ទស្សនៈអ្នកនយោបាយខ្មែរ មួយចំនួនជុំវិញខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍

២៩ ឆ្នាំហើយដែលកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍២៣ ខែតុលា ឆ្នាំ១៩៩១ បានចាប់កំណើតឡើង ដែលចូលរួមដោះស្រាយបញ្ហាជាតិ និងប្រជាជនខ្មែរ ពិសេសឈានទៅបញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរនាពេលនោះ។

ព្រឹត្តិការណ៍ថ្ងៃជាប្រវត្តិសាស្ត្រដ៏សំខាន់នេះរដ្ឋាភិបាលហាក់ចង់បំភ្លេចចោល ដោយសាររដ្ឋាភិបាលបានសម្រេចលុបថ្ងៃឈប់សម្រាកបុណ្យជាតិ ថ្ងៃទី២៣ ខែតុលា ដែលធ្លាប់ឈប់រៀងរាល់ឆ្នាំនោះ ចេញពីប្រក្រតិទិនឈប់សម្រាកប្រចាំឆ្នាំវិញ។

យ៉ាងណាឱ្យតែដល់ថ្ងៃ ២៣តុលា ម្តងៗ អ្នកនយោបាយខ្មែរ បញ្ញវន្ត សង្គមស៊ីវិលតែងបង្ហាញទស្សនៈផ្សេងៗគ្នា ដោយភាគីរដ្ឋាភិបាលថាស្មារតីនៃកិច្ចព្រមព្រៀងនេះបានផុតរលត់បាត់ទៅហើយ ព្រោះខ្លឹមសារនៃកិច្ចព្រមព្រៀងនេះបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។

ប៉ុន្តែសម្រាប់គណបក្សប្រឆាំង សង្គមស៊ីវិល បញ្ញវន្តមួយចំនួនវិញបញ្ជាក់ថា ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះគ្មានថ្ងៃរលត់បានឡើយ ហើយថាការរលត់ទៅបានលុះត្រាតែភាគីជាម្ចាស់ហត្ថលេខីជិត២០ប្រទេស បានប្រជុំគ្នាដើម្បីរំលាយចោលនៃកិច្ចព្រមព្រៀងនេះ ឬមានសង្គ្រាមលោកកើតឡើងជាថ្មី ដែលឈានទៅបំផ្លាញកិច្ចព្រមព្រៀងនេះផងដែរ។

មិនខុសអ្វីពីឆ្នាំកន្លងទៅនោះទេ នៅថ្ងៃ២៣ ខែតុលា ឆ្នាំ២០២០ នេះដែលជាខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ អ្នកនយោបាយខ្មែរគណបក្សកាន់អំណាច និងគណបក្សក្រៅរដ្ឋាភិបាលមួយចំនួនក៏បានបង្ហាញពីទស្សនៈផ្សេងៗ គ្នាផងដែរ។

ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់បម្រាមតុលាការ លោក កឹម សុខា បានលើកឡើងលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីកម្ពុជា ២៣ តុលា ១៩៩១ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់កម្ពុជា ដែលមានការព្រមព្រៀងគ្នាជាអន្តរជាតិ ដោយមានសហគមន៍អន្តរជាតិជាសាក្សី។

លោកបន្តថា យើងគួរគិតពិចារណា ពិនិត្យមើលមូលហេតុ កុំឲ្យជាន់ដានអាក្រក់ ហើយយើងត្រូវវាយតម្លៃនូវអ្វីដែលយើងបានសន្យា ថាតើអ្វីដែលធ្វើបានល្អប្រសើរហើយ និងអ្វីដែលជាកាតព្វកិច្ចទាំងភាគីខ្មែរ និងអន្តរជាតិមិនទាន់បានធ្វើ ឬធ្វើមិនទាន់បានត្រឹមត្រូវពេញលេញ ដូចមានចែងក្នុងកិច្ចព្រមព្រៀងនេះ។

លោក កឹម សុខា យល់ឃើញថា គឺមានតែការរួបរួមគ្នារវាងខ្មែរនិងខ្មែរ ក៏ដូចជាសហគមន៍អន្តរជាតិ ដោយយកស្មារតីនៃកិច្ចព្រមព្រៀងនេះមកបន្តធ្វើនូវអ្វីដែលមិនទាន់សម្រេចបាន ដើម្បីឱ្យកាន់តែប្រសើរឡើង ជាជាងការយកពលរដ្ឋខ្មែរ និងទឹកដីកម្ពុជាដែលរងទុក្ខវេទនាជាច្រើនណាស់មកហើយនោះ មកបម្រើតាមមហិច្ឆតារៀងៗខ្លួនតទៅទៀត។

ដោយឡែក សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកនៅថ្ងៃនេះថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ពោលគឺកាលពី២៩ឆ្នាំមុន ភាគីទាំង៤ របស់កម្ពុជា រួមមាន រូបលោកផ្ទាល់ តំណាងឱ្យរដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ៊្វុនស៊ិនប៉ិច តំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ តំណាងដោយ លោក សឺន សាន និងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ ឬប៉ុល ពត តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពីបណ្តាប្រទេសចំនួន ១៨ រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ ដើម្បីឈានទៅបញ្ចប់សង្រ្គាមស៊ីវិល និងស្វែងរកសន្តិភាពនៅកម្ពុជា។

លោកបានរំលឹកបន្ថែមថា មុនពេលឈានដល់កិច្ចព្រមព្រៀងព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣តុលានោះ លោក ហ៊ុន សែន បានជួប ពិភាក្សាដំបូងបំផុតជាមួយអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី២ធ្នូ ឆ្នាំ១៩៨៧ នៅ FERE –En-TARDENOIS ក្នុងប្រទេសបារាំង។

លោកបន្តថា ការចរចានោះ បានចេញសេចក្តីប្រកាសរួម ហើយបន្ទាប់មកក៏មានកិច្ចចរចាបន្តទៀតជាលើកទី២ រវាងនរោត្តម សីហនុ និង ហ៊ុន សែន នៅឆ្នាំ១៩៨៨ នៅប្រទេសបារាំង និងជំនួបនៅទីតាំងផ្សេងៗមួយចំនួនទៀត។ លោកហ៊ុន សែន បញ្ជាក់ថា ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជានៅបន្ត ដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ ឬ ប៉ុល ពត។

លោកថា ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់លោក ទើបអាចបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេសបានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានGDP ក៏បានចេញសេចក្តីថ្លែងការណ៍អបអរខួបទី២៩នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍២៣តុលា ដោយបង្ហាញការដឹងគុណនិងចងចាំពីវីរភាពរបស់វីរជនខ្មែរ ស្ថាបនិក និងបណ្តាប្រទេសជាហត្ថលេខីទាំងអស់ ក្នុងការបញ្ចប់ សង្គ្រាមនៅកម្ពុជា។ សេចក្តីថ្លែងការណ៍នេះ សារទរចំពោះការអនុវត្តកិច្ចព្រមព្រៀងនេះ និងសមិទ្ធផលក្នុងការខិតខំថែរក្សាសន្តិភាព ព្រមទាំងអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅកម្ពុជាកន្លងមក។

ប៉ុន្តែគណបក្សនេះ មើលឃើញថា ការគោរពសិទ្ធិមនុស្ស និងប្រជាធិប តេយ្យនៅកម្ពុជាបច្ចុប្បន្នបានដើរប្រាសចាកច្រើនពីគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាពិសេសទាក់ទងនឹងការឱ្យមានឯកភាពជាតិ ការធានាគោរពសិទ្ធិមនុស្ស ការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស និងតុលាការឯករាជ្យជាដើម។

ជាមួយគ្នានេះ GDP អំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជា អនុវត្តស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថែរក្សា និងការពារអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹត្យភាព និងឯកភាពជាតិរបស់កម្ពុជា អនុវត្តគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ធ្វើការដោះស្រាយបញ្ហាជាតិ ដូចជា បញ្ហាទឹកជំនន់ បញ្ហាបោះបង្គោលព្រំដែន និងបញ្ហាជាច្រើនទៀត។

បន្ថែមពីនេះ ក៏ស្នើដល់គណបក្សនយោបាយទាំងអស់ ចូលរួមអនុវត្តវប្បធម៌នយោបាយថ្មី ដោយប្រកាន់យកភាពអត់ធ្មត់ និងយោគយល់ខ្ពស់ចំពោះអ្នកមានទស្សនៈនយោបាយផ្សេង និងចូលរួមលុបបំបាត់នយោបាយលាបពណ៌ ការចោទប្រកាន់គ្នាថាក្បត់ជាតិ និងជេរប្រមាថអ្នកមានទស្សនៈនយោបាយផ្សេងផងដែរ។

ដោយឡែកក្រុមអង្គការសង្គមស៊ីវិល អ្នកឃ្លាំមើលសង្គម បញ្ញវន្ត យុវជន ព្រះសង្ឃប្រជាសហគមន៍រាប់រយនាក់ ក៏បាននាំគ្នាប្រារពន្ធទិវាខួបលើកទី២៩ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍២៣ ខែតុលានៅរាជធានីភ្នំពេញនាថ្ងៃសុក្រនេះផងដែរ។

ក្នុងពិធីនោះក្រុមសង្គមស៊ីវិល តំណាងយុវជន និងអ្នកតាមដានសង្គមផង សុទ្ធតែបានលើកឡើងពីសារៈសំខាន់នៃកិច្ចព្រមព្រៀងនេះ ដែលជាមាគ៌ាដ៏សំខាន់ឈានទៅបញ្ចប់ជម្លោះខ្មែរ និងខ្មែរ ស្វែងរកសន្តិភាព ឯកភាពជាតិ អធិបតេយ្យជាតិ ព្រមទាំងការចាប់យកលទ្ធិប្រជាធិបតេយ្យជាដើម។

ពួកគេនិយាយថា កិច្ចព្រមព្រៀងនេះ នៅតែមានតម្លៃបំផុតសម្រាប់ប្រជាជាតិខ្មែរ ពិសេសការស្វែងរកដំណោះស្រាយជាតិ និងបញ្ចៀសការរំលោភបំពានពីបរទេស បើទោះពីជាខ្លឹមសារនៃកិច្ចព្រមព្រៀងនេះខ្លះត្រូវបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញក្តី។ 

ក្រុមអង្គការសង្គមស៊ីវិល និងអ្នកចូលរួមប្រារព្ធខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ បានស្នើឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដាក់បញ្ចូលថ្ងៃ២៣ តុលា ជាថ្ងៃឈប់សម្រាកបុណ្យជាតិ ក្នុងប្រក្រតិទិន ដូចបណ្តាឆ្នាំមុនៗឡើងវិញ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.