លោក កឹម សុខា បង្ហាញក្តីបារម្ភចំពោះស្ថានភាពគ្រោះទឹកជំនន់ ដែលបង្កផលប៉ះពាល់ដល់អាយុជីវិត និងទ្រព្យសម្បត្តិពលរដ្ឋ

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលពុំទាន់មានសេរីភាពពេញលេញនៅឡើយនោះ បានបង្ហាញនូវការព្រួយបារម្ភចំពោះផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀង ។

លើកឡើងលើទំព័រហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញ លោកកឹម សុខា ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តាមព័ត៌មានបានឱ្យដឹងថា មានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ជាពិសេសដូចជាក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ជាដើម ដែលស្ថានភាពបច្ចុប្បន្ននៅមិនទាន់ធូរស្រាលនៅឡើយ។

បញ្ហាគ្រោះទឹកជំនន់ នឹងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ខ្លះ ជាពិសេសគឺប៉ះពាល់ដល់អាយុជីវិត សុវត្ថិភាព ផ្ទះសម្បែង ផលដំណាំ ទ្រព្យសម្បត្តិ សត្វ និងមុខរបបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋទៀតផង។

លោក កឹម សុខា អះអាងថា ទោះបីជាលោកពុំមានលទ្ធភាពនិងសមត្ថកិច្ចក្នុងការជួយសង្គ្រោះនូវផលប៉ះពាល់នៃទឹកជំនន់នេះក៏ដោយ ប៉ុន្តែលោកសូមសម្តែងនូវសមានចិត្តចូលរួមដោយស្មោះនូវកង្វល់និងការរំលែកទុក្ខលំបាករបស់បងប្អូនជនរួមជាតិនៅតាមតំបន់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នេះផងដែរ។

លើសពីនេះ ប្រធានគណបក្សប្រឆាំងដដែល បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ ព្រមទាំងសប្បុរសជនចូលរួមជួយរំលែកទុក្ខលំបាកទាំងស្មារតី និងសម្ភារដល់បងប្អូនជនរងគ្រោះដោយទឹកជំនន់ក្នុងគ្រាលំបាកនេះ។

ដោយឡែកសហមេធាវីមួយរូប ដែលការពារក្តីឱ្យលោកកឹម សុខា គឺ លោកមេធាវី ផែង ហេង បានលើកឡើងលើគណនីហ្វេសប៊ុកថា នៅក្នុងឆ្នាំ២០២១ ខាងមុខកម្ពុជា គឺជាឆ្នាំទទួលរងផលប៉ះពាល់ពីកូវីដ១៩ផង ទទួលទណ្ឌកម្មពីសហគមន៍អឺរ៉ុប និងអាមេរិកថែមទៀត។ លោកបន្តថា ខ្មែរយើងទទួលរងគ្រោះពីឥទ្ធិពលគ្រោះធម្មជាតិផង និងពីមនុស្សផង ហើយផលប៉ះពាល់ពីគ្រោះធម្មជាតិនឹងបណ្តាលឱ្យរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងធារាសាស្ត្រយ៉ាងធ្ងន់ធ្ងរ។

មេធាវីរូបលើកឡើងទៀតថា បញ្ហានេះ សង្ឃឹមថាខ្មែរគ្រប់រូបបានយល់ ហើយងាកមកគិតសហការរួបរួមគ្នាជាធ្លុងមួយ ស្តារ និងកសាងជាតិ តាមដែលអាចធ្វើទៅបបាន។

ដោយឡែក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ដោយស្ថានភាពកម្ពុជា កំពុងបន្តទទួលឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ITCZ និងសម្ពាធទាបសកម្ម (Active Low) ដែលធ្វើឱ្យស្ថានភាពធាតុអាកាសមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើន។

បញ្ហានេះ នឹងធ្វើឱ្យបណ្តាខេត្តភាគពាយព្យ និងភាគខាងជើង ស្ថិតក្នុងភូមិសាស្ត្រជាប់ជួរភ្នំដងរែក ជួរភ្នំក្រវាញ បន្តទទួលរងនូវជំនន់ទឹកភ្លៀងជាបន្តបន្ទាប់ជាច្រើនថ្ងៃក្នុងកម្រិតពីមធ្យមទៅច្រើន។ រីឯតំបន់មាត់សមុទ្រនិងលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់បោក លាយឡំនឹងរលកសមុទ្រខ្ពស់។

ករណីនេះ លោកនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតំបន់រងគ្រោះដោយទឹកជំនន់ ត្រូវមានការប្រុងប្រយ័ត្ននិងជម្លៀសរកទីទួលមានសុវត្ថិភាព។

ទន្ទឹមគ្នានេះ លោក ហ៊ុន សែន បានបញ្ជាទៅក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ហើយដោះស្រាយការលំបាករបស់ពលរដ្ឋ ព្រមទាំងកាត់បន្ថយផលប៉ះពាល់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋផងដែរ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឱ្យដឹងថា មានមនុស្សប្រមាណ១០នាក់បានស្លាប់ និងពលរដ្ឋជិត១ម៉ឺននាក់ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដោយសារគ្រោះទឹកជំនន់នៅបណ្តារាជធានី-ខេត្ត មួយចំនួនក្នុងរយៈពេលជាង១០ថ្ងៃមកនេះ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.