លោក ហ៊ុន សែន កាត់ដីគម្របព្រៃឈើខេត្តព្រះសីហនុឲ្យទៅកូនស្រីបង្កើតរបស់ខ្លួនធ្វើជាកម្មសិទ្ធិក្នុងទំហំដីរាប់សិបហិកតា

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន សម្រេចកាត់ដីទំហំ រាប់សិប ហិកតា ចេញពីបរិវេណគម្របព្រៃឈើ ឲ្យទៅកូនស្រីបង្កើតរបស់ខ្លួន និងបក្សពួកដែលជាមន្ត្រីគ្រាក់ៗ ក្នុងក្រសួង និងស្ថាប័ន មួយចំនួនរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិដោយស្របច្បាប់ កាលពីខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។

លោក ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យលេខ១០៩ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០  បានសម្រេច កាត់ឆ្វៀលដីទំហំប្រមាណជាង ៤០ហិកតា ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតក្នុងភូមិចំណោតរាម ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីប្រគល់ឲ្យសាច់ញាតិ និងមន្ត្រីរបស់ខ្លួនធ្វើជាកម្មសិទ្ធិ។

មាត្រា ២ នៃអនុក្រឹត្យដដែលនោះ បានចែងថា ដីទំហំជាង ៤០ ហិកតា ដែលស្ថិតក្នុងខេត្តព្រះសីហនុនេះ នឹងត្រូវផ្តល់ជូនជាកម្មសិទ្ធិ ដល់អ្នកស្រី ហ៊ុន ម៉ាណា និងអ្នកស្រី ហ៊ុន ម៉ាលី ដែលជាកូនស្រីបង្កើតរបស់លោក ហ៊ុន សែន លោក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋាននគរបាលការពារនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងអ្នកស្រី ញឹម យន់ស្រ៊ីម ជាភរិយា ព្រមទាំងមន្ត្រីរដ្ឋាភិបាល ៣រូបផ្សេងទៀតផងដែរ។

អនុក្រឹត្យដដែលនេះបាន សម្រេចឲ្យរដ្ឋមន្ត្រីក្នុងបណ្តារក្រសួងពាក់ព័ន្ធមួយចំនួន ដូចជា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក ជាសុផារ៉ា និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ព្រមទាំងក្រសួងដទៃផ្សេងទៀត ក្នុងនោះមានគណអភិបាលខេត្តព្រះសីហនុផងដែរ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចអនុក្រឹត្យនេះ។

អនុក្រឹត្យនេះធ្វើឡើង ដើម្បីកាត់ឆ្វៀលដីទំហំ ៤៤ហិកតា ៣៩អា និង៩១សង់ទីអា ចេញពីដែនគម្របព្រៃឈើ ខេត្តព្រះសីហនុ ស្រុកព្រៃនប់ ឃុំបិតត្រាំង ក្នុងភូមិ ចំណោតរាម ឲ្យទៅជាកម្មសិទ្ធិឯកជន កាលពីពាក់កណ្តាល ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។

កាលពីឆ្នាំ២០១៧ លោក ហ៊ុន សែន បានបញ្ជារឲ្យមន្ត្រីអាជ្ញាធរខេត្តព្រះសីហនុ ត្រូវនាំគ្នាថែរក្សាការពារតំបន់គម្របព្រៃឈើឆ្នាំ២០០២ ក្នុងខេត្តនេះ ឲ្យបានគង់វង្ស ជៀសវាងការកាប់បំផ្លាញពីជនខិលខូច និងការរំលោភទន្ទ្រានពីក្រុមហ៊ុនឯកជននានា ដើម្បីទុកបម្រើវិស័យទេសចរណ៍ដែលចូលមកក្នុងខេត្តនេះ។

ទាក់ទិនបញ្ហានេះ សារព័ត៌មានសំលេងប្រជាធិបតេយ្យ VOD បានដកស្រង់សម្តី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី អះអាងថា រដ្ឋាភិបាលកម្ពុជាគួរតែធ្វើការបង្ហាញ និងផ្ដល់ព័ត៌មានដល់ ពលរដ្ឋឱ្យបានដឹងសិន មុននឹងកាត់ឆ្វៀលដីនោះចេញពីដែនគម្របព្រៃឈើ ប្រគល់ទៅឱ្យក្រុមហ៊ុនឯកជន ឬបុគ្គលកណាម្នាក់ធ្វើជាកម្មសិទ្ធិ។

ជាងនេះទៀត លោកបញ្ជាក់ថា រដ្ឋាភិបាលក៏គួរបញ្ជាក់ឱ្យច្បាស់ថា ដីដែលកាត់នោះ មានការដោះដូរពីកន្លែងផ្សេងឬអត់ ត្បិតពលរដ្ឋអាចមានចម្ងល់ និងតែងសាកសួរអំពីភាពមិនប្រក្រតីផ្សេងៗ ពាក់ព័ន្ធនឹងការផ្ដល់កម្មសិទ្ធិនេះ ជាពិសេសពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់នោះ។

កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលលោក ហ៊ុន សែន បានចេញអនុក្រឹត្យលេខ ៨២ អនក្រ.ប.ក បានកាត់តំបន់គម្របព្រៃឈើឆ្នាំ ២០០២ជាង ៦០០ ហិកតា ស្ថិតនៅ ឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឱ្យទៅជាកម្មសិទ្ធិរបស់លោកឧកញ៉ា ២រូប ដែលត្រូវជាបងប្អូររបស់ លោក ឧកញ្ញា លី យ៉ុងផាត់ និងជាប្រធានក្រុមហ៊ុន ដឺព្រេមៀ លែន (The Premiere Land Co Ltd) ដើម្បីធ្វើការអភិវឌ្ឍ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.