អតីតអ្នកទោសមនសិការ ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនជាថ្មីទៀត ពីបទរួមគំនិតក្បត់ជាតិ

អាជ្ញាធរក្រុងភ្នំពេញ បានចាប់ខ្លួនអតីតអ្នកទោសមនសិការ និងជាអតីតសកម្មជនគណបក្សសង្រ្គោះជាតិ លោក អឿ ណារិទ្ធ កាលថ្ងៃទី២០ ខែកញ្ញា ម្សិលមិញ ដោយចោទប្រកាន់លោកពីបទរួមគំនិតក្បត់ជាតិ ។

សារព័ត៌មានថ្មីៗ បានស្រង់សម្តីរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា នៅថ្ងៃទី២១ ខែកញ្ញានេះថា សមត្ថកិច្ចពិតជាបានចាប់ខ្លួនលោក អឿ ណារិទ្ធ កាលពីថ្ងៃម្សិលមិញប្រាកដមែន តាមដីការបស់តុលាការ។

លោកបន្តថា សមត្ថកិច្ច បានស៊ើបដឹងពីសកម្មភាពរបស់លោក អឿ ណារិទ្ធ ដែលបានផ្តល់ថវិកាដល់សកម្មជន និងអ្នកគាំទ្រអតីតគណបក្សប្រឆាំង ដើម្បីជាជំនួយដល់ពួកគេ ក្នុងការចូលរួមនឹងផែនការក្បត់ជាតិនិងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា។

អតីតអ្នកទោសមនសិការ ឬ អ្នកទោសនយោបាយ លោក អឿ ណារិទ្ធ និង អតីតអ្នកទោសមនសិការមកពីគណបក្សសង្រ្គោះជាតិ ចំនួន១៣ នាក់ផ្សេងទៀតធ្លាប់ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោសកាលពីថ្ងៃទី ២៧ សីហាឆ្នាំ២០១៨។ ពួកគេទាំង១៤នាក់នោះ ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗចន្លោះ ពី៧ ឆ្នាំ ទៅ ២០ឆ្នាំ កាលពីខែកក្កដាឆ្នាំ២០១៥ ពីបទ ចូលរួម និងដឹកនាំចលនាកុប្បកម្មដែលប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។

យ៉ាងណាសំណុំរឿងរួមគំនិតក្បត់ជាតិជុំវិញមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី លើកទី១ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ដែលឈានទៅចាប់ខ្លួនអតីតមន្ត្រីនិងសកម្មជនគណបក្សសង្រ្គោះជាតិជិត១រយនាក់នោះ ត្រូវបាន លោក ហ៊ុន សែន ប្រកាសដោះលែងពួកគេវិញ និងបញ្ជាទៅអាជ្ញាធរទាំងអស់មិនត្រូវធ្វើទុក្ខបុកម្នេញ ឬ ចាប់ចង់ពួកគេជុំវិញសំណុំរឿងនេះទៀតឡើយតាមការសច្ចាររបស់កាលពីខែវិច្ឆិការឆ្នាំមុននោះ។

មិនត្រឹមត្រូវតែបញ្ជាឱ្យដោះលែងអ្នកជាប់ឃុំក្នុងស្រុកប៉ុណ្ណោះទេ លោកក៏អំពាវនាវឱ្យអតីតសកម្មជននិងមន្ត្រីបក្សប្រឆាំងដែលរត់គេចខ្លួន ត្រឡប់មកផ្ទះវិញ ជាថ្នូរនឹងការសន្យាថាមិនធ្វើអីពួកគេឡើយ ព្រោះអីពួកគេចាញ់បោកលោក សម រង្ស៊ីពេលនោះតែប៉ុណ្ណោះ។

ផ្ទុយស្រឡះពីពាក្យសច្ចាររបស់បុរសខ្លាំង អតីតសកម្មជននិងមន្ត្រីបក្សប្រឆាំងដែលចោទប្រកាន់ពីបទរួមគំនិតក្បត់នេះត្រូវបានតុលាការចេញបញ្ជាឱ្យចាប់ខ្លួនជាបន្តបន្ទាប់ ដោយសើរើសំណុំរឿងនេះយកមកកាត់ក្តីឡើងវិញ។

ជាក់ស្តែង  អតីតសមាជិកក្រុមប្រឹក្សាឃុំកណ្តោល ខេត្តកំពត អ្នកស្រី ប៉ែន មុំ ត្រូវបានតុលាការខេត្តនេះ ផ្តន្ទាទោសអ្នកស្រី ឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ពីបទរួមគំនិតក្បត់នេះកាលពីដើមខែកញ្ញា   ខណៈដែលអ្នកស្រីយល់ថាជារឿងអយុត្តិធម៌បំផុត។

ដោយឡែក ការចាប់លោក អឿ ណារិទ្ធ ពេលនេះវិញ គឺស្របគ្នាពេលដែលអតីតប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី បានប្រកាសផែនការវិលចូលកម្ពុជាជាលើកទី២ កាលពីថ្ងៃម្សិលមិញ ដើម្បីមកសង្រ្គោះប្រទេសកម្ពុជាពីអំណាចក្បត់ជាតិរបស់លោក ហ៊ុន សែន។

លោក សម រង្ស៊ី មិនបានបញ្ជាក់ពីកាលបរិច្ឆេទវិលចូលស្រុកជាក់លាក់ដូចឆ្នាំមុនឡើយ ប៉ុន្តែលោកប្តេជ្ញាថានឹងវិលចូលកម្ពុជាឱ្យទាល់តែបាន បើទោះបីជាផែនការមាតុភូមិនិវត្តន៍របស់លោកលើកទី១ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវបរាជ័យ និងនាំឱ្យអ្នកដើរតាមខ្លួនរាប់សិបនាក់ត្រូវចាប់ឃុំខ្លួនយ៉ាងណាក្តី។

លើសពីនេះ ផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី ជាលើកទី២នេះ ហាក់មិនសូវទទួលបានការចាប់អារម្មណ៍ដូចមុនទេ ខណៈលោកហ៊ុន សែន វិញខំប្រឹងបញ្ចេញលិខិតថ្លែងអំណរគុណដល់ពលរដ្ឋដែលគាំទ្រសារនយោបាយ អរគុណសន្តិភាពរបស់លោក ដែលគេមើលឃើញថាជាសង្គ្រាមចិត្តសាស្ត្រទប់ទល់នឹងផែនការវិលចូលស្រុករបស់អតីតមេបក្សប្រឆាំងជាលើកទី២៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.