គ្រោះមហន្ដរាយជំនន់ទឹកភ្លៀង នៃឥទ្ធិពលនៃព្យុះទី១១ “នូល” បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋជិត ២ពាន់គ្រួសារ

ឥទ្ធិពលនៃព្យុះទី១១ ឈ្មោះ “នូល” បានធ្វើឱ្យភ្លៀងធ្លាក់លាយឡំបោកបក់ខ្លាំងទាំងយប់ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ បណ្តាលឱ្យតំបន់មួយចំនួនក្នុងក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ទទួលរងនូវជំនន់ទឹកភ្លៀងជន់លិច។

ជំនន់ទឹកភ្លៀងនេះ បានជន់លិចផ្ទះពលរដ្ឋតាមឃុំចំនួន១១ នៅស្រុកព្រៃនប់ ដោយបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋជិត ២ពាន់គ្រួសារ លិចផ្ទះសម្បែងជិត ២ពាន់ខ្នង លិចផ្លូវជាង ២គ.ម, ជាប់គាំងភ្ញៀវទេសចរ នៅលើកោះរ៉ុង-កោះរ៉ុងសន្លឹមជាង ១ពាន់នាក់ និងស្លាប់មនុស្សពីរនាក់។

ជំនន់ទឹកភ្លៀងនេះ បន្ទាប់ពីខេត្ដព្រះសីហនុ បានទទួលរងនូវឥទ្ធិពលព្យុះទី១១ នូល  (NOUL) បានបង្ករឱ្យមានទឹកភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ធ្វើឱ្យតំបន់មួយភាគធំ នៃស្រុកព្រៃនប់ ដែលមានចំនួន ១១ឃុំ គឺឃុំអូរជ្រៅ, ព្រៃនប់, ទទួលទទឹង, អណ្ដូងថ្ម, សំរ៉ុង, សាមគ្គី, ទឹកល្អក់, ទឹកថ្លា, ជើងគោ, វាលរេញ និងឃុំរាម បានរងនូវការជន់លិច បណ្តាលឱ្យលិចលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ខូចខាតសម្ភារៈ និងផ្លូវធ្វើដំណើរធ្ងន់ធ្ងរ។

ទំហំនៃការខូចខាតទាំងនោះ រួមមាន៖ មនុស្សចំនួន ១៩៥៨គ្រួសារបានរង់ផលប៉ះពាល់ជីវភាពរស់នៅ, ផ្ទះចំនួន ១៩៥៥ខ្នង ត្រូវលិចលង់, លិចផ្លូវប្រវែង ២១៧០ម៉ែត្រ។ ក្នុងនោះដែរ អាជ្ញាធរ បាន                   ជន្លៀសមនុស្សចេញពីលំនៅដ្ឋាន បានចំនួន ៤៧៤នាក់។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ បានឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា បច្ចុប្បន្នេះ ស្ថានភាពគ្រោះមហន្ដរាយដោយសារជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ដែលជនលិច ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញានោះ មានភាពល្អប្រសើរឡើងវិញហើយៗ ដោយជំនន់ទឹកភ្លៀងទាំងនោះ ក៏បានស្រកអស់ហើយដែរ។

របាយការណ៍ របស់រដ្ឋបាលស្រុកព្រៃនប់ បង្ហាញថា គ្រោះមហន្ដរាយ នៃជំនន់ទឹកភ្លៀង ដោយឥទ្ធិពលនៃព្យុះទី១១ ឈ្មោះ “នូល” បានប៉ះពាល់ជីវភាពរស់នៅរបស់ពលរដ្ឋជិត ២ពាន់គ្រួសារ, ផ្ទះជិត ២ពាន់ខ្នង ត្រូវលិចលង់, ធ្វើឱ្យជាប់គាំងភ្ញៀវទេសចរនៅលើកោះរ៉ុង-កោះរ៉ុងសន្លឹមជាង ១ពាន់នាក់ និងបានឆក់យកជីវិតមនុស្សពីរនាក់ គឺក្មេងស្រីម្នាក់ ឈ្មោះ វុទ្ធី ស្រីនី អាយុ ១ខួបកន្លះ នៅឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា និងស្រីម្នាក់ស្លាប់ ឈ្មោះ សុខ សាលន់ អាយុ ៣៥ឆ្នាំ មុខរបរលក់ដូរ នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា។

ទាក់ទិនបញ្ហានេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ដ បានដាក់ចេញបទបញ្ជាដ៏ក្តៅគគុក ដល់ថ្នាក់ដឹកនាំអភិបាលក្រុង- ស្រុកទាំងអស់, កងកម្លាំងប្រដាប់អាវុធ មេឃុំ-ចៅសង្កាត់ នៅទូទាំងខេត្តព្រះសីហនុ ត្រូវត្រៀមអន្តរាគមន៍ ដើម្បីចុះជួយសង្រ្គោះពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិទឹកជំនន់ ក្នុងខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ដោយការទទួលខុសត្រូវខ្ពស់ និងឱ្យបានទាន់ពេលវេលា។ 

ជាងនេះទៀតលោកក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នពីសុវត្ថិភាព របស់ខ្លួនឱ្យបានខ្ពស់បំផុត ដើម្បីទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗដែលនឹងអាចកើតមានឡើងជាយថាហេតុ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.