ក្នុងខណៈព្រមានអំពីការកែប្រែនយោបាយចិនតែមួយ សមាជិកសភាទាំង៩រូបបានដាក់ជូននូវគោលការណ៍៦ចំនុចទៅកាន់សភាអឺរ៉ុបដើម្បីគាំទ្រប្រជាធិបតេយ្យតៃវ៉ាន់អោយកាន់តែខ្លាំងក្លា។

គោលការណ៍ទាំងនោះរួមមាន សហភាពអឺរ៉ុបគួរបង្កើនកិច្ចសន្ទនាជាមួយនឹងតៃវ៉ាន់ លើកកម្ពស់សមាជិកភាពតៃវ៉ាន់លើឆាកអន្ដរជាតិ រួមមានអង្គការសុខភាពពិភពលោក កិច្ចសហប្រតិបត្តិការជាដៃគូក្នុងវិស័យសុខភាពសាធារណៈ ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនឹងតៃវ៉ាន់។ សមាជិកសភាអឺរ៉ុបទាំង៩រូបនោះ មកពីប្រទេសផ្សេងគ្នាៗដូចជា អាល្ល៉ម៉ង់ បារាំង ប៉ូឡូញ លីទុយអេនី និង អ្នកជំនាញគោលនយោបាយបរទេសរបស់សភាអឺរ៉ុប។

តែបែបណា ចិន ចាត់ទុកតៃវ៉ាន់ជាកូនអុករបស់លោកខាងលិច។

បើតាមប្រភពអ្នកនាំពាក្យរដ្ឋាភិបាលចិនប្រាប់សារព័ត៌មានchannel News Asiaកាលពីថ្ងៃទី១៦កញ្ញានេះឲ្យដឹងថា រដ្ឋាភិបានការធ្វើសមយុទ្ធរបស់ចិននៅភាគនិរតីនៃកោះតៃវ៉ាន់កាលពីសប្តាហ៍មុន គឺជាសកម្មភាពចាំបាច់។

សកម្មភាពចាំបាច់នោះគឺ ដើម្បីការពារដែនកោះអាណាខេត្ត អធិបតេយ្យភាពរបស់ប្រទេសចិន។ តែទោះជាយ៉ាងណាទីក្រុងតៃប៉ិបានចាត់ទុកសមយុទ្ធផ្លូវអាកាស និងផ្លូវទឹកទ្រង់ទ្រាយធំរបស់ចិន គឺជាការបង្ករឿង។

កោះតៃវ៉ាន់អះអាងថា សមយុទ្ធយោធារយៈពេលពីរថ្ងៃរបស់ចិន កាលពីសប្តាហ៍មុន បានធ្វើឡើងនៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន។

អ្នកនាំពាក្យរបស់រដ្ឋាភិបាលចិនលោក Ma Xiaoguang បាន បកស្រាយថាកោះតៃវ៉ាន់គឺជាផ្នែកមួយ របស់ចិនដោយមិនអាចកាត់ផ្តាច់បានពីប្រទេសចិនបានឡើយ។ លោក Ma បានបញ្ជាក់ថា សកម្មភាពបណ្តុះបណ្តាលរបស់កងទ័ពរំដោះប្រជាជនចិន គឺជាសកម្មភាពចាំបាច់មួយ ដែលសំដៅដល់ការរក្សាស្ថិរភាព និងការពារសន្តិសុខនាពេលបច្ចុប្បន្ន នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ជាពិសេសេគឺដើម្បីការពារអធិបតេយ្យភាពជាតិ។

លោក Ma បានសង្កត់ធ្ងន់ទៀតថា សមយុទ្ធនេះមានគោលបំណង ដើម្បីទប់ស្កាត់ការជ្រៀតជ្រែក ពីសំណាក់កងកម្លាំងបរទេស ដែលជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់របស់កោះតៃវ៉ាន់ និងជាអ្នកគាំទ្រកោះតៃវ៉ាន់ នៅលើឆាតអន្តរជាតិនិងសកម្មភាពឯករាជ្យរបស់កោះតៃវ៉ាន់ ។ លោក Ma បានបន្ថែមទៀតថារដ្ឋាភិបាលកោះតៃវ៉ាន់បានក្លាយជាកូនអុក របស់បណ្តាប្រទេសលោកខាងលិច ក្នុងការរារាំងដល់ការអភិវឌ្ឍប្រទេសចិន ។

គោលនយោបាយចិនតែមួយគឺជាគោលនយោបាយដែលដាក់ចុះក្រោមរបបរបស់លោកម៉ៅសេទង់ ចំណែកគោលនយោបាយប្រទេសមួយប្រព័ន្ធពីរគឺកើតឡើងក្រោមការដឹកនាំរបស់តេងស៊ាវភីង ។

ចំណែកឯតៃវ៉ាន់មិនទទួលយកបានទេដែលថាតៃវ៉ាន់ជាដែនកោះស្វយ័តមួយរបស់ចិនដែរ គឺតៃវ៉ាន់ជារដ្ឋឯករាជ្យមានឈ្មោះថាសាធារណរដ្ឋចិន។នេះបើតាមប្រសាសន៍របស់អ្នកស្រ្ដី សាយអិងវិនប្រធានាធិបតីតៃវ៉ាន់។

តែវ៉ាន់ បានបែកពីចិនដីគោកនៅក្នុងឆ្នាំ១៩៤៩ ដោយសារផ្ទុះសង្រ្កាមស៊ីវិល ដែល ពួកឧទ្ទាមកុម្មុយនិស្តម៉ៅសេទង់ បានឈ្នះសង្រ្គាម ដោយ បញ្ចប់របបសាធារណរដ្ឋចិន៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.