បាតុករប្រឆាំងរបបរដ្ឋប្រហារនៅភូមាចូលដល់ដំណាក់កាលតាំងចិត្ត ប្រឈមមុខនឹងការវាយបង្ក្រាបពីសំណាក់ ពួកយោធា

បាតុករប្រឆាំងរបបរដ្ឋប្រហារនៅភូមា ចូលដល់ដំណាក់កាលតានតឹងខ្លាំងហើយ នៅពេលនេះ ដោយបាតុករសច្ចាដណ្ដើមមកវិញឲ្យបាននូវ របបប្រជាធិបតេយ្យ ដោយសម្រេច យកការប្រឈមមុខនឹងការវាយ បង្ក្រាបពីសំណាក់ពួកយោធា។ បាតុកម្មនៅថ្ងៃចន្ទទី២២ ខែកុម្ភៈនេះ ត្រូវបានមើលឃើញថា ជាការទាញទម្លាក់ ស្ថានការណ៍កាន់អាក្រក់និងគ្រោះថ្នាក់ធ្ងន់ធ្ងរនាំនាំការបែកបាក់ជាតិ បន្ទាប់ពួកយោធា បានបាញ់រះសម្លាប់មនុស្ស បួននាក់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ភូមា Irrawaddy News នៅថ្ងៃនេះ។

ក្នុងស្ថានភាពនេះ បាតុករ បានបង្ហាញ កម្លាំងរួមកាន់តែសកម្ម នៅក្នុងពិធីហែរសព្វ យុវនារី ម្នាក់ ដែលបានស្លាប់ ដោយគ្រាប់កាំភ្លើងរបស់ពួកយោធា។ នៅពេលជាមួយគ្នានេះ  មានសេចក្ដីរាយការណ៍មកថា ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងរ៉ង់ហ្គូន ដែលមានពលរដ្ឋរស់នៅច្រើនបំផុត ។

បណ្ដាញ បាតុករ ដើម្បីយុត្តិធម៌ ឲ្យដឹងថា បាតុកម្មនៅថ្ងៃនេះ គឺជាការប្រមូលផ្ដុំមានទ្រង់ទ្រាយនៅទូទាំងប្រទេស ដែលអាចមានដល់ទៅរាប់លាននាក់។

បើតាមប្រភពព័ត៌មានដដែលឲ្យដឹងថា ក្រុមបាតុកររាប់ពាន់នាក់ បានទៅប្រមូលផ្តុំគ្នានៅក្បែរស្ថានទូតអាមេរិក នៅក្នុងទីក្រុងរ៉ង់ហ្គូន បើទោះបីជាកងកម្លាំងប៉ូលិស ដាក់ពង្រាយរថយន្តយោធាចំនួន ២០គ្រឿងព័ន្ធ ផ្លូវជុំវិញស្ថានទូតនោះ ក៏បាតុករបានឡោបព័ន្ធរថយន្តរបស់ ប៉ូលិស ។

ក្នុងស្ថានភាពដ៏ផុយស្រួយនេះក្រុមបាតុករ កំពុងតែបំផុសឲ្យប្រជាជនងើបឡើងតវ៉ា ទៅតាមគោលដៅមួយដែលត្រូវបានហៅថា បដិវត្តន៍ផ្ការីក។ នៅខណៈដែល កម្លាំងប្រឆាំងកំពុងរីកដូចផ្កា នៅទាឃរដូវ ដែលមើលទៅ ពួកយោធា មិនអាចទប់បាន គឺបានលឺ បានឃើញសេចក្ដីថ្លែងការណ៍របស់ពួកយោធា។

សេចក្ដីថ្លែងការណ៍នោះត្រូវបានចាក់ផ្សាយនៅលើកញ្ជក់ទូរទស្សន៍ MRTV ដោយ ព្រមានថា កងកម្លាំងនឹងបង្ក្រាបចំពោះក្រុមអ្នកដែលហ៊ានបង្កភាពអនាធិបតេយ្យ នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈនេះ។               

នៅក្នុងសេចក្តីថ្លែងការណ៍នេះ ពួកយោធា បានវាយប្រហារ ទៅលើក្រុមឧក្រិដ្ឋជន ដែលបានដុតបញ្ឆេះឲ្យមានបាតុកម្មហិង្សា ហើយបានជំរុញឲ្យកងកម្លាំងសមត្ថកិច្ចធ្វើការបាញ់បង្ក្រាប។

ការចាត់វិធានការបាញ់បង្ក្រាប ពីសំណាក់ពួកយោធា បាននាំអោយ សហគមន៍អន្តរជាតិទម្លាក់ ការថ្កោលទោស បន្ថែមទៀត។

សហរដ្ឋអាមេរិក បានអំពាវនាវសាជាថ្មីទៀត ឲ្យពួកយោធា បញ្ឈប់ការប្រើអំពើហិង្សាទៅលើក្រុមបាតុករហើយត្រូវ ដោះលែងអ្នកតវ៉ាទាំងអស់ ដែលកំពុងជាប់ឃុំខ្លួន និងទប់ស្កាត់ការវាយប្រហារលើក្រុមអ្នកសារព័ត៌មាន និងសកម្មជនប្រជាធិបតេយ្យ ហើយត្រូវ គោរពឆន្ទៈរបស់ប្រជាជន។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានបង្ហោះសាររបស់លោកនៅលើទំព័រ Twitter ដោយសម្ដែងក្ដីដូចនេះថា សហរដ្ឋអាមេរិកនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកដែលប្រព្រឹត្តិអំពើហិង្សា ប្រឆាំងនឹងបាតុករ នៅពេលពួកគេទាមទារឲ្យមានការស្តារឡើងវិញនូវរដ្ឋាភិបាល ដែលត្រូវបានបោះឆ្នោត តាមបែបប្រជាធិបតេយ្យ។ លោកព្រមានទៀតថា សហគមន៍អន្តរជាតិមិនអាចមើលប្រជាជនភូមា ធ្លាក់ក្នុងការឈឺចាប់ម្ដងទៀតនោះទេ។

ក្នុងពេលជាមួយគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឲ្យពួកយោធា បញ្ឈប់ការបង្ក្រាបក្រុម បាតុករ និងដោះលែង អ្នកដែលត្រូវបានចាប់ឃុំខ្លួន។

លោក Antonio Guterres បានថ្លែង ដោយន័យដើមរបស់លោកថា ៖នៅថ្ងៃនេះ ខ្ញុំសូមអំពាវនាវដល់ពួកយោធា បញ្ឈប់ការបង្ក្រាបជាបន្ទាន់ ដោះលែងអ្នកចាប់ឃុំខ្លួន បញ្ឈប់អំពើហិង្សា គោរពសិទ្ធិមនុស្ស និងឆន្ទៈរបស់ប្រជាជន ដែលបានបង្ហាញក្នុងការបោះឆ្នោត កាលពីពេលថ្មីៗនេះ។

ពីទីក្រុងព្រុចហ្សែលប្រទេសបែលហ្សិក កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នៃសហភាពអឺរ៉ុប ២៧ប្រទេស បានសម្រេច រួមគ្នា ថា ត្រូវមានវិធានការដាក់ទណ្ឌកម្មលើពួកយោធា ភូមា ដោយទទូចថា ពួកយោធា ត្រូវតែរកវិធីបញ្ចប់របបរដ្ឋប្រហាររបស់ខ្លួនជាមួយបន្ទាន់ ជាមួយនឹងបញ្ឈប់ការវាយបង្ក្រាបទៅលើបាតុករ។

សម្រាប់ប្រទេសកាណាដា និងអង់គ្លេស បានប្រកាសពីការចាត់វិធានការទណ្ឌកម្ម លើពួកយោធា រួចទៅហើយ។ ដោយឡែកប្រទេសជប៉ុន ឥណ្ឌា និងអូស្ត្រាលី បានប្រកាសរួមគ្នាថានឹង មិនឲ្យរបបយោធា រស់នៅលើ ទឹកដីភូមា បានម្ដងទៀតឡើយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.