អតីតអ្នកទោសមនសិការលោក អឿ ណារិទ្ធ ត្រូវបានតុលាការសម្រេចដោះលែងវិញ

តុលាការក្រុងភ្នំពេញ បានសម្រេចដោះលែង អតីតអ្នកទោសមនសិការ ឬអ្នកទោសនយោបាយ និងជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ លោក អឿ ណារិទ្ធ វិញហើយកាលពីយប់ថ្ងៃម្សិលមិញ។

ការដោះលែងនេះ ក្រោយពេលសមត្ថកិច្ច បានចាប់ខ្លួនលោក កាលថ្ងៃទី២០ ខែកញ្ញា តាមដីការបស់តុលាការ ដោយចោទប្រកាន់លោកពីបទរួមគំនិតក្បត់ជាតិ ជុំវិញសំណុំរឿងវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩។

អតីតអ្នកជាប់ឃុំមនសិការ និងជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា លើកឡើងកាលពីយប់ថ្ងៃទី២១ ខែកញ្ញាថា លោក អឿ ណារិទ្ធ ត្រូវបានតុលាការសម្រេចដោះលែងវិញ កាលពីយប់មិញ ប៉ុន្តែត្រូវដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ តាមលក្ខខណ្ឌកំណត់មួយចំនួន។

លោក អឿ ណារិទ្ធ និងអតីតអ្នកទោសមនសិការមកពីគណបក្សសង្រ្គោះជាតិចំនួន១៣ នាក់ផ្សេងទៀតរួមទាំងលោកមាជ សុវណ្ណារ៉ាផង ធ្លាប់ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោសកាលពីថ្ងៃទី ២៧ សីហាឆ្នាំ២០១៨ តាមសំណើររបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

ពួកគេទាំង១៤នាក់នោះ ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗចន្លោះ ពី៧ ឆ្នាំ ទៅ ២០ឆ្នាំ កាលពីខែកក្កដាឆ្នាំ២០១៥ ពីបទ ចូលរួម និងដឹកនាំចលនាកុប្បកម្មដែលប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។

យ៉ាងណាសំណុំរឿងរួមគំនិតក្បត់ជាតិជុំវិញមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី លើកទី១កាលពីថ្ងៃទី៩ ខែវិច្ឆិកា ដែលឈានទៅចាប់ខ្លួនអតីតមន្ត្រីនិងសកម្មជនគណបក្សសង្រ្គោះជាតិជិត១រយនាក់នោះ ត្រូវបាន លោក ហ៊ុន សែន ប្រកាសបញ្ចប់រួចទៅហើយ និងបញ្ជាឱ្យតុលាការដោះលែងពួកគេវិញកាលពីខែវិច្ឆិកាឆ្នាំ២០១៩។ លើសពីនេះ  លោកបញ្ជាទៅអាជ្ញាធរទាំងអស់មិនត្រូវធ្វើទុក្ខបុកម្នេញ ឬចាប់ចង់ពួកគេជុំវិញសំណុំរឿងនេះទៀតឡើយ។

ប៉ុន្តែការសើរើសំណុំរឿងនេះ ត្រូវបានសមត្ថកិច្ចយកមកដាក់បន្ទុកចាប់ខ្លួន និងផ្តន្ទាទោសអតីតសកម្មជន និងមន្ត្រីបក្សសង្រ្គោះជាតិជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះ ដែលជាការផ្ទុយទាំងស្រុងទៅនឹងអ្វីដែលលោកហ៊ុន សែន ធ្លាប់សច្ចារ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.