សាលាឧទ្ធរណ៍ប្រកាសច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់សកម្មជនចលនាមាតាធម្មជាតិ

សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃអង្គារ៍នេះ បានប្រកាសច្រានចោលបណ្ដឹងសារទុក្ខចំនួន២ដាច់ដោយឡែកពីគ្នារបស់សកម្មជនចលនាមាតាធម្មជាតិទាំង៥រូប រួមមាន លោក ហ៊ុន វណ្ណៈ អ្នកនាង ឈឿន ដារ៉ាវី លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួង កែវរស្មី ។

ក្នុងបន្ទប់សវនាការ នៅព្រឹកថ្ងៃទី ២០ ខែតុលានេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង បានប្រកាសសេចក្ដីសម្រេចលើបណ្ដឹងសារទុក្ខទាំងពីរ ដោយសម្រេចច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់ពួកគេដូចគ្នា ក្រោមហេតុថា បណ្តឹងសារទុក្ខរបស់សំណុំរឿងលោក ថុន រដ្ឋាភិបាល កញ្ញា ភួន កែវរស្មី និងកញ្ញាឡុង គន្ធា ត្រូវបានធ្វើឡើងក្រោយច្បាប់អនុញ្ញាត។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាCCHR បញ្ជាក់លើទំព័រហ្វេសប៊ុកថា ក្រុមយុវជនបរិស្ថានទាំងបីរូបត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ៣ខែកញ្ញា បន្ទាប់ពីពួកគេផ្សព្វផ្សាយពីគម្រោងដើរឆ្ពោះទៅផ្ទះលោកហ៊ុន សែន ពីសំណាក់កញ្ញា ឡុង គន្ធា ដើម្បីបង្ហាញពីក្តីកង្វល់ពាក់ព័ន្ធនឹងបញ្ហាបរិស្ថានជុំវិញការអភិវឌ្ឍបឹងតាមោក ក្នុងរាជធានីភ្នំពេញ។

ដោយឡែកសំណុំរឿងសមាជិកក្រុមខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ និង អ្នកស្រី ឈឿន ដារ៉ាវី CCHR បញ្ជាក់ថាបណ្តឹងសារទុក្ខរបស់ពួកគេក៏ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះដដែលប្រកាសច្រានចោល ដោយសំអាងថា ដើម្បីសម្រួលដល់ការស៊ើបអង្កេតបន្ថែម និងបង្ការមិនឱ្យពួកគេប្រព្រឹត្តបទល្មើសតទៅទៀត។

សមាជិកក្រុមខ្មែរថាវរៈទាំងពីររូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៣ខែសីហា ពាក់ព័ន្ធនឹងការតវ៉ាឱ្យដោះលែងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ។

ពួកគេទាំង៥រូប ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសរ  ដោយតុលាការសម្រេចចោទប្រកាន់ពីបទ«ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។

កាលពីថ្ងៃទី ៩ខែកញ្ញា ក្រុមអង្គការសង្គមស៊ីវិលចំនួន៣៦ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបង្ហាញពីក្តីបារម្ភចំពោះការប្រើប្រាស់បទចោទ ញុះញង់ ដើម្បីបំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ ដែលធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។

អង្គការសង្គមស៊ីវិលទាំនោះ មានការសោកស្តាយយ៉ាងខ្លាំងចំពោះការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស អ្នកនយោបាយ សកម្មជនបរិស្ថាន និងព្រះសង្ឃជាដើម ។

ក្រុមសង្គមស៊ីវិល អំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធឲ្យទម្លាក់ចោលបទចោទប្រកាន់លើក្រុមយុវជន និងបញ្ឈប់ការគំរាមកំហែងអ្នកការពារសិទ្ធិមនុស្ស ដើម្បីធានាសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.