លោក ស ខេង ជំរុញឱ្យមានការអនុវត្តច្បាប់ពិតប្រាដក មិនមែនធ្វើឡើងតាមមាត់បុគ្គលនោះទេ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានជំរុញឱ្យមានការអនុវត្តច្បាប់ពិតប្រាកដ ដោយលោកមិនចង់ឃើញការអនុវត្តច្បាប់មួយដែលធ្វើឡើងតាមតែមាត់បុគ្គលនោះឡើយ។

ការអះអាងនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូគណៈមេធាវីនៃព្រះរាជាណាចកម្ពុជាដឹកនាំដោយប្រធានគណៈមេធាវី លោកមេធាវី សួន វិសាល ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី១៣ ខែតុលា នៅទីស្ដីការក្រសួងមហាផ្ទៃ។

ទំព័រហ្វេសប៊ុករបស់លោក ស ខេង នៅថ្ងៃអង្គារ៍នេះ បានលើកឡើងថា ក្រសួងមហាផ្ទៃ គឺជាក្រសួងដែលធ្វើកិច្ចការពាក់ព័ន្ធនឹងច្បាប់ច្រើន ទាំងការកសាងច្បាប់ និងការអនុវត្តច្បាប់ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នដើម្បីអនុវត្តន៍ឱ្យបានត្រឹមត្រូវ។  ក្រសួងទាមទារឱ្យមានអ្នកច្បាប់មកចូលរួមជួយច្រើន ក្នុងនោះក្រសួងក៏មានក្រុមប្រឹក្សានីតិកម្ម ដើម្បីធានាថាគ្រប់កិច្ចការ គឺត្រូវតែអនុវត្តន៍តាមច្បាប់ មិនមែនទៅតាមមាត់បុគ្គលនោះទេ។

ក្នុងឱកាសនោះ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាលោក សួន វិសាល បានរាយការណ៍ជូនលោក ស ខេង ថា គិតមកដល់ពេលនេះ គណៈមេធាវីមានសមាជិកចំនួនជិត២ពាន់នាក់(១ ៧៥៦) ដែលជាសមាជិកពេញសិទ្ធិ និងមេធាវីកម្មសិក្សាចំនួនជាង៣រយនាក់(៣៤៩)។

លោកបញ្ជាក់ថា ចំនួនមេធាវីនៅកម្ពុជា ប្រសិនបើប្រៀបធៀបនឹងចំនួនប្រជាពលរដ្ឋ គឺមេធាវីម្នាក់មានទំហំនៃការផ្ដល់សេវាកម្មច្បាប់ជូន ពលរដ្ឋដល់ទៅ ១ពាន់ ៥រយ នាក់។

លោកបានលើកឡើងទៀតថា ក្នុងរយៈពេល៤ឆ្នាំកន្លងទៅនេះ គណៈមេធាវីបានទទួលរឿងក្ដី ជួយជនក្រីក្រចំនួនជាង១ម៉ឺនករណី (១៥ ៣៧៣) និងការពារកូនក្ដីទូទៅចំនួនជាង២ម៉ឺនករណី(២៣ ៤២៩) ក្នុងនោះមានស្ត្រីនិងកុមារជាង៧ពាន់នាក់( ៧ ៦០៨ ) ។

ទោះបីជាយ៉ាងណាក៏ដោយ ទាំងមតិជាតិ និងអន្តរជាតិមួយចំនួន មើលឃើញថាប្រព័ន្ធតុលាការនៅកម្ពុជា ស្ថិតនៅក្រោមឥទ្ធិពលគណបក្សកាន់អំណាច ពោលគឺគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានគេប្រើប្រាស់ជាខែលការពារអំណាចរបស់លោកហ៊ុន សែន ផង។

បន្ថែមពីនេះ អតីតអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា លោក សូរិយ៉ា ស៊ូបែរឌី ធ្លាប់ហៅប្រព័ន្ធតុលាការកម្ពុជា ថាជាឧបករណ៍នយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

អង្គការគម្រោងយុត្តិធម៌ពិភពលោក កាលពីខែកុម្ភៈបានផ្តល់ពិន្ទុឱ្យកម្ពុជាជាប្រទេសដែលមានប្រព័ន្ធយុត្តិធម៌អាក្រក់ជាងគេបំផុតក្នុងតំបន់ និងស្ទើរតែអាក្រក់បំផុតនៅក្នុងលោក ពោលគឺល្អជាងប្រព័ន្ធយុត្តិធម៌ប្រទេសវេណេហ៊្សុយអេឡា តែមួយប៉ុណ្ណោះ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.