បណ្តាញសាព័ត៌មានអន្តរជាតិចាត់ទុកកម្ពុជា ជាប្រទេសកំពុងអនុវត្តរបបកុម្មុនីស ហើយបន្តចាប់ខ្លួនក្រុមបក្សប្រឆាំងគ្មានទីបញ្ចប់

បណ្តាញផ្សាយព័ត៌មានមួយចំនួនអះអាងថា ការប្រើពាក្យ បដិបក្ខជន របស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ ទៅលើមន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង និងសកម្មជននយោបាយ ព្រមទាំងសកម្មជនការពារសិទ្ធិមនុស្ស ដែលនឹងត្រូវឡើងសវនាការនាពេលខាងមុខនេះ គឺជាការបញ្ជាក់ថា របបនយោបាយនៅកម្ពុជាសព្វថ្ងៃ ជារបបផ្តាច់ការ ឬជារបបកុម្មុយនីស្ត យ៉ាងជាក់ច្បាស់។

ទីភ្នាក់ងារសាព័ត៌មាន Associated Press បានចុះផ្សាយ កាលពីពាក់  កណ្តាលខែ វិច្ឆិកា ឆ្នាំ២០២០ នេះ ដោយប្រើពាក្យ បដិបក្ខជន ឬdissident ដើម្បីហៅ ពលរដ្ឋខ្មែរ ដែលកំពុងប្រឈមនឹង ដីកាកោះហៅ របស់តុលាការកម្ពុជា ឲ្យចូលខ្លួននៅថ្ងៃទី២៦ វិច្ឆិកា ខាងមុខ ក្រោមបទចោទ ថាបានប្រព្រឹត្តអំពើក្បត់ និងញុះញង់បង្ករភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

អ្នកវិភាគនយោបាយចាស់វស្សា បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរនៅក្នុងទំព័រហ្វេសប៊ុក របស់លោកនៅថ្ងៃទី២៤ វិច្ឆិកា នេះ ថា ពាក្យបដិបក្ខជន ត្រូវបានគេហៅចំពោះក្រុមដែល តែងរិះគន់ តិទៀន ឬប្រឆាំងដោយសន្តិវិធី ទៅនឹងការដឹកនាំរបស់រដ្ឋាភិបាលដែលប្រកាន់របបកុម្មុនីយ តែប៉ុណ្ណោះ។

លោក ហ៊ុន សែន កាលពីខែតុលា បានគំរាមថា ដើម្បីការពារសន្តិភាពជូនជាតិមាតុភូមិ ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ លោកនឹងមិនរួញរា ជាដាច់ខាត ប្រសិនបើពួកអ្នកតវ៉ាចេញមក១ លោកនឹងវៃ ១ បើចេញមក២ គឺវៃ ២ គ្មានករណីលើកលែងនោះទេ។

យ៉ាងនេះក្តី សមាជិកសភាឯកបក្សរបស់លោក ហ៊ុន សែន បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៩ វិច្ឆិកា ថា បើទោះបីជា លោក ហ៊ុន សែន គម្រាមថា ចេញ១វៃ១ យ៉ាងណាក៏ដោយ នោះគឺគ្រាន់តែជាការបញ្ជាក់ពីការប្តេជ្ញាចិត្ត ដើម្បីប្រឆាំងសកម្មភាពដែលអាចនឹងបង្ករអន្តរាយដល់ សណ្តាប់ធ្នាប់សង្គម សន្តិភាព ស្ថេរភាព និងសន្តិសុខ ដែលកម្ពុជារកបានមកដោយលំបាកតែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD) លោក ទូច វិបុល បានអះអាងថា ដើម្បីការពារការអំណាច ផលប្រយោជន៍ សម្រាប់ក្រុមគ្រួសារ និងបក្ខពួកខ្លួន លោក ហ៊ុន សែន មិនញញើតនឹង ប្រើវិធីបង្ក្រាបទៅលើសកម្មជនការពារសិទ្ធិមនុស្ស សកម្មជនបក្សប្រឆាំង សង្គមស៊ីវិល និងអ្នកសារព័ត៌មាន ទាំងអស់នោះឡើយ។

ចំណែក នាយិការប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្បុជា អ្នកស្រី ចក់ សុភាព បានអំពាវនាវ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លូន នៅថ្ងែទី២៤ វិច្ឆិកា ព្រឹកម៉ិញនេះថា សិទ្ធិមនុស្ស ត្រូវអនុវត្តចំពោះមនុស្សគ្រប់រូប គ្រប់ទីកន្លែង ជាមួយនឹងគុណធម៌ក្នុងភាពជាមនុស្ស សូមសាធារណៈជនក្រោកឈរឡើងដើម្បីសិទ្ធិសេរីភាព និងធានាបាននូវសិទ្ធិពេញលេញ។

កាលពីដើមខែតុលា ឆ្នាំ២០២០ នេះ  អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres  បានលើកឡើងអំពីរបាយការណ៍ប្រចាំឆ្នាំ ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្តីពី ការបំភិតបំភ័យយ៉ាងធ្ងន់ធ្ងរ និងធ្វើការសងសឹកប្រឆាំងនឹងអ្នកដែលបានសហការជាមួយអង្គការសហប្រជាជាតិ ក្នុងវិស័យសិទ្ធិមនុស្សនៅកម្ពុជា៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.