ក្រសួងបរិស្ថានអះអាងថាខ្លួននឹងខិតខំការពារបរិស្ថានឲ្យកាន់តែប្រសើរ ប៉ុន្តែអ្នកឃ្លាំមើលនិយាយថាពួកគេនៅតែគ្មានជំនឿ

មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានអះអាងថា ពលរដ្ឋខ្មែរទាំងចាស់ ទាំងក្មេងមានកាតព្វកិច្ចចូលរួម ក្នុងការអភិរក្ស និងការពារធនធានធម្មជាតិដ៏មានតម្លៃរបស់ប្រទេស។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សៅ សុភាព លើកឡើងថា រដ្ឋាភិបាលនឹងបង្កើនការពង្រឹងប្រសិទ្ធភាពគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ការអះអាងរបស់លោក សៅ សុភាព ធ្វើឡើងក្នុងកម្មវិធីសម្ភោធបើកដំណើរការយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គម នៅទីស្តីការក្រសួងបរិស្ថាន ដែលមានការចូលរួមពីតំណាងក្រសួងក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ និងមន្រ្តីជាន់ខ្ពស់នៃទីភ្នាក់ងារជំនួយអាមេរិក USAID ព្រមទាំងស្ថានប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលមួយចំនួនផងដែរ។

លោក សៅ សុភាព បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាកំពុងបន្តគាំទ្រ និងបញ្ចូលការងារបរិស្ថាននៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរួមមាន៖ ការគ្រប់គ្រងសំណល់នៅតាមទីប្រជុំជន ការគ្រប់គ្រងធនធានធម្មជាតិ គ្រប់គ្រងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពខ្យល់ និងការលើកកម្ពស់ជីវភាពសហគមន៍ជាដើម។

ចំណែកអ្នកស្រី ឌីណា រែដេឌី នាយិកាបេសកកម្ម ទីភ្នាក់ងារជំនួយអាមេរិក USAID បានបញ្ជាក់ថា ព្រៃឈើរបស់កម្ពុជា ជាធនធានដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងការរស់នៅប្រកប ដោយ ចីរភាព ព្រមទាំងសម្រាប់ការពារវប្បធម៌ អាហាររូបត្ថម្ភ និងសម្រាប់ជាឱសថធម្មជាតិផ្សេងៗ ដែលបានផ្តល់ប្រយោជន៍ជាច្រើនដល់សហគមមូលដ្ឋាន។

ទោះជាយ៉ាងណាក៏ដោយក្រុមអ្នកឃ្លាំមើលបរិស្ថាន និងព្រៃឈើរកឃើញថា ក្រុមហ៊ុនវៀតណាមធំៗ មួយចំនួនដូចជា៖ ក្រុមហ៊ុនអង្គរ  ផ្លាយវូត ក្រុមហ៊ុន ធីង៉ាន និងក្រុមហ៊ុន ភីអិនធី ដែលទទួលលបានសិទ្ធិសម្បទានសេដ្ឋកិច្ចវិនិយោគនៅក្នុងតំបន់ព្រៃឡង់ពីរដ្ឋាភិបាល កម្ពុជាអស់រយៈពេលរាប់ឆ្នាំមកហើយនោះ បានកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើមានតំលៃមហាសាលរាប់សែនម៉ែត្រគីបទៅកាន់ប្រទេសវៀតណាមស្ទើររាល់ថ្ងៃ។ 

នៅក្នុងកម្មវិធី Idea Talk កាលពីលោក ហេង ស្រស់ សកម្មជនការពារព្រៃឈើ អះអាងថា ដែលមានជនជាតិខ្មែរ ២រូបជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនអង្គរផ្លាយវូត ក្រុមហ៊ុន ធីង៉ាន និងក្រុមហ៊ុន ភីអិនធី គឺលោក ជា ពៅ និងកញ្ញា ជា សាំងធីតា ដែលជាកូនស្រីបង្កើតរបស់លោក ជា វុទ្ធី ជាបុគ្គលិកក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាសព្វថ្ងៃនេះ។

តំបន់ព្រៃឡង់ ជាជម្រកសត្វព្រៃនិងជាតំបន់អេកូឡូស៊ីធំជាងគេក្នុងតំបន់អាស៊ាន ដែលលាតសន្ធឹងលើផ្ទៃដីជាង ៤សែន ៣ម៉ឺនហិកតាតភ្ជាប់ខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ ដែលមានជីវៈចម្រុះជិត៤០០ប្រភេទ។

អង្គការ Jesuit Service Cambodia (JSC) បានបង្ហាញរបាយការណ៍របស់ខ្លួនថា ក្នុងរយៈពេលប្រមាណ២០ឆ្នាំចុងក្រោយនេះ តំបន់ព្រៃឡង់ជាង១០ម៉ឺនហិកតា បានក្លាយជាវាលរហោឋាន ដោយរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរពីក្រុមឈ្នួញទុច្ចរិតដែលបានឃុបឃិតជាមួយអាជ្ញាធរកម្ពុជានាពេលកន្លងមក។

សារព័ត៌មាន The Cambodia Daily មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានជុំវិញបញ្ហានេះបាននៅឡើយទេ។

សារព័ត៌មានសំលេងប្រជាធិបតេយ្យ វីអូឌី បានដកស្រង់ សម្តីអ្នកសម្របសម្រួលគម្រោងព្រៃឡង់នៅកម្ពុជា លោក ម៉ើ ចាន់ដារ៉ា ថា ព្រៃឡង់កំពុងទទួលរងនូវបញ្ហាប្រឈមជាច្រើន ដូចជា ការកាប់ទន្រ្ទានដីធ្លី ការរុករករ៉ែ និងគម្រោងអភិវឌ្ឍន៍នានាក្នុងការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនធំៗ និងមានការលាងឈើកង្វក់ពីសំណាក់ក្រុមហ៊ុនផងដែរ។ ត្រង់ចំណុចនេះ លោកចង់មានន័យថា ក្រុមឈ្មួញបានកាប់ឈើចេញពីដែនជម្រកសត្វព្រៃយកទៅទុកក្នុងក្រុមហ៊ុនទាំងនោះ ដូច្នេះឈើទាំងនោះនឹងក្លាយទៅជាឈើស្របច្បាប់ទាំងអស់។

លោកបញ្ជាក់ថា ទីភ្នាក់ងារ USAID និងក្រសួងបរិស្ថាន ត្រូវបើកផ្លូវឱ្យបណ្ដាញសហគមន៍ព្រៃឡង់ និងសកម្មជនការពារបរិស្ថាន អាចចូលទៅល្បាតព្រៃបន្ត ដូចជាសកម្មភាពដែលពួកគេធ្លាប់បានធ្វើពីមុនឡើងវិញ ដើម្បីធានាបាននៅភាពគង់វង្សនៃព្រៃឈើ និងសត្វព្រៃទាំងនោះ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.