សហរដ្ឋអាមេរិកថា មច្ឆាជាតិនៅកម្ពុជាប្រឈមការនេសាទហួសកម្រិត និងការបាត់បង់ជម្រក

សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួននៅកម្ពុជា បានអះអាងថា ធនធានមច្ឆាជាតិ ឬត្រី នៅកម្ពុជាកំពុងប្រឈមនឹងការនេសាទលើសកម្រិត និងការបាត់បង់ជម្រក។

ទំព័រហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី ២៤ខែវិច្ឆិកានេះ បានលើកឡើងថា ជាមួយដៃគូអភិរក្សរបស់អាមេរិក ឯកអគ្គរដ្ឋទូតប្រទេសមហាអំណាចលោកសេរីប្រចាំកម្ពុជា លោក Patrick Murphy  បានចូលរួមលែងពូជត្រី ដែលជិតផុតពូជចំនួន២ពាន់ក្បាល ដោយរួមទាំងត្រីគល់រាំង ដែលជាប្រភេទត្រីតំណាងអត្តសញ្ញាណឱ្យកម្ពុជាទៀតផង។

សហរដ្ឋអាមេរិក សង្កេតឃើញថា ធនធានត្រីនៅកម្ពុជាប្រឈមនឹងការនេសាទលើសកម្រិត និងការបាត់បង់ជម្រកកាន់តែធ្ងន់ធ្ងរ ប៉ុន្តែ វីរបុរសគឺ ទន្លេមេគង្គកំពុងតែជួយការពារប្រព័ន្ធបរិស្ថានអេកូឡូស៊ី។

ប្រជានេសាទនៅតំបន់បឹងទន្លេសាប និងទន្លេមេគង្គ តែងនាំគ្នានិយាយថា ធនធានត្រីនៅកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ កាន់តែខ្សត់ៗទៅ រហូតដល់ឆ្នាំខ្លះពួកគាត់ដាច់បាយម្តងម្កាល ព្រោះតែរកត្រីយកទៅលក់ដូរមិនបាន។

មនុស្សចាស់ៗនិយាយថា ទិន្នផលត្រីកាន់តែហិនហោចទៅៗពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសចាប់តាំងពីនិគមន៍ជនវៀតណាម ហូរចូលមករស់នៅកម្ពុជាក្រោយរបបខ្មែរក្រហម មកទល់ពេលបច្ចុប្បន្ន។

បឹងទន្លេសាប ដែលជាបឹងសម្បូរធនធានមច្ឆាជាតិជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ក្លាយជាបឹងខ្សត់ត្រី ហើយត្រីជាច្រើនប្រភេទបានផុតពូជ និងខ្លះទៀតប្រឈមនឹងការផុតពូជថែមទៀតផង។

ប្រជានេសាទលក្ខណៈគ្រួសារនៅតំបន់បឹងទន្លេសាប និងទន្លេមេគង្គជាច្រើន បានត្អូញត្អែរពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងជាលក្ខណៈទ្រង់ទ្រាយធំ ពីសំណាក់អន្តោប្រវេសន៍វៀតណាម ដោយឧបករណ៍និយមប្រើចុងក្រោយនេះ គឺអួនឆក់ត្រជាក់ ដែលមានកម្លាំងចាប់យកត្រីទាំងធំទាំងតូចយ៉ាងច្រើន។

លើសពីនេះ បឹងទន្លេសាប និងបឹងធម្មជាតិជាច្រើនកាន់តែរីងរាក់ រីឯព្រៃលិចទឹករងការបំផ្លិចបំផ្លាញជារៀងរាល់ឆ្នាំ ដូចជាការឈូសឆាយ និងដុតរានយកដីធ្វើចម្ការ និងធ្វើស្រែជាដើម។

លើសពីនេះ ធនធានមច្ឆាជាតិកម្ពុជា ក៏ប្រឈមនឹងការផុតពូជ ដោយសារការសាងសង់ទំនប់វារីអគ្គិសនីផ្នែកខាងលើនៃទន្លេមេគង្គ ជាច្រើនកន្លែង ដែលធ្វើចរន្តទឹកទន្លេមេគង្គមានការប្រែប្រួល លែងទៀងទាត់ដូចពីដើមឡើយ។

ប្រជានេសាទ ធ្លាប់បានបង្ហាញក្តីបារម្ភថា ប្រសិនបើរដ្ឋាភិបាលគ្មានវិធានការទប់ស្កាត់ការនេសាទដែលខុសច្បាប់ និងហួសកម្រិតនេះ ព្រមទាំងមិនមានវិធានការទប់ស្កាត់ចំពោះការថយចុះនៃទិន្នផលត្រីនាពេលបច្ចុប្បន្ននេះទេ ពូជត្រីនៅកម្ពុជាដែលនៅសេសសល់នឹងប្រឈមក្តីវិនាសបន្ថែមទៀតមិនខានឡើយនៅពេលខាងមុខ ដែលនឹងធ្វើឱ្យជីវភាពប្រជានេសាទខ្មែររាប់ម៉ឺនគ្រួសារប្រឈមនឹងភាពអត់ឃ្លានជាក់ជាមិនខាន៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.