មន្ត្រីសង្គមស៊ីវិលថា សេរីភាពសារព័ត៌មាន គឺជាក្តីបារម្ភយ៉ាងខ្លាំងសម្រាប់អ្នកសារព័ត៌មាន នៅកម្ពុជា

ក្រុមអ្នកធ្វើការខាងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសាព័ត៌មានមួយចំនួន បានសម្ដែងក្តីកង្វល់ជាខ្លាំងឡើងចំពោះការធ្លាក់ចុះសេរីភាពសារព័ត៌មាននៅកម្ពុជា។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បានអះអាងនៅថ្ងៃទី៣ ខែមេសា នេះថា ចរន្តស្ដីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា កំពុងតែដាំក្បាលចុះយ៉ាងធ្ងន់ធ្ងរ ពិសេស គឺចាប់តាំងពីការបើកយុទ្ធនាការបង្ក្រាបលើប្រព័ន្ធសារព័ត៌មានឯករាជ្យ កាលពីខែសីហា ឆ្នាំ២០១៧ មក។

លោកបន្តថា ស្ថានភាពដែលធ្វើឲ្យលោកកាន់តែព្រួយបារម្ភទៀតនោះ គឺរដ្ឋាភិបាលបានប្រើប្រាស់ស្ថានភាព នយោបាយ និងជំងឺឆ្លងCovid-19 បច្ចុប្បន្ននេះ ទៅជាឱកាសដើម្បីបង្កើន ការរឹតត្បិតសេរីភាពសារព័ត៌មាន និងហាមឃាត់ការចូលរួមពីសំណាក់សង្គមស៊ីវិល និងបណ្តាភាគីពាក់ព័ន្ធដទៃទៀត ដូចជាការចូលរួមផ្តល់ទស្សនៈផ្សេងៗ និងការពិភាក្សាគ្នាលើប្រធានបទនានាតាមប្រព័ន្ធផ្សព្វផ្សាយ ជាដើម។

ការអះអាងនេះធ្វើឡើង ដើម្បីរិះគន់ ស្ថានភាពសេរីភាពព័ត៌មាននៅកម្ពុជា បច្ចុប្បន្ន ស្របពេលនៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានសកលលោក លើកទី២៨ នៅថ្ងៃចន្ទ ទី៣ ខែមេសា នេះ។

លោក ហ៊ុន សែន បានចេញលិខិត មួយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ អបអរសាទរ ទិវាសេរីភាពសារព័ត៌មានសកលលោក លើកទី២៨ ដោយបានអំពាវនាវ ឲ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈចៀសវាង ការបំពានលើសិទ្ធិបុគ្គលឯកជន ដោយការផ្សព្វផ្សាយនៅព័ត៌មានមិនពិត ដែលបណ្តាលឲ្យកើតមានភាពវឹកវរ និងចលាចលក្នុងសង្គម។

យ៉ាងណាក៏ដោយ ទិន្នន័យសង្គមស៊ីវិល បង្ហាញថា របាយការណ៍ស្ដីពីការប្រឈមរបស់ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន ជុំវិញបញ្ហារសើប គឺជាការព្រួយបារម្ភយ៉ាងខ្លាំង របស់អ្នកសារព័ត៌មាននៅកម្ពុជា ដែលតែងរងការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាល ដូចជាការផ្សព្វផ្សាយព័ត៌មានរឿងអាស្រូវស្ដីពីអំពើពុករលួយ ការបំផ្លាញធនធានធម្មជាតិ និង បញ្ហានយោបាយ។

រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៤១ បានចែងថា ពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបប្រជុំជាដើម។

បើតាមរបាយការណ៍ស្ដីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២០ អះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជា បានថយចុះជាលំដាប់ ពោលគឺទទួលបានចំណាត់ថ្នាក់លេខ ១៤៤ ក្នុងចំណោមប្រទេសទាំង១៨០។ ចំណែក អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ដែលមានមូលដ្ឋាននៅបរទេសអះអាងថា សេរីភាពសារព័ត៌មាននៅ កម្ពុជា បានបន្តធ្លាក់ចុះ៣ឆ្នាំជាប់ៗគ្នា គឺក្នុងឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២០។

ជុំវិញបញ្ហានេះ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះ អង្គការសមាគម ជាង ៤០ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដែលបាន រិះគន់ថា រដ្ឋាភិបាលកម្ពុជាបានព្យាយាមជុំរុញឲ្យមានច្បាប់រឹតត្បិតសេរីភាពបញ្ចេញមតិនៅតាមប្រព័ន្ធអ៊ីនធឺណិត និងក្រៅប្រពន្ធអ៊ីនធឺណិត។ ច្បាប់នេះបានផ្តល់អំណាចដោយសេរីដល់រដ្ឋាភិបាលក្នុងការរឹតត្បិតសេរីភាពមូលដ្ឋាន រូមទាំងសេរីភាពសារព័ត៌មានផងដែរ។

កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ដែលមាន ១៩មាត្រា និង១១ជំពូក បានចែងអំពីគោលបំណងដើម្បីពង្រឹងប្រសិទ្ធិភាព នៃការគៀងគរចំណូលជាតិ ការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាប់សង្គម វប្បធម៌ និងប្រពៃណិជាតិផងដែរ។

អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរគណនី Facebook របស់លោក នៅថ្ងៃនេះថា មន្ត្រីអនុវត្តច្បាប់ បានរំលោភអំណាច និងច្បាប់ ហើយបានបកស្រាយច្បាប់យ៉ាងទូលាយ ដើម្បីពង្រីកវិសាលភាពនៃច្បាប់នោះ យកទៅហាមឃាត់ បំភិតបំភ័យ មិនឲ្យពលរដ្ឋប្រើប្រាស់សិទ្ធិរបស់ពួកគេនោះឡើយ លើសពីនេះ អ្នកប្រើប្រាស់សិទ្ធិទាំងនោះ ត្រូវបានបង្ក្រាប ចាប់ចង និងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរថែមទៀត៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.