អ្នកឃ្លាំមើលសង្គម ប្រតិកម្ម ជុំវិញការបរាជ័យក្នុងដំណើរមាតុភូមិនិវត្តន៍របស់មន្ត្រីសង្គ្រោះបក្សសង្គ្រោះជាតិ

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា រិះគន់បរាជ័យនៃយុទ្ធនាការមាតុភូមិនិវត្តន៍របស់អ្នកស្រី មូរ សុខហួរ កាលពីថ្ងៃទី១៥ មករា ២០២១ និង មាតុភូមិនិវត្តន៍របស់ លោក សម រង្ស៊ី ៩ វិច្ឆិកា ២០១៩ ម្តងហើយម្តងទៀត។ ក្រុមអ្នកឃ្លាំមើលបានផ្តល់អនុសាសន៍ដល់ក្រុមមន្រ្តីអតីត  បក្សសង្គ្រោះជាតិភាគីលោក សមរង្ស៊ី ត្រូវពិនិត្យផែនការរបស់ខ្លួន និងកែសម្រួលយុទ្ធសាស្រ្តរបស់ខ្លួនឡើងវិញ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា អ្នកនយោបាយពិតប្រាកដ ជាមនុស្សដែលមានការទទួលខុសត្រូវទៅលើការអនុវត្តផែនការ និងយុទ្ធសាស្ត្ររបស់ខ្លួន ពោលគឺមិនមែនជាក្រុមមនុស្សដែលគ្មានការទទួលខុសត្រូវនោះទេ។

លោកថា បើពួកគេនៅតែនិយាយបំភាន់ការពិតជាក់ស្តែង ទៅកាន់អ្នកគាំទ្រ របស់ខ្លួន ដែលខកបំណងជាច្រើនលើកច្រើនសារមកនោះ អ្នកនយោបាយទាំងនោះ នឹងធ្លាក់ចុះការគាំទ្រជាបន្តបន្ទាប់ ដូចអ្នកលក់ដូរ ដែលពូកែនិយាយដោះសារជាមួយអតិថិជន ដែលតែងធ្វើឲ្យ អតិថិជនខកចិត្តជាញឹកញាប់ មិនយូរប៉ុន្មាន អ្នកលក់ដូរនោះ នឹងក្ស័យធនជាក់ជាមិនខាន។

លោក អះអាងថា អ្នកនយោបាយ ដែលមិនអាចទៅដល់គោលដៅរបស់ខ្លួន ឬសម្រេចផែនការដូចការគ្រោងទុក ទោះស្ថិតក្រោមហេតុផលណាក៏ដោយ ពួកគេត្រូវតែពិនិត្យឡើងវិញ អំពីផែនការ                    យុទ្ធសាស្ត្រ និងអ្នកអនុវត្តផែនការរបស់គណបក្សដែលធ្វើឲ្យខ្លួនបរាជ័យនោះ។

លោកបញ្ជាក់ថា អ្នកនយោបាយដែលមានលក្ខណៈសម្បត្តិល្អ ប៉ុន្តែមានសមាសភាពក្រុមការងារមិនល្អ និងអ្នកគាំទ្ររបស់ខ្លួន ជាមនុស្សអសីលធម៌ និងអវិជ្ជានោះ គឺជាប្រផ្នូលនៃដំណើរនយោបាយដ៏អាក្រក់ ដែលកំពុងឆ្ពោះ ទៅកាន់ភាពបរាជ័យយ៉ាងពិតប្រាកដ។ ដូច្នេះពួកគេ ត្រូវកែសម្រួលសមាសភាពក្រុមការងារ ព្រមទាំងទប់ស្កាត់អំពើអសីលធម៌ នានា ជាបន្ទាន់។

លោក ម៉ែន ណាត សង្កត់ធ្ងន់ថា ការធ្វើបែបនេះ គឺដើម្បីតម្រង់គោលដៅសង្គ្រោះប្រជាធិបតេយ្យ និងបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ ព្រមទាំងឈានទៅរកការបង្រួបបង្រួមទឹកចិត្តប្រជាជាតិខ្មែរទាំងមូលទៀតផង។

ការអះអាងនេះធ្វើឡើង បន្ទាប់ពីអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បានប្រកាសពីបរាជ័យនៃការធ្វើមាតុភូមិនិវត្តន៍របស់ខ្លួនចូលទៅប្រទេសកម្ពុជាជាថ្មីទៀត។

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ មិនត្រូវបានគេអនុញ្ញាតិឲ្យឡើងយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ឆ្ពោះទៅប្រទេសកម្ពុជា ដោយឆ្លងកាត់ប្រទេសសឹង្ហបុរី នោះទេ ពីព្រោះអ្នកស្រីមិនមានទិដ្ឋការ ដើម្បីចូលប្រទេសកម្ពុជានៅឡើយ។

ចំណែកលោក សម រង្ស៊ី វិញ កាលពីថ្ងៃទី៩ ខែវិឆ្ឆិកា ឆ្នាំ២០១៩ បានប្រកាសដឹកនាំធ្វើមាតុភូមិនិវត្តន៍ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ប៉ុន្តែក៏ត្រូវបរាជ័យទាំងស្រុង។

ការធ្វើមាតុភូមិនិវត្តន៍របស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ទាំង២លើកនោះ សុទ្ទតែត្រូវបរាជ័យទាំងស្រុង ទាំងការធ្វើមាតុភូមិនិវត្តន៍ដើម្បីផ្តួលរំលំ និងការផ្សះផ្សាជាតិជាមួយ លោក ហ៊ុន សែន។

ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកដោយភ្ជាប់ជាមួយរូបថតអ្នកស្រី មួរ សុខហួរ កាន់លិខិតឆ្លងដែនរបស់សហរដ្ឋអាមេរិក ដោយបញ្ជាក់ថា មិនអាចនិយាយថា អ្នកស្រី មូរ សុខហួរ មកបានឬមិនបាននោះទេ តែត្រូវនិយាយថា អ្នកស្រី ហ៊ានមក ឬមិនហ៊ានមក តែប៉ុណ្ណោះ។

អ្នកវិភាគនយោបាយសង្គម លោក គឹម សុខ រិះគន់ថា អ្នកស្រី មួរ សុខហួ មានសក្ដានុពលសមល្មម អាចធ្វើឲ្យស្ថានការណ៍នយោបាយកម្ពុជាប្រែប្រួលបាន។ ប៉ុន្តែទាល់តែ អ្នកស្រី មានគោលជំហរនយោបាយជាតិ ច្បាស់លាស់ដោយខ្លួនឯង។ យ៉ាងណា បើគាត់គ្មានគោលការណ៍រឹងមាំទេ គាត់ក៏មិនខុសពីសកម្មជននយោបាយធម្មតាម្នាក់នោះដែរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.