សកម្មជនដីធ្លី២នាក់នៅខេត្តកំពង់ឆ្នាំង ត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺតាមបណ្តឹងរបស់ក្រុមហ៊ុន អ្នកមានអំណាច

តុលាការខេត្តកំពង់ឆ្នាំងចេញដីកាបង្គាប់សកម្មជនដីធ្លីនៅខេត្តកំពង់ឆ្នាំចំនួន២នាក់ ត្រូវឱ្យចូលខ្លួនបំភ្លឺជុំវិញសំណុំរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនខេឌីស៊ី (KDC) របស់អ្នកស្រី ជា ខេង ភរិយារបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម។

កាលពីថ្ងៃទី ១៣ខែតុលា ចៅក្រមស៊ើបសួរនៃតុលាការខេត្តកំពង់ឆ្នាំង លោក សុខ ឧត្តម បានចេញដីកាបង្គាប់ឱ្យសកម្មជនដីធ្លីនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងចំនួន២នាក់ រួមមាន លោករាជ សីម៉ា ហៅញ៉េន និងលោក ញឹម ញឿន អោយចូលខ្លួននៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ២០២០ ជាកំហិត។

ការបង្គាប់ឱ្យចូលខ្លួនបំភ្លឺនេះ ដោយក្នុងដីកាដែលសាមីខ្លួនទើបនឹងទទួលបាននៅដើមខែវិច្ឆិកានេះបញ្ជាក់ថា ពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទប្រឆាំងរាជការសាធារណៈមានស្ថានទម្ងន់ទោស និងបទធ្វើឱ្យខូចខាតដោយចេតនា ដែលប្រព្រឹត្តឡើងកាលពីខែឧសភា ឆ្នាំ២០១៣។

យ៉ាងណាសហគមន៍ឡពាង បានលើកឡើងនៅលើបណ្តាញហ្វេសប៊ុកថាការកោះហៅសកម្មជនដីធ្លីនេះ ជារឿងអយុត្តិធម៌ណាស់ ព្រោះពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់សោះឡើយ។ ប៉ុន្តែបែរជាតុលាការរបស់ ក្រុមហ៊ុន KDC ចោទប្រកាន់មិនមានការពិត។

សហគមន៍ឡពាង បានចោទជាសំណួរ តើហេតុអ្វីបានជាតុលាការនៅតែចោទប្រកាន់មកលើពួកគាត់ទៀត ខណៈបណ្ដឹងរបស់ពួកគាត់ដែលបឹ្តងក្រុមហ៊ុនរបស់ភរិយាអ្នកមានអំណាចនៅកម្ពុជាមួយនេះ  ដែលបានឈូសឆាយផ្ទះនិងប្លន់យកដីរបស់ពួកគាត់ តុលាការមិនដែលយកមកចាត់ការនោះឡើយ បើទោះបីជាសំណុំរឿងនេះកើតឡើងអស់រយៈពេលប្រមាណ២០ ឆ្នាំទៅហើយក្តី។

ប្រភពដដែលបន្តថា រីឯក្រុមគ្រួសាររបស់សកម្មជនដីធ្លីទាំងនេះ ត្រូវបានតុលាការចោទប្រកាន់គ្រប់គ្នា ដូចជាអ្នកស្រី អ៊ុំ សុភី ត្រូវជាប្រពន្ធលោក ញឹម ញឿន និង អ្នកស្រីអូន ទុំ ត្រូវជាម្ដាយក៏ត្រូវបានតុលាការចាប់ដាក់គុកដោយអយុត្តិធម៌ផងដែរ។

លើសពីនេះទៀត មានសមាជិកគ្រួសារសកម្មជនដីធ្លីនៅភូមិឡពាងខ្លះទៀត ត្រូវបានគេបើកឡានដេញបុករហូតដល់ស្លាប់ រីឯផ្ទះសំបែងត្រូវក្រុមហ៊ុនKDC ឈូសឆាយអស់កាលពីឆ្នាំ២០០៨។

ប្រជាសហគមន៍ឡពាងរំលឹកថា កាលពីឆ្នាំ២០១៣ ក្រសួងបានលួចចុះមកវាស់វែងដីរបស់ពួកគាត់ ប៉ុន្តែពលរដ្ឋបានឃាត់មិនឲ្យវាស់វែង ក៏ស្រាប់តែអាជ្ញាធរបែរជាមកប្ដឹងពលរដ្ឋដែលជាម្ចាស់ដី ថារារាំងមន្ត្រីសាធារណៈទៅវិញ។ បញ្ហានេះ ពលរដ្ឋបានចាត់ទុកថាជាអំពើ អយុត្តិធម៌ ចំពោះពលរដ្ឋដែលទន់ខ្សោយ។

ទំនាស់ដីធ្លីរវាងពលរដ្ឋជិត១០០គ្រួសារ ជាមួយក្រុមហ៊ុន ខេឌីស៊ី (KDC) របស់លោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើទំហំដីជិត២០០ហិកតា(១៨៣)បានកើតឡើងតាំងពីឆ្នាំ២០០៦ មកម្ល៉េះ ហើយទំនាស់នេះពួកគាត់បានឡើងមកតវ៉ានៅរាជធានីភ្នំពេញ ជាច្រើនលើកច្រើនសាមកហើយ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍បញ្ហាដីធ្លី និងទាមទារឲ្យតុលាការទម្លាក់ចោលបទចោទទៅលើតំណាងរបស់ពួកគាត់។

ប៉ុន្តែមកទល់ពេលបច្ចុប្បន្នសំណុំរឿងវិវាទដីធ្លីរវាងពលរដ្ឋ ជាមួយក្រុមហ៊ុនគ្រួសារអ្នកមានអំណាចនៅកម្ពុជានេះនៅមិនទាន់បានបញ្ចប់ជាស្ថាពរនៅឡើយទេ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.