តុលាការផ្តន្ទាទោសអតីតមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមាន ជ័យ ២ រូប ជុំវិញការប្រើហិង្សាលើពលរដ្ឋរហូតដល់ស្លាប់

អតីតមេបញ្ជាការរងកងរាជអាវុធហត្ថមួយរូប និងមន្ត្រីកងរាជអាវុធហត្ថមួយរូប ខេត្តបន្ទាយមានជ័យ ត្រូវបានតុលាការខេត្តបាត់ដំបងសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់រយៈពេល៤ឆ្នាំ និងម្នាក់ទៀតរយៈពេល៧ឆ្នាំ ព្រមទាំងផ្តល់សំណងទៅដើមបណ្តឹងមួយចំនួន។

ការសម្រេចនេះ ក្នុងសំណុំរឿងប្រើប្រាស់ហិង្សាទៅលើតំណាងពលរដ្ឋមានជម្លោះដីធ្លី៥នាក់ រហូតធ្វើឱ្យតំណាងម្នាក់បាត់បង់ជីវិតក្នុងពេលធ្វើទារុណកម្មពីសំណាក់មន្ត្រីកងរាជអាវុធហត្ថកាលពីចុងឆ្នាំ២០១៩។ អតីតមន្ត្រីកងរាជអាវុធហត្ថទាំងពីររូបនោះ រួមមានលោក ស ប៊ុន សឿង ជាអតីតមេបញ្ជាការរងខេត្ត និង លោក ឆយ រដ្ឋនា ជាមន្ត្រីកងរាជអាវុធហត្ថ។

ពួកគេទាំងពីររូប ត្រូវបានសមត្ថកិច្ចខេត្តបន្ទាយមានជ័យចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែមករា ដើមឆ្នាំ២០២០ ក្រោយមានប្រតិកម្មពីប្រមុខរដ្ឋាភិបាលជុំវិញអំពើព្រៃផ្សៃនេះ។

ដើមបណ្តឹងក្នុងសំណុំរឿងនេះមានចំនួន ៤នាក់ រួមមាន លោក អាន សារួន លោក ហ៊ឹម គិរី លោក នូវ នឿន និង អ្នកស្រី ប៊ុយ គីមឡាក់ ប្រពន្ធសពលោក ទុយ ស្រស់។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា សរសេរលើគណនីហ្វេសប៊ុកលោកនៅថ្ងៃទី១៣ ខែមករានេះថា តួឯកក្នុងឆ្នាំ២០២០ កន្លងមក ត្រូវបានតុលាការ ខេត្តបាត់ដំបងប្រកាសសាលក្រម នៅព្រឹកថ្ងៃពុធនេះ។ 

លោកឱ្យដឹងថា នៅក្នុងសាលក្រម លេខ ៣៣ ឈ ចុះថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០២១ បានសម្រចផ្តន្ទាទោសដាក់គុក អតីតមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក ស ប៊ុនសឿង រយៈពេល ៤ ឆ្នាំ។ ដោយឡែកអតីតមន្ត្រីកងរាជអាវុធហត្ថខេត្តនេះមួយរូបទៀតលោក ឆយ រដ្ឋនា ក៏ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធានាគារ រយៈពេល៧ឆ្នាំ។ 

ប្រភពដដែលឱ្យដឹងទៀតថា ចំពោះសំណងរដ្ឋប្បវេណី តុលាការបានបង្គាប់ឱ្យលោក ស ប៊ុនសឿង ត្រូវសងសំណងទៅដើមបណ្តឹង៤រូប រួមមានលោក អាន រួន ចំនួន ២០លានរៀល។ បង់សំណងទៅ  លោក ហ៊ឹម គីរី ចំនួន ៣០លានរៀល ។ សងសំណងទៅលោក នូវ នឿន ចំនួន ២០ លានរៀល និងចុងក្រោយត្រូវសងសំណងទៅ អ្នកស្រី ប៊ុយ គឹមឡាក់ ដែលជាភរិយាលោក ទុយ ស្រស់ ដែលស្លាប់ដោយសារការធ្វើទារុណកម្មរបស់អតីតប៉េអឹមទាំងពីររូបរហូតដល់ស្លាប់ ចំនួន៣០លានរៀល។

ដោយឡែកជនជាប់ចោទលោក ឆយ រដ្ឋនា ត្រូវសងសំណងជូន អ្នកស្រី ប៊ុយ គឹមឡាក់ ចំនួន ៤០លានរៀល ។

យ៉ាងណាលោក ស៊ុំ ចាន់គា បញ្ជាក់ថា តុលាការ ក៏បានបើកសិទ្ធិឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍ ដូចមានចែងក្នុងច្បាប់ ។

មន្ត្រីសិទ្ធិមនុស្សដដែលថា នៅក្នុងសំណុំរឿងនេះ ជាអំពើទារុណកម្ម និងអំពើឃោរឃៅអមនុស្សធម៌ ដែលមានចែងនៅក្នុងច្បាប់ជាតិ និងអន្តរជាតិ តែទោសដែលត្រូវដាក់បង្ខំឲ្យជនត្រូវចោទទាំងពីរ ដូចមានស្ថានសម្រាលអប្បរមាពេក ទៅជាបទមជ្ឈឹមវិញ។

ចំពោះរឿងនេះភាគីដើមបណ្តឹងរដ្ឋប្បវេណី មិនយល់ព្រមលើសេចក្តីសម្រេចនេះ ទាំងការផ្តន្ទាទោស និង សំណងរដ្ឋប្បវេណី ហើយពួកគាត់អាចប្តឹងឧទ្ធរណ៍ បន្តទៀត។

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ នៅខាងមុខសាលាខេត្តបន្ទាយមានជ័យ តំណាង ៥នាក់ក្នុងចំណោមអ្នកតវ៉ាប្រមាណ ៦០០នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តចាប់ខ្លួន។ ក្រោយចាប់ខ្លួនបាន ៣ថ្ងៃ លោក ទុយ ស្រស់ តំណាងម្នាក់ក្នុងចំណោមពួកគេទាំង ៥នាក់ បានស្លាប់នៅក្នុងពន្ធនាគារ ដោយមានស្នាកស្នាមជាំពេញខ្លួន និងបាក់កថែមទៀតផង។

សាក្សីដែលបានឃើញហេតុការណ៍ អំឡុងពេលឃុំខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ចោទប្រកាន់ថា លោក ស ប៊ុនសឿង មេបញ្ជាការរង និងលោក ឆយ រដ្ឋនា ហៅសឿង៣៨ ជាអ្នកធ្វើទារុណកម្មលើពួកគេ មុននឹងបញ្ជូនពួកគេចេញទៅឃុំខ្លួនបន្តនៅពន្ធនាគារ។

ករណីវាយដំពលរដ្ឋឱ្យមានរបួស និងរហូតដល់ស្លាប់ពីសំណាក់សមត្ថកិច្ច ឬ អាជ្ញាធរនេះ ក៏មានករណីជាច្រើនទៀត ប៉ុន្តែមកទល់ពេលនេះ ពលរដ្ឋរងគ្រោះទាំងនោះនៅពុំទាន់ទទួលបានយុត្តិធម៌ពេញលេញនៅឡើយទេ។

ជាក់ស្តែងករណីកម្លាំងទាហាន និង កងរាជអាវុធហត្ថរាប់សិបនាក់ ក្នុងខេត្តព្រះសីហនុ បានបង្ក្រាបដោយហិង្សាលើពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តនេះកាលពីដើមឆ្នាំ២០១៩ រហូតបណ្តាលឱ្យកម្មករសំណងម្នាក់រងរបួសធ្ងន់ធ្ងរដោយសារត្រូវគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចបណ្តាលឱ្យពិការរហូតមកដល់ពេលបច្ចុប្បន្ន។

សំណុំរឿងនេះ ក៏ស្ងាត់សូន្យឈឺងដោយមិនមានពន្លឺយុត្តិធម៌នៅឡើយ ខណៈជនរងគ្រោះរូបនេះនៅបន្តសម្រាន្តលើគ្រែ និងត្រូវពិការទាំងវ័យក្មេងអស់មួយជីវិតផងដែរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.