មន្ត្រីជាន់ខ្ពស់នៃក្រសួងចំនួនពីរ ត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺជុំវិញសំណុំរឿងឆបោក

សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅមន្ត្រីជាន់ខ្ពស់ពីររូប ដោយមួយរូបនៅទីស្តីការគណៈរដ្ឋមន្ត្រី និងមួយរូបទៀតនៅក្រសួងយុត្តិធម៌ ឱ្យចូលខ្លួនទៅបំភ្លឺនៅចុងខែមករា និងដើមខែកុម្ភៈខាងមុខនេះ ពាក់ព័ន្ធនឹងសំណុំរឿងឆបោក។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឌុច សុខសារិន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានចេញដីកាពីរដាច់ឡែកពីគ្នា បង្គាប់ឱ្យអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក ឆែម ពេត ចូលខ្លួនទៅសាលាដំបូង នៅថ្ងៃទី២៦ ខែមករា។ ដោយឡែកដីកាមួយទៀត ចៅក្រមដដែលក៏បានបង្គាប់ឱ្យ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក មាស សាវឿន ចូលខ្លួននៅថ្ងៃទី៣ ខែកុម្ភៈ ។

ប្រភពដដែលឱ្យដឹងថា ការកោះហៅមន្ត្រីទាំង២រូបឱ្យចូលទៅកាន់តុលាការដើម្បីសាកសួរជុំវិញសំណុំរឿងឆបោក ហើយការកោះហៅនេះ ធ្វើឡើងក្រោយពីមានបណ្តឹងរបស់ឈ្មោះ កាន រិទ្ធី ដែលបានប្តឹងពួកគេពីបទ «ឆបោក»ដែលជាបទល្មើសព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ។

សំណុំរឿងឆបោកនេះ គឺពាក់ព័ន្ធករណីឆបោកទិញលក់ដីទំហំ២ហិកតា នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សារព័ត៌មានវីអូឌី បានស្រង់សម្តីរបស់អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក ឆែម ពេត មកចុះផ្សាយនៅថ្ងៃពុធនេះថា លោកនឹងចូលខ្លួនបំភ្លឺ តាមការបង្គាប់របស់តុលាការ ។ ប៉ុន្តែលោកអះអាងថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ ហើយការចោទប្រកាន់លោកពីរឿងឆបោកនោះ គឺជារឿងមិនពិត។

យ៉ាងណា សារព័ត៌មានដដែលនេះក៏បានស្រង់សម្តីរបស់ លោក កាន់ រិទ្ធី ដែលជាដើមបណ្តឹង និងជាអតីតអភិបាលរងខេត្តប៉ៃលិន បានបញ្ជាក់ថា នៅអំឡុងខែសីហា ឆ្នាំ២០១៦ ឈ្មោះ ឆែម ពេត បានណែនាំអូសទាញរូបលោកឱ្យទិញដីមួយកន្លែងពីឈ្មោះ មាស សាវឿន ដែលមានទំហំ២ម៉ឺនម៉ែត្រការ៉េឬ ស្មើ២ហិកតា ក្នុងតម្លៃ២០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ក្នុងដំណើរការទិញដីនោះ លោកបានកក់អស់ចំនួន១សែនដុល្លារ ដើម្បីឱ្យភាគីម្ខាងទៀតរត់ការធ្វើប្លង់ ប៉ុន្តែក៏បាត់ដំណឹងសូន្យឈឹង។

ប្រភពដដែលបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២០ យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់ឱ្យលោក មាស សាវឿន និងលោក                  ឆែម ពេត ស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបញ្ចប់បទល្មើស ឬបង្ការបទល្មើសកុំឱ្យកើតជាថ្មី។

ម្យ៉ាង ដើម្បីរារាំងកុំឱ្យមានការកៀបសង្កត់លើសាក្សី ឬជនរងគ្រោះ ឬដើម្បីទប់ស្កាត់ការត្រូវរ៉ូវគ្នារវាងជនត្រូវចោទ និងអ្នកសមគំនិត។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃក្រសួងទាំងពីរនៅមិនទាន់ត្រូវបានឃុំខ្លួនជា           បណ្តោះអាសន្នតាមដីកាសន្និដ្ឋានរបស់តុលាការនោះឡើយ។

ក្នុងឆ្នាំ២០២០កន្លងទៅ មានមន្ត្រីរាជការជាច្រើនដែលមានដំណែងពីមេភូមិ មេឃុំ ចៅហ្វាយស្រុក អភិបាលរងខេត្ត អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការជាដើមត្រូវបាន ថ្នាក់ដឹកនាំរដ្ឋាភិបាលចាត់វិធានការរដ្ឋបាលឬ ពិន័យ ដោយខ្លះត្រូវដកចេញពីដំណែង និងខ្លះទៀតត្រូវបានតុលាការសម្រេចឃុំខ្លួនពាក់ព័ន្ធសំណុំរឿងដីធ្លីរបស់រដ្ឋ និងឯកជននេះ។  

ជាក់ស្តែង កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនអតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក សេង សុវណ្ណារ៉ា នៅពន្ធនាគារបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទរំលោភដីសាធារណៈរបស់រដ្ឋជិត ១,០០០ហិកតា នៅខេត្តមណ្ឌលគិរី។ ការសម្រេចឃុំខ្លួននេះ បន្ទាប់ពីរដ្ឋាភិបាលសម្រេចដកលោកចេញពីដំណែងជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌កាលពីខែសីហា ឆ្នាំ២០១៩។

ដោយឡែក កាលពីខែសីហា ឆ្នាំ២០១៩ផងដែរនោះ តុលាការខេត្តមណ្ឌលគិរី បានកោះហៅអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឡោ រស្មី ឲ្យចូលបំភ្លឺពាក់ព័ន្ធនឹងការផ្ដល់ដី ៥កន្លែងមានទំហំសរុបជិត១ម៉ឺនហិកតា ទៅឲ្យក្រុមហ៊ុន ប៉ាស៊ីហ្វិក ហ្គ្រេន នៅក្នុងខេត្តភាគឦសាន្តមួយនេះជាដើម៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.