គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសពីរថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌបណ្តាលឱ្យមនុស្សស្លាប់និងរបួស៦០នាក់

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេលពីរថ្ងៃ  ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ពោលគឺចាប់ពីថ្ងៃទី១៦និង១៧ ខែកញ្ញា ឆ្នាំ២០២០ បណ្តាលឱ្យមានមនុស្ស១៤នាក់ស្លាប់ និងរបួស៤៦ នាក់។

របាយការណ៍របស់នាយកនគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិឱ្យដឹងថា មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍មានដូចជា បើកបរលឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ស្រវឹង ងងុយដេក ប្រជែង និងបត់មិនប្រយ័ត្នជាដើម។

កាលពីឆ្នាំ២០១៩ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស សរុបចំនួន៥២លើក បណ្ដាលឲ្យមនុស្សស្លាប់២៦នាក់ របួសធ្ងន់ស្រាលចំនួនជិត១០០នាក់។

ដោយឡែកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង អះអាងកាលពីថ្ងៃអង្គារមានប្រសាសន៍ថា រយៈពេល៨ខែ ឆ្នាំ២០២០នេះវិញ ករណីគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះចំនួន ៦៦៧លើក ស្មើនឹង២៤% អ្នកស្លាប់ថយចុះចំនួន ២១៥នាក់ ស្មើនឹង១៦% អ្នករបួសថយចុះចំនួនជាង១ពាន់នាក់( ១ ០១០)ឬ ស្មើនឹង២៤% បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.