ទោះមានដីកាបង្គាប់ឲ្យចាប់ខ្លួនក្តី ក៏ប៉ុន្តែឈ្មួញដីឈ្មោះ ញ៉ក់ គឹមតុង បន្តមានសេរីភាពដើរហើរពេញក្រុងព្រះសីហនុ

មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ក៏ដូចជាប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បង្ហាញចម្ងល់ថា តើហេតុអ្វីបានជាសមត្ថកិច្ចខេត្តព្រះសីហនុ មិនព្រមចាប់ខ្លួន មេក្លោងទន្ទ្រានរំលោភកាន់កាប់ដីរដ្ឋខុសច្បាប់ ឈ្មោះ ញ៉ក់ គឹមតុង មកផ្តន្ទាទោសតាមមុខច្បាប់។

ប្រភពបន្តថា រាល់ថ្ងៃនេះ គេឃើញមុខជនល្មើសឈ្មោះ ញ៉ក់ គឹមតុង នៅអាចមានសេរីភាពដើរហើយ និងសង់ផ្ទះវីឡាធំស្កឹមស្កៃ នៅតំបន់ពយម៉ាចូវ ជិតឆ្នេរអូរត្រេះ ដោយមិនញញើតសមត្ថកិច្ច ឬតុលាការនោះទេ បើទោះបីសាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្កាប់ឲ្យសមត្ថកិច្ច តាមចាប់ខ្លួនបែបណាក្តី។

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ លោក កែវ មុនី បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ ញ៉ក់ គឹមតុង ចោទពីបទកាប់រានព្រៃ ហ៊ុំព័ទ្ធ កាន់កាប់ដីព្រៃរដ្ឋ ដោយខុសច្បាប់ដែលបានប្រព្រឹត្តិនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦។

មន្ត្រីខណ្ឌរដ្ឋបាលខេត្តព្រះសីហនុ បានចោទថា បុគ្គលឈ្មោះ ញ៉ក់ គឹមតុង និងបក្ខពួកមួយចំនួនទៀត គឺជាបុគ្គល ដែលស្ថិតក្នុងចំណោមក្រុមជនល្មើស ឬឧកញ៉ាឈ្មួញដីដទៃទៀត ដែលដើរធ្វើសកម្មភាពទន្ទ្រានយកដីរដ្ឋ ធ្វើកម្មសិទ្ធិខុសច្បាប់យ៉ាងអាណាធិបតេយ្យ នៅតាមតំបន់នានា ក្នុងខេត្តព្រះសីហនុ។

យ៉ាងណាក៏ដោយចុះ គិតត្រឹមថ្ងៃទី១៤ ខែតុលានេះ ជនល្មើសឈ្មោះ ញ៉ក់ គឹមតុង ដែលចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន គឺកំពុងមានសេរីភាពដើរហើរ រាំច្រៀង ផឹកស៊ី ធ្វើជំនួញជួញដូរជាធម្មតា ជាពិសេសបានសង់វីឡាធំស្កឹមស្កៃ អញ្ជើញភ្ញៀវកិត្តយសមកចូលរួមពិធីឡើងផ្ទះ ដោយរីករាយ ហើយមិនខ្វល់នឹងដីកាចាប់ខ្លួន របស់តុលាការឡើយ។ 

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ ពលរដ្ឋបានពើបប្រទះឃើញ ឈ្មោះ ញ៉ក់ គឹមតុង បានជិះឡានទំនើបកាត់មុខកម្លាំងសមត្ថកិច្ច ធ្វើព្រងើយ នៅតាមកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ដោយមិនខ្វល់នឹងដីកាបង្កាប់ឲ្យចាប់ខ្លួន របស់តុលាកានោះទេ។

សាព័ត៌មាន The Cambodia Daily នៅមិនទាន់មានប្រភពទាក់ ឈ្មោះ ញ៉ក់ គឹមតុង ដើម្បីបំភ្លឺជុំវិញ សាលាដំបូងខេត្តព្រះសីហនុ ចេញដីកាបង្គាប់ ឲ្យសមត្ថកិច្ចតាមចាប់ខ្លួនលោក បានទេ នៅរសៀលថ្ងៃពុធ ទី១៤ ខែតុលានេះ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.