ព្រះរាជអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ព្រមានថានឹងធ្វើការសម្រេចចិត្តទៅលើពាក្យបណ្តឹងស្តីពីការប្លន់យកដីនៅកម្ពុជា

លោកមេធាវីអន្តរជាតិ លោក Richard Rogers កាលពីចុងខែកុម្ភៈ កន្លងទៅនេះ បានសរសេរលិខិតទៅកាន់ព្រះរាជអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ស្នើសុំឱ្យបើកការស៊ើបអង្កេតពេញលេញទៅពាក្យបណ្ដឹងស្តីពីការប្លន់យកដីនៅកម្ពុជា ។

លោក Richard Rogers បានដាក់ពាក្យបណ្ដឹងតំណាងឱ្យជនរងគ្រោះពលរដ្ឋខ្មែរពីការប្លន់យកដីពីសំណាក់អ្នកមានអំណាចនៅកម្ពុជា កាលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ ហើយពាក្យបណ្ដឹងនេះកំពុងស្ថិតនៅក្នុងការិយាល័យនៃព្រះរាជាអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ថា អាយស៊ីស៊ី (ICC)។

អ្នកស្រី Fatou Bensouda ព្រះរាជអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ថ្លែងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ២០២១ នេះ ថាអ្នកស្រីនឹងធ្វើការសម្រេចចិត្តទៅលើពាក្យបណ្តឹងស្តីពីការប្លន់យកដីនៅកម្ពុជាក្នុងពេលឆាប់ៗនេះ តាមសេចក្តីអំពាវនាវរបស់សហគមន៍ខ្មែរនៅជុំវិញពិភពលោក ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ជាពិសេសការបំផ្លិចបំផ្លាញបរិស្ថាននៅកម្ពុជា។

ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល ដែលធ្លាប់ធ្វើការតស៊ូមតិលើបញ្ហានេះ ជាមួយលោក Richard Rogers បានអំពាវនាវដល់ប្រធានសមាគមន៍ខ្មែរនៅជុំវិញពិភពលោកសរសេរលិខិតគាំទ្រលោកមេធាវី Richard Rogers ហើយទទូចស្នើសុំព្រះរាជអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីបើកការស៊ើបអង្កេតពេញលេញ ទៅលើពាក្យបណ្ដឹងស្តីពីការប្លន់យកដីរបស់ពលរដ្ឋ នៅកម្ពុជា៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.