អ្នកវិភាគយល់ស្របនឹងសម្តីលោក ហ៊ុន សែន ថាកុំធ្វើនយោបាយកម្ចាត់ ត្រកូលហ៊ុន តែត្រូវនាំគ្នាផ្លាស់ប្តូរអំណាចត្រកូលហ៊ុន

អ្នកវិភាគនយោបាយនៅក្រៅប្រទេស ព្រមានថា បើធ្វើនយោបាយកម្ចាត់ ឬប្រហារគ្រួសារត្រកូលហ៊ុន គឺពិតជាមិនអាចឈ្នះលោក ហ៊ុន សែន បានទេ ដោយសារពុំមានអ្នកនយោបាយណាម្នាក់មានសមត្ថភាព ខាងល្បែងទុច្ចរិត ល្បិចកល ប្រើហិង្សា លួចវាយប្រហារ ដូចលោក ហ៊ុន សែន ធ្លាប់បានធ្វើយ៉ាងស្ទាត់ជំនាញរហូតអាចដឹកនាំរដ្ឋាភិបាលដោយឯកបក្សបាននោះ។

អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បានបង្ហោះសារក្នុងគណនីហ្វេសប៊ុករបស់លោក ថា សូមកុំប៉ុនប៉ងប្រើវិធីផ្តួលរំលំ ត្រកូលហ៊ុន ប៉ុន្តែត្រូវរកគន្លឹះផ្លាស់ប្ដូរអំណាចអាជ្ញាទំនើងដុះស្លែរបស់ ត្រកូលហ៊ុន ដែលកំពុងបង្ករគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិវិញ។

លោក អះអាងថា ការផ្លាស់ប្ដូរអំណាច ត្រកូលហ៊ុន គឺជាគោលដៅនាំឲ្យកម្ពុជា ឈ្ពោះទៅកាន់សេចក្ដីសុខចម្រើន ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពិតប្រាកដ។

លោកបន្តថាគ្រួសារ ត្រកូលហ៊ុន ក៏នឹងបានរស់សុខជួបជុំគ្រួសារខ្មែរ ដោយសារនយោបាយផ្សះផ្សា និងអនុគ្រោះនេះដែរ ហើយនេះក៏ជានយោបាយ « ឈ្នះ ឈ្នះ » ទាំងអស់គ្នា និងចំណេញដល់ជាតិទាំងមូល។

លោក គឹម សុខ បញ្ជាក់ថាពលរដ្ឋខ្មែរ ជាពុទ្ធសាសនិកជន ដែលបតិបត្តិតាមមាគាព្រះធម៌ មិនដែលត្រូវបានពង្វក់ដោយមនោគមវិជ្ជានយោបាយសងសឹកនោះទេ។ ដូច្នេះលោក ហ៊ុន សែន ត្រូវតែភ្ញាក់រឭកថា ដំណោះស្រាយនយោបាយដែលឆ្លាតវៃសម្រាប់ប្រទេសជាតិ គឺការស្រុះស្រួលដោយសុឆន្ទៈ និងការតម្កល់ប្រយោជន៍ជាតិជាធំ។

ការរិះគន់នេះធ្វើឡើងក្រោយ លោក ហ៊ុន សែន អះអាងនៅវិមានសន្តិភាព កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោកមិនស្វាគមន៍ការធ្វើនយោបាយ កម្ចាត់ត្រកូលហ៊ុនទេ ប៉ុន្តែលោកស្វាគមន៍ចំពោះការបង្រួបបង្រួមនយោបាយដើម្បីខ្មែរទាំងអស់គ្នា។

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន អះអាង នៅក្នុងពិធីសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ មេធាវីស្ម័គ្រចិត្ត ថា គ្មានអ្នកអាចមានសមត្ថភាពដណ្តើមតំណែងនាយករដ្ឋមន្ត្រីកម្ពុជាពីរូបលោកបានទេ។

ជាងនេះទៀត អ្នកទាំងនោះបានត្រឹមតែអាចហែរហមលោកតែប៉ុណ្ណោះ តែមិនអាចជំនួសរូបលោកបានឡើយ ហើយរូបលោកផ្ទាល់ក៏មិនទាន់ចង់ចុះចេញពីអំណាចក្នុងឋានៈជានាយករដ្ឋមន្ត្រីនេះដែរ។

យ៉ាងណាកន្លងមក ក្រុមសកម្មជនការពារសិទ្ធិមនុស្សនិងអ្នកឃ្លាំមើលសង្គម ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ងាកមកគោរពរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដោយត្រូវគោរពសិទ្ធិមនុស្ស និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីរកដំណោះស្រាយវិបត្តិនយោបាយ និងសេដ្ឋកិច្ច ដែលកម្ពុជាកំពុងរងទណ្ឌកម្មដូចសព្វថ្ងៃនេះ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.