ពលរដ្ឋខេត្តព្រះសីហនុ រិះគន់លោក ចេង ស្រុង ដែលចេញប័ណ្ណកម្មសិទ្ធដីធ្លី ជូនលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ប្រើពេលឆាប់រហ័ស

ពលរដ្ឋខេត្តព្រះសីហនុ បង្ហាញការហួសចិត្ត ចំពោះការអនុវត្តការងារ របស់ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដែលបានចេញប្លង់ ឬប័ណ្ណកម្មសិទ្ធដីធ្លីជូន លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រែសណីយ៍ និងទូរគមនាគមន៍បច្ចុប្បន្ន យ៉ាងឆាប់រហ័ស និងមានទំហំផ្ទៃដី រហូតជិត ១២០ហិកតា (ជាង១១៩ហិកតា) មានទីតាំងនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាមឯកសារដែលប្រជាពលរដ្ឋផ្តល់ជូន The Cambodia Daily តាម Messenger ហ្វេសប៊ុក ឲ្យដឹងថា ប័ណ្ណកម្មសិទ្ធដីធ្លីខាងលើនេះ លោក ចេង ស្រុង ផ្តល់ជូនឈ្មោះ ជា វ៉ាន់ដេត និងអ្នកពាក់ព័ន្ធ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ខណៈដីសង់លំនៅដ្ឋាន និងដីកសិកម្ម របស់ពួកគាត់ មានទំហំផ្ទៃដីតិចតួច និងអាស្រ័យផលជាក់ស្តែងចន្លោះពី០៥ ទៅជាង ២០ឆ្នាំទៅហើយ នៅឡើយមិនទាន់ត្រូវបានប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ឈ្មោះ ចេង ស្រុង ចេញប័ណ្ណកម្មសិទ្ធជូននៅឡើយទេ។

ពលរដ្ឋ មានចម្ងល់ថា ចំពោះការចេញប្លង់ ឬប័ណ្ណកម្មសិទ្ធដីធ្លី ជូនបុគ្គល ជា វ៉ាន់ដេត តើលោក ចេង ស្រុង បានអនុវត្តស្របតាមនីតិវិធីច្បាប់ដែរឬទេ ឬមួយក៏មានការបង្ខិតបង្ខំពីមន្ត្រីថ្នាក់ដឹកនាំ របស់ខ្លួន ឬអាចមានសំណូកពុករលួយ ជាថ្នូរចេញប័ណ្ណកម្មសិទ្ធដីធ្លីបានឆាប់រហ័ស ដែលនាំឲ្យពលរដ្ឋ និងសាធារណជន មានការភ្ញាក់ផ្អើលស្ទើរមួយចំហៀងខេត្តព្រះសីហនុ បែបនេះ។

ពួកគេ រិះគន់ថា ការផ្តល់ប័ណ្ណកម្មសិទ្ធដីធ្លី ជូនពលរដ្ឋ របស់ លោក ចេង ស្រុង ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ គឺមិនមានលក្ខណៈ ស្មើភាពគ្នាទេ ចាប់តាំងពីលោក ចេង ស្រុង បានផ្លាស់មកដឹកនាំជាប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ជំនួសអតីតប្រធានមន្ទីរមុន គឺលោក នួន ប៉ុក ដែលត្រូវអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន ចោទពីបទក្លែងបន្លំឯកសារ និងប្រព្រឹត្តអំពើពុករលួយ ហើយត្រូវបានតុលាការផ្តន្ទាទោសដាក់ព័ន្ធនាគារចំនួន ០៧ឆ្នាំ ក្នុងពេលថ្មីៗនេះ។

ក្រុមសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គម ប្រចាំខេត្តព្រះសីហនុ ក៏សម្តែងការហួសចិត្តចំពោះសកម្មភាពអនុវត្តការងារ របស់ លោក ចេង ស្រុង ដែលបានចេញប័ណ្ណកម្មសិទ្ធដីធ្លី ជូនលោករដ្ឋមន្ត្រី ជា វ៉ាន់ដេត មានទំហំផ្ទៃដីរាប់រយហិកតា បានលឿនបំផុត។

ខណៈប្រជាពលរដ្ឋ រដ្ឋនៅខេត្តព្រះសីហនុ រាប់ពាន់ រាប់ម៉ឺនគ្រួសារ ដែលបានសង់ផ្ទះរស់នៅ និងអាស្រ័យផល លើដីជាក់ស្តែង ស្របតាមច្បាប់ភូមិបាលកម្ពុជា ប៉ុន្តែបែរជា លោក ចេង ស្រុង ចេញប្លង់កម្មសិទ្ធ មិនព្រមចេញប្លង់កម្មសិទ្ធ ឬចេញប្លង់កម្មសិទ្ធ ជូនប្រជាពលរដ្ឋយឺតយ៉ាវទៅវិញ។

ចំណុចនេះ ប្រជាកសិកររស់នៅខេត្តព្រះសីហនុ បានសំណូមពរដល់ លោក ហ៊ុន សែន ឲ្យជួយពិចារណា និងបញ្ជូនមន្ត្រីស្អាតស្អំ ចុះអង្កេតទៅលើសកម្មភាពការងារ មានភាពមិនប្រក្រតី របស់លោក ចេង ស្រុង ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ឲ្យបានឆាប់ផងចុះ។

យ៉ាងណាក៏ដោយចុះ The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទង លោក ចេង ស្រុង ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ដើម្បីបំភ្លឺលើការចេញប័ណ្ណកម្មសិទ្ធដីធ្លី ជូនឈ្មោះ ជា វ៉ាន់ដេត មានទំហំផ្ទៃដីជាង ១១៩ហិកតា នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានទេ នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.