អ្នកវិភាគថា នយោបាយប្រជាភិថុតិ មិនអាចសង្រ្គោះជាតិយកឈ្នះអំណាចផ្តាច់ការឡើយ

អ្នកវិភាគនយោបាយ នៅក្រៅប្រទេសអះអាងថា ពុំមានវិធីសង្រ្គោះប្រទេសជាតិ ចេញពីអំណាចផ្តាច់ការដោយការធ្វើនយោបាយប្រជាភិថុតិ ឬជានយោបាយបោកបញ្ឆោតរាស្ត្រ ដើម្បីរកការគាំទ្របាននោះឡើយ។

អ្នកវិភាគនយោបាយលោក គឹម សុខ លើកឡើងនៅលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃអង្គារនេះថា ប្រជារាស្ត្រត្រូវការលទ្ធផលពិត មិនមែនវោហារសាស្ត្រ ស៊ីអារម្មណ៍ដដែលៗនោះឡើយ។ លើសពីនេះ លទ្ធផលពិត កើតចេញពីការនិយាយពិត មានផែនការយុទ្ធសាស្ត្រពិត និងហ៊ានដឹកនាំធ្វើពលិកម្មពិត។

អ្នកវិភាគរូបនេះ បន្តទៀតថា វោហារសាស្ត្រស៊ីអារម្មណ៍កាន់តែច្រើន ហើយមិនឃើញប្រតិបត្តិពិត គឺមិនខុសអ្វីពីការបំផ្លាញទឹកចិត្តអ្នកគាំទ្រនោះទេ ម្យ៉ាងធ្វើឱ្យគូប្រជែងដឹងដាន ឬក្រយៅ ងាយស្រួលកម្ចាត់ចោល ដោយគ្រាន់តែប្រើវិធីចិត្តសាស្ត្រប៉ុណ្ណោះ។

លោក គឹម សុខ បន្ថែមថា អ្វីដែលលោកដាច់ចិត្តនិយាយជាចំហនេះ ព្រោះលោកបារម្ភថា អ្នកនឹងចាញ់ពេញមួយជីវិត ហើយជាតិក៏ចាញ់ផងដែរ ប្រសិនបើអ្នកមិនហ៊ានធ្វើពលិកម្មពិត។

ការលើកឡើងរបស់អ្នកវិភាគនយោបាយរូបនេះ ស្របពេលដែលអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានប្រកាសពីផែនការធ្វើមាតុភូមិនិវត្តន៍មកកម្ពុជារបស់លោក ជាលើកទី២ កាលពីថ្ងៃទី២០ ខែកញ្ញា។

ក្នុងវីដេអូខ្លីបជិត៥នាទីនោះ លោក សម រង្ស៊ី អះអាងថា លោកនឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះឱ្យទាល់តែបានដើម្បីមកសង្រ្គោះជាតិកម្ពុជាចេញពីអំណាចផ្តាច់ការរបស់លោកហ៊ុន សែន ប៉ុន្តែលោកមិនបានបញ្ជាក់កាលបរិច្ឆេទជាក់លាក់នោះឡើយ។

ការប្រកាសវិលចូលស្រុកជាលើកទី២នេះ បន្ទាប់ពីផែនការមាតុភូមិនិវត្តន៍របស់លោកលើកទី១កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រងភាពបរាជ័យដោយសារលោកមិនអាចសម្រេចបំណងចូលមកកម្ពុជាបាន បន្ទាប់ពីរដ្ឋាភិបាលលោកហ៊ុន សែន បានបិទជើងហោះហើរមិនឱ្យ ដឹកលោក សម រង្ស៊ី ចូលស្រុក ព្រមទាំងដាក់កម្លាំង និងគ្រឿង យុទ្ធភ័ណ្ណតាមច្រកព្រំដែនគោក ជាពិសេសច្រកព្រំដែនថៃមិនឱ្យលោកអាចចូលបានឡើយ។ 

ប៉ុន្តែបរាជ័យលើកទីមួយនោះ សម្រាប់លោក សម រង្ស៊ី យល់ថាជាជោគជ័យដ៏ត្រចះត្រចង់របស់ខ្លួន ដោយបានបង្ហាញឱ្យអន្តរជាតិឃើញកាន់តែភ្លឺភ្នែកអំពីវីរៈភាពរបស់លោកនៅពេលនោះ។

យ៉ាងនេះក្តី អ្នកវិភាគខ្លះនិយាយថា ផែនការវិលចូលកម្ពុជាជាលើកទី២ នេះ គ្រាន់តែវោហារសាស្ត្រដដែលៗ ដែលធ្វើឱ្យអ្នកគាំទ្រហាក់ពុំសូវចាប់អារម្មណ៍ដូចមុននោះឡើយ ត្បិតលោក សម រង្ស៊ី នៅមិនទាន់មានយុទ្ធសាស្ត្រជាក់លាក់ និងភាពប្រាកដនិយមនៅឡើយនោះ៕  

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.