26 C
Phnom Penh

នគរបាលខេត្តកំពត ចាប់បានមេខ្យល់ជនជាតិខ្មែរ២នាក់ ដែលនាំជនជាតិវៀតណាម៣នាក់ ចូលមកកម្ពុជាខុសច្បាប់

បទវិភាគ

ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គមមួយចំនួន បង្ហាញការព្រួយបារម្ភ ចំពោះការរីករាលដាល់ នៃជំងឺកូវីដ-១៩ នៅកម្ពុជា បន្ទាប់ពីលោក ហ៊ុន សែន បានរកឃើញមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធមួយចំនួនប្រចាំការនៅតាមច្រកព្រំដែន ជាមួយប្រទេសជិតខាង អនុញ្ញាតឲ្យមានមនុស្សលួចចេញចូលកម្ពុជា ដោយសេរី ហើយមានមន្ត្រីសមត្ថកិច្ចខ្លះ ការពារឲ្យមានការគេចវេសពីការធ្វើចត្តាឡីស័ក ថែមទៀត។

ការព្រួយបារម្ភខាងលើនេះ បានកើតឡើងបន្ទាប់ពី លោក ហ៊ុន សែន បានរកឃើញកំហុសឆ្គង លោក គឹម ពន្លក អតីតអធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង មានជាប់ពាក់ព័ន្ធសម្មភាពកាងការពារ            មេខ្យល់នាំពលករខ្មែរ ចេញ និងចូលប្រទេសកម្ពុជាថៃ តាមច្រកព្រំដែន ដែលស្ថិតក្នុងដែនសមត្ថកិច្ច របស់ខ្លួន កាន់កាប់ ដោយត្រូវរ៉ូវគ្នាជាមួយមេខ្យល់នាំពលករខ្មែរចេញ ឬចូល ប្រទេសកម្ពុជាថៃ ជាថ្នូរទទួលបានសំណូកពុករលួយ។

ក្រោយមានការព្រមាន របស់លោក ហ៊ុន សែន គេសង្កេតឃើញថា សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ប្រចាំការនៅតាមព្រំដែនជាប់ប្រទេសជិតខាងកម្ពុជា បានបង្កើនកម្លាំងប្រចាំការ និងរឹតបន្តឹងទៅលើសកម្មភាព នៃការធ្វើដំណើរចេញ ឬចូល របស់ពលរដ្ឋពីប្រទេសជិតខាងកម្ពុជា រួមមាន៖ ថៃ និងវៀតណាមជាដើម បានចុះពង្រឹងសកម្មភាពការងារ របស់ខ្លួន ទាំងនៅតាមព្រំដែនគោក និងព្រំដែនសមុទ្រ ដែលអាចមានពលករខ្មែរ និងពលរដ្ឋប្រទេសជិតខាង ចេញចូលមកកម្ពុជា ហើយគេចវេសពីការធ្វើចត្តាឡីស័ក។

ជាក់ស្តែង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅម៉ោងជិត៤ ជិតភ្លឺ ថ្ងៃទី១៧ ខែកុម្ភៈ បញ្ជាក់ថា កម្លាំងវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ៦០១ សហការជាមួយកម្លាំងតំបន់សឹករងខេត្តកំពត បានឃាត់ខ្លួនមេខ្យល់ បុរសជនជាតិខ្មែរចំនួន ០២នាក់ ដែលបាននាំ ពលរដ្ឋវៀតណាមចំនួន ០៣នាក់ ក្នុងនោះមាន ស្រី០២នាក់  ឆ្លងដែនខុសច្បាប់ ចូលមកមូលដ្ឋានខេត្តកំពត តាមភូមិសាស្ត្រ ភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច។

លោកស្នងការបន្តថា ក្រោយឃាត់ខ្លួន និងសាកសួរតាមនីតិវិធីរួច សមត្ថកិច្ចជំនាញ ក៏បានប្រគល់ពលរដ្ឋវៀតណាមទាំង ០៣នាក់នោះ ជូនយោធាការពារព្រំដែនវៀតណាមវិញ ដើម្បីធ្វើចត្តាឡីសក័ និងបានសំណូមពរភាគីវៀតណាម ក្រោយពេលធ្វើចត្តាឡីស័ករួច សូមផ្តល់លទ្ធផល នៃការធ្វើតេស្តនេះ មកសមត្ថកិច្ចកម្ពុជាវិញផងដែរ។

ដោយឡែក ចំពោះមេខ្យល់ជនជាតិខ្មែរទាំង ០២នាក់ ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកំពត ដើម្បីបន្តនីតិវិធីតាមច្បាប់។

ត្រង់ចំណុចនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បញ្ជាក់ថា ដោយអនុវត្តន៍តាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កម្លាំងសមត្ថកិច្ចគ្រប់ផ្នែក និងរដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្តកំពត បានធ្វើប្រតិបត្តិការត្រួតពិនិត្យចរាចរណ៍ចេញ ចូលនៅតាមច្រកព្រំដែន ជាប់ប្រទេសជិតខាង ក៏ដូចជានៅតាមមូលដ្ឋាននានាក្នុងខេត្តនេះ ដោយយកចិត្តទុកដាក់ ប្រយោជន៍ដើម្បីអនុវត្តន៍វិធានការធ្វើចត្តាឡីសក័ ឲ្យបានត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា ឲ្យមានប្រសិទ្ធភាព៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស