បុគ្គលិកក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី ព្រមចូលធ្វើការងារវិញ ក្រោយមានដំណោះស្រាយជាក់លាក់

ក្រុមកម្មករដែលបម្រើការងារឱ្យក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី បានសម្រេចចូលធ្វើការវិញនៅល្ងាចពុធនេះ បន្ទាប់ពីមានដំណោះស្រាយជាក់លាក់ពីខាងក្រុមហ៊ុន ដោយមានការសម្របសម្រួលពីអាជ្ញាធរពាក់ព័ន្ធ។ 

កំណត់ហេតុរបស់អាជ្ញាធររាជធានីភ្នំពេញ ស្តីពីលទ្ធផលក្រោយការជួបប្រជុំរកដំណោះស្រាយវិវាទការងាររបស់កម្មករនៅក្រុមហ៊ុន ស៊ីនទ្រី នៅថ្ងៃទី១៤ ខែតុលានេះ បានឱ្យដឹងថា ភាគីក្រុមហ៊ុនបានឯកភាព និងបញ្ចប់កិច្ចសន្យាការងារកម្មករនិយោជិតទាំងអស់នៅត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។ លើសពីនេះ ខាងភាគីក្រុមហ៊ុន បានយល់ព្រមទទួលដោះស្រាយបើកប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិតឱ្យស្របទៅតាមច្បាប់ស្តីពីការងារ។

កំណត់ហេតុបញ្ជាក់ថា ប្រាក់ដំណាច់និងអត្ថប្រយោជន៍ផ្សេងៗដែលបានពេលបញ្ចប់កិច្ចសន្យាការងារនោះ នឹងបើកជូនកម្មករយ៉ាងយូរនៅសប្តាហ៍ទី២ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញបានអះអាងក្នុងកំណត់ហេតុនោះថា ខ្លួនជាអ្នកធានាចំនួនទឹកប្រាក់ដែលត្រូវទូរទាត់នោះ ដោយកាត់យកពីកញ្ចប់ប្រាក់សំណង សម្រាប់រំលត់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ស៊ីនទ្រី។

ប្រភពដដែលបន្ថែមទៀតថា ក្រុមហ៊ុនមិនកាត់ប្រាក់ឈ្នួលកម្មករអំឡុងពេលធ្វើកូដកម្ម ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែតុលាទេ ប៉ុន្តែលើកលែងតែថ្ងៃអាទិត្យ គឺក្រុមហ៊ុនមិនទូរទាត់ឱ្យឡើយ។ ដោយឡែកការធ្វើកូដកម្មចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែតុលានេះ ក្រុមហ៊ុនមិនផ្តល់ប្រាក់ឈ្នួលជូនឡើយ ដោយសារកម្មករធ្វើកូដកម្មខុសច្បាប់។

បន្ថែមពីនេះចាប់ពីថ្ងៃទី ១៤ ខែតុលា កម្មករនិយោជិតធ្វើកូដកម្ម ឬ បាតុកម្ម ក្រុមហ៊ុនពុំផ្តល់ប្រាក់ឈ្នួលជូនឡើយ ដោយត្រូវអនុវត្តតាមច្បាប់ការងារ។ ចំណែកក្រុមកម្មករនិយោជិតទាំងអស់បានឯកភាពថា នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីម៉ោង៣រសៀលថ្ងៃទី ១៤ ខែតុលាតទៅ តាមវេណ និងតាមក្រុមរបស់ខ្លួន។

អ្នកស្រី សន ម៉េត ជាបុគ្គលិកក្រុមហ៊ុន ស៊ីនទ្រី ត្អូញត្អែរថា ការប្រមូលផ្តុំគ្នានេះ ក្នុងគោលបំណងរង់ចាំដំណោះស្រាយពីរដ្ឋបាលរាជធានីភ្នំពេញ ដែលកម្មករបានស្នើសុំកន្លងមក ត្បិតការងាររបស់ពួកគាត់មានការប្រឈមច្រើន ទាំងបញ្ហាសុខភាព និងសុវត្ថិភាព។

អ្នកស្រីអះអាងថា ពួកគេគ្រាន់តែទាមទារតែលុយដំណាច់ឆ្នាំ លុយថ្លៃបាយ និងលុយធ្វើដំណើរប៉ុណ្ណោះ ចំណែកការប្រមូលផ្តុំនេះគឺក្នុងបំណងចង់ឱ្យអភិបាលក្រុងជួយដោះស្រាយដល់ពួកគេ។

រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសរកក្រុមហ៊ុនប្រមូលសម្រាមដែលមានសមត្ថភាព បទពិសោធ និងហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញក្រោមកិច្ចដំណើរការ និងនីតិវិធីលទ្ធកម្មតាមលក្ខណៈស្តង់ដាអន្តរជាតិ កាលពីថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។

កាលពីចុងឆ្នាំ ២០១៩ ហ៊ុន សែន លើកឡើងថាក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រីខ្វះលទ្ធភាពប្រមូលសំរាម និងធ្វើឲ្យមានការកកស្ទះធ្ងន់ធ្ងរ ដូច្នេះក្រុមហ៊ុនស៊ិនទ្រីនេះ មិនអាចធ្វើតែម្នាក់ឯងបានទៀតទេ ព្រោះវាបានបន្សល់ទុកនូវបញ្ហាជាច្រើន សម្រាប់បរិស្ថានទីក្រុង។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាលើ) លោក មឿន តុលា អះអាងថា រដ្ឋាភិបាលត្រូវតែជូនដំណឹងទៅក្រុមហ៊ុនស៊ិនទ្រីឲ្យបានច្បាស់អំពីកាលបរិច្ឆេទនៃការបញ្ចប់កុងត្រាជាមួយពួកគេជាមុនសិន ដើម្បីឲ្យក្រុមហ៊ុនជូនដំណឹងដល់កម្មករនយោជិតរបស់ខ្លួន ក៏ដូចជាការត្រៀមទូទាត់សំណងផ្សេងៗទៅកម្មករទាំងនោះផងដែរ នៅពេលដែលក្រុមហ៊ុនលែងមានសិទ្ធិទទួលកុងត្រាការងារទាំងនោះបន្តទៀត។

របាយការណ៍របស់ក្រសួងបរិស្ថានដែលចេញកាលពីចុងឆ្នាំ២០១៩ បង្ហាញថា សំរាមដែលបានបង្កើតឡើងនៅកម្ពុជាក្នុង ១ថ្ងៃៗមានជាង ១ ម៉ឺនតោន ឬស្មើនឹងជិត ៤លានតោនក្នុង ១ឆ្នាំ ហើយសំរាមទាំងនោះមាន ៦៥% ជាសំណល់សរីរាង្គ រីឯ ២០%ទៀតជាសំណល់ថង់ប្លាស្ទិក ។ ក្រុមហ៊ុនស៊ិនទ្រីជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិផ្តាច់មុខពីរដ្ឋាភិបាលកម្ពុជាដើម្បីទទួលខុសត្រូវ លើការប្រមូលសំរាម សម្អាតទីក្រុង ចាប់ពីឆ្នាំ១៩៩៦ មក៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.