លោក ហ៊ុន សែន ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់បង្កើនការផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រាប់មីនដល់ពលរដ្ឋបន្ថែមទៀត

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានជំរុញឱ្យអាជ្ញាធរ កងកម្លាំងគ្រប់ប្រភេទចូលរួមឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រាន់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដល់ពលរដ្ឋ។

ផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងឱកាសប្រារព្ធខួបលើកទី២២ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២១ ដែលលិខិតលោកផ្សព្វផ្សាយនៅថ្ងៃច័ន្ទទី២២ខែកុម្ភៈនេះ លោកបានរំលឹកដល់បងប្អូនជនរួមជាតិទូទាំងប្រទេស ពិសេសបងប្អូនដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់ទាំងនោះ។

ជាមួយគ្នានេះ លោក បានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ប្រតិបត្តិករជាតិ និងអន្តរជាតិទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយដើម្បីឱ្យពលរដ្ឋទូទៅបានយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទះដែលបន្សល់ទុកពីសង្រ្គាម។ លើសពីនេះ ពន្យល់ពួកគាត់ឱ្យបានយល់ដឹងអំពីការអនុវត្តច្បាប់ ការគ្រប់គ្រង់អាវុធ សំណល់ជាតិផ្ទុះ និងណែនាំឱ្យពលរដ្ឋបានយល់ដឹងកាន់តែស៊ីជម្រៅអំពីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រដ្ឋាភិបាលជាដើម។

ជាមួយគ្នានេះ លោកបញ្ជាឱ្យអាជ្ញាធរមីន ត្រូវសម្របសម្រួលជាមួយប្រតិបត្តិករជាតិ និងអន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធ ដើម្បីកំណត់ឱ្យបានជាក់លាក់នូវតំបន់ឬទីតាំងដែលរងការប្រឈមដោយគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះដោយសង្រ្គាម ដើម្បីអប់រំទប់ស្កាត់គ្រោះថ្នាក់ឱ្យទាន់ពេលវេលា។

លោកហ៊ុន សែន ក៏មិនភ្លេចឡើយនូវការអំពាវនាវទៅម្ចាស់ជំនួយនិងដៃគូអភិវឌ្ឍន៍ សូមបន្តគាំទ្រ  ដល់សកម្មភាពបោសសំអាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ព្រមទាំងការអប់រំដើម្បីការបន្ថយគ្រោះថ្នាក់ និងសង្រ្គោះជនពិការដោយសារគ្រាប់ផ្ទុះទាំងនោះ។

ជាមួយគ្នានេះប្រមុខរដ្ឋាភិបាលក៏បានអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះគ្រាប់មិនទាន់ផ្ទុះទាំងនោះ ហើយត្រូវរាយការណ៍ទៅអាជ្ញាធរ ឬ សមត្ថកិច្ចចំពោះករណីឃើញវា ដោយមិនត្រូវប៉ះពាល់ ឬយកទៅកែច្នៃនោះឡើយ។

លោកហ៊ុន សែន បានចាត់ទុកគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ថាជាឃាតករលាក់មុខ ដែលបានបំផ្លាញអាយុជីវិតប្រជាជន។

បើតាមលិខិតរបស់ប្រមុខរដ្ឋាភិបាលដដែល ឱ្យដឹងថា រយៈពេល២៨ឆ្នាំមកនេះ ពោលគឺគិតចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២០ ផ្ទៃដីទំហំជាង២ពាន់គីឡូម៉ែត្រក្រឡា(២ ១៣៨) ត្រូវបានបោសសម្អាតយកដីទៅប្រើប្រាស់ និងបង្កបង្កើនផល ដោយក្នុងនោះរួមមានវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ យកទៅកសាងភូមករ លំនៅឋាន មន្ទីរពេទ្យ សាលារៀន ជាដើម ហើយពលរដ្ឋជាង៦លាននាក់ដែលទទួលផល។

ប្រភពដដែលបន្តថា ក្នុងការបោសសម្អាតសំណល់ជាតិផ្ទុះទាំងនោះ មន្ត្រីជំនាញបានរកឃើញមីនប្រឆាំងមនុស្សជាង១លានគ្រាប់ មីនប្រឆាំងរថគ្រោះជាង២ម៉ឺនគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាម រួមបញ្ចូលទាំងគ្រាប់បែកចង្កោមជាង២លានគ្រាប់ត្រូវបានរកឃើញ និងបំផ្លាញចោល។

លិខិតដដែលនេះ បញ្ជាក់ថា ចំពោះជនរងគ្រោះវិញ មានការថយចុះគួរឱ្យគត់សម្គាល់ ពោលគឺថយចុះពីជាង៤ពាន់នាក់(៤៣២០) ក្នុងឆ្នាំ១៩៩៦ មកនៅត្រឹម៦៥នាក់នៅឆ្នាំ២០២០។

យ៉ាងនេះក្តី កម្ពុជាត្រូវការបោសសម្អាតមីនលើផ្ទៃដីទំហំជិត១ពាន់គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្រ្គាម រួមទាំងគ្រាប់បែកចង្កោមលើទំហំផ្ទៃដីជាង១ពាន់គីឡូម៉ែត្រក្រឡាបន្ថែមទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិ កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.