ពលរដ្ឋ ៧៨គ្រួសារនៅខេត្តព្រះសីហនុ ស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយដោះស្រាយវិវាទដីធ្លី ដែលអូសបន្លាយយូរឆ្នាំមកហើយ

ពលរដ្ឋចំនួន ៧៨គ្រួសារ រស់នៅភូមិព្រៃប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានសំណូមពរយ៉ាងទទូចដល់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ជាពិសេសគឺលោក ហ៊ុន សែន ត្រូវជួយអន្តរាគមន៍រកដំណោះស្រាយ ក្នុងទំនាស់ដីធ្លីរបស់ពួកគាត់ដែលអូសបន្លាយពេល ជាយូរឆ្នាំមកហើយ ដើម្បីឲ្យពួកគាត់អាចដាំដំណាំ ដូចដើមវិញ។

ពលរដ្ឋអះអាងថា ពួកគាត់បានបង្កបង្កើនផលដាំដុះ នៅលើដីចម្ការកំពុងមានវិវាទខាងលើនេះ តាំងពីឆ្នាំ១៩៩២ ហើយក្នុងអំឡុងពេលនោះ ពុំដែលមានក្រុមហ៊ុន ឬបុគ្គលណាម្នាក់ មកចេញមុខអះអាងថា ជាដីកម្មសិទ្ធិ របស់គេឡើយ។

ប៉ុន្តែនៅឆ្នាំ២០១០ ទើបឃើញមានក្រុមទាហានមួយក្រុម បានមកចេញមុខអះអាងថា បរិវេណដីចម្ការ របស់ពលរដ្ឋនៅចំណុចខាងលើនេះ គឺជាដីរបស់ក្រុមហ៊ុន អ៊ីសេង ទៅវិញ ហើយក្រុមទាហ៊ានស៊ីឈ្នួលយាមដីឲ្យក្រុមហ៊ុននេះ បានមកបណ្តេញពលរដ្ឋពួកគាត់ ឲ្យចេញពីទីតាំងដីខាងលើ និងហាមពលរដ្ឋ មិនឲ្យធ្វើដំណើរចេញចូលមកដីចម្ការ របស់ពួកគាត់ថែមទៀតផងចាប់តាំងពីឆ្នាំ២០១០ បន្តរហូតមកដល់ឆ្នាំ២០២១ នេះ។

តំណាងពលរដ្ឋទាំង ៧៨គ្រួសារ បានបន្តដាក់ពាក្យបណ្ដឹងជាថ្មីទៀត កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ជូនលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើឲ្យជួយអន្តរាគមន៍ដោះស្រាយដីចម្ការចាស់ ដែលកំពុងមានវិវាទជាមួយក្រុមហ៊ុន អ៊ី សេង និងស្នើផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូន ពលរដ្ឋទាំង ៧៨គ្រួសារ ឲ្យទទួលបានយុត្តិធម៌ និងបង្កបង្កើនផលលើដីចម្ការនោះឡើងវិញឲ្យទាន់ពេលវេលា។

លោកមេឃុំទឹកថ្លា បានឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដឹងថា បញ្ហាទំនាស់ដីធ្លី រវាងពលរដ្ឋ ៧៨គ្រួសារ ជាមួយក្រុមហ៊ុន អ៊ីសេងខូអិលធីឌី ខាងលើនេះ រូបលោក ក៏ធ្លាប់បានទៅហាមឃាត់ក្រុមហ៊ុន អ៊ីសេង កុំឲ្យធ្វើសកម្មភាពឈូសឆាយនាំឲ្យប៉ះពាល់ដល់ដីចម្ការ ឬផលដំណាំបង្កបង្កើនផល របស់ពលរដ្ឋក្នុងមូលដ្ឋាននេះច្រើនលើក     មកហើយ ប៉ុន្តែក្រុមហ៊ុន អ៊ីសេង មិនអនុវត្តតាមទេ។

ដោយឡែក បុរសម្នាក់ឈ្មោះ ផល្លី ដែលពលរដ្ឋអះអាងថា ជាទាហានយាមដីតំណាងឲ្យក្រុមហ៊ុន អ៊ីសេង បានបញ្ជាក់ថា ទីតាំងបរិវេណដីទំនាស់នេះ គឺក្រុមហ៊ុន អ៊ីសេង បានទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលស្របច្បាប់។

សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទង លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីបំភ្លឺលើករណីវិវាទដីធ្លី រវាង ពលរដ្ឋចំនួន ៧៨គ្រួសារ ជាមួយភាគីក្រុមហ៊ុន អ៊ីសេង បាននៅឡើយទេ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ។

តាមការអះអាងរបស់តំណាងប្រជាពលរដ្ឋចំនួន ៧៨គ្រួសារ រស់នៅឃុំទឹកថ្លា ស្រុកព្រៃនប់ ឲ្យដឹងថា កន្លងមកពួកគាត់ ធ្លាប់បានដាក់ពាក្យបណ្ដឹង ទៅកាន់រដ្ឋបាលខេត្តព្រះសីហនុ ចំនួនពីរដងរួចមកហើយ គឺលើកទី១ នៅអាណត្តិ លោក ស្បោង សារ៉ាត់ ដឹកនាំជាអភិបាលខេត្តព្រះសីហ និងលើកទី២ កាលពីឆ្នាំ២០២០  គឺពលរដ្ឋពួកគាត់ ក៏បានដាក់ពាក្យបណ្ដឹងម្ដងទៀត ទៅលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីសុំជួយរកយុត្តិធម៌ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ ឬការឆ្លើយតបណាមួយពីរដ្ឋបាលខេត្តព្រះសីហនុ នោះទេ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.