លោក កឹម សុខា ប្រាប់ឱ្យខ្មែរនាំគ្នាធ្វើរឿងជាកុសល ដោយជម្រុះចោលរឿងជម្លោះ

ប្រធានគណបក្សសង្គ្រោះជាតិ ដែលមានសេរីភាពមិនទាន់ពេញលេញនៅឡើយនោះ គឺលោក កឹម សុខា បានអំពាវនាវឱ្យខ្មែររួមគ្នាធ្វើរាល់អំពើជាកុសល ហើយអ្វីដែលជាជម្លោះ ខ្មែរយើងគួរនាំគ្នាជម្រុះចោល ទើបមានកិត្តិយស ហើយជាតិយើងនឹងរឹងមាំ។

ការលើកឡើងនេះ នាឱកាសលោក និងសហការីលោក ចុះយកស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន២០០គ្រួសារ នៅក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី ២០ ខែតុលា។

ទំព័រហ្វេសប៊ុករបស់លោក កឹម សុខា នៅថ្ងៃនេះ បញ្ជាក់ថា ជំនួយទាំងនោះជាសន្ធារប្រកបដោយទឹកចិត្តសប្បុរសធម៌ របស់ពលរដ្ឋជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស សម្រាប់ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ពេលនេះ។

ក្រៅពីថ្លែងអំណរគុណដល់សប្បុរសជនដែលជាម្ចាស់ជំនួយ មេបក្សប្រឆាំងរូបនេះក៏បានអរគុណដល់សមត្ថកិច្ច និងអាជ្ញាធរដែលសហការគ្នាក្នុងការជួយសង្រ្គោះពលរដ្ឋពេលមានគ្រោះអាសន្ន។

លើសពីនេះ លោកបានណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ និងបួងសួងឱ្យខ្មែរបានសេចក្តីសុខ  ចាកផុតទុក្ខ ដោយមិនចងពៀរវារានឹងគ្នាបន្តទៀតនោះឡើយ។ លោក កឹម សុខា ថាអ្វីដែលជាកុសល យើងគួររួមគ្នាធ្វើ ហើយអ្វីដែលជាជម្លោះយើងគួរនាំគ្នាជម្រុះចោល ដើម្បីឱ្យកិត្តិយស និងភាពរឹងមាំរបស់ជាតិ។ 

កាលពីថ្ងៃទី ១៧ ខែតុលា ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានបញ្ចេញសារជាសំឡេងណែនាំទៅកាន់ក្រុមការងារផ្ទៃក្នុង និងមន្ត្រីមូលដ្ឋានរបស់ខ្លួនថា ត្រូវបង្ករលក្ខណៈងាយស្រួលដល់ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា និង គណបក្សនយោបាយទាំងអស់ផ្សេងទៀត ដែលយកជំនួយមនុស្សធម៌ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅពេលនេះ។ លើសពីនេះ លោកថា អាជ្ញាធរ មិនត្រូវរារាំង ឬរំខានសកម្មភាពចុះជួយពលរដ្ឋរងគ្រោះពីសំណាក់គណបក្សនយោបាយក្រៅរដ្ឋាភិបាលឬ សប្បុរជននោះឡើយ។

ការណែនាំរបស់លោកហ៊ុន សែន នេះ ធ្វើឡើងក្រោយពេលអាជ្ញាធរខេត្តបន្ទាយមានជ័យ បានរារាំងសកម្មភាពចុះចែកអំណាយរបស់ប្រធានគណបក្សប្រឆាំងលោក កឹម សុខា ដល់ពលរដ្ឋរងគ្រោះក្នុងខេត្តនេះកាលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ។

ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ក្នុងស្ថានភាពជាតិ និងពលរដ្ឋកំពុងរងទុក្ខ អ្នកនយោបាយទាំងអស់គប្បីរួមគ្នាជាធ្លុងមួយ ដោយត្រូវទុក្ខរឿងនយោបាយឬ ជម្លោះមួយឡែកសិន ដើម្បីដោះស្រាយបញ្ហាជាតិចំពោះមុខ ដោយមិនត្រូវបន្តចងគំនុំគុំគួនគ្នាទៀតនោះឡើយ និងមិនត្រូវគិតពីប្រជាប្រិយភាពនយោបាយបក្សរបស់ខ្លួនហួសហេតុពេកនោះដែរ ៕ 

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.