សង្គមស៊ីវិលថា ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា នឹងអសារបង់ បើអាជ្ញាធរមូលដ្ឋានអនុវត្តខុសពីសេចក្តីណែនាំ

មន្ត្រីសិទ្ធិមនុស្ស អំពាវនាវឲ្យប្រមុខរដ្ឋាភិបាលតាមដាន និងពិនិត្យមន្ត្រីអនុវត្តច្បាប់នៅតាមមូលដ្ឋានឲ្យបានហ្មត់ចត់ ចៀសវាងការខិតខំប្រឹងប្រែងរបស់ខ្លួន ក្លាយការដាក់បន្ទុកទៅដល់ ពលរដ្ឋ ដោយការ                អនុវត្តខុសការណែនាំរបស់មន្ត្រីក្រោមឱវាទ។

ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំមួយទៅដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន ដែលត្រូវអនុវត្តវិធានការ បិទខ្ទប់ស្វ័យសម្រេច ដោយខ្លួនឯងនៅតាមតំបន់ដែលពួកគេទទួលខុសត្រូវរៀងៗខ្លួន។

អ្នកនាំពាក្យសមាគមការពារសិទ្ធមនុស្ស អាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នេះថា ការចេញសេចក្តីសម្រេច និងការណែនាំរបស់ប្រមុខរដ្ឋាភិបាល ដោយប្រគល់ការទទួលខុសត្រូវទៅដល់អាជ្ញាធរមូលដ្ឋាន គឺជារឿងល្អហើយ ដើម្បីឲ្យអាជ្ញាធរដែលទទួលភារកិច្ចនៅតាមតំបន់របស់ពួកគេ មានការទទួលខុសឲ្យកាន់តែច្បាស់លាស់ថែមទៀត។

លោកអះអាង ដើម្បីឲ្យមានប្រសិទ្ធិក្នុងការអនុវត្តវិធានការទប់ស្កាត់ការចម្លងវីរុសCovid-19 តាមសេចក្តីណែនាំ ដែលទើបនឹងដាក់ឲ្យមន្ត្រីមូលដ្ឋានអនុវត្តក្នុងពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលត្រូវតាមដាន និងយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីចៀសវាងការអនុវត្តខុសពីសេចក្តីណែនាំ ដោយការប្រើវិធានការជ្រុលហួសហេតុរហូតបង្កទៅជាអំពើហិង្សាលើពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ពួកគេ។

លោកបញ្ជាក់ថា ប្រសិនបើ ប្រមុខរដ្ឋាភិបាលរកឃើញថាមន្ត្រីមូលដ្ឋានណាម្នាក់អនុវត្តលើសពីសេចក្តីណែនាំ ឬបទបញ្ចារបស់ខ្លួន នោះពួកគេ គួរតែត្រូវបានទទួលនូវការដាក់ពិន័យ រដ្ឋបាលទៅច្បាប់កំណត់ជាធរមាន។ លោកថា ការដាក់ពិន័យបែបនេះក៏ជាសញ្ញាប្រាប់ទៅដល់មន្ត្រីដែលមានបំណង ឆ្លៀតឱកាសក្នុងពេលអនុវត្តសេចក្តីណែនាំនេះ ផ្សេងទៀត ឲ្យមានការខ្លាចរអា និងព្យាយាមអនុវត្តច្បាប់ឲ្យបានល្អផងដែរ។

លោក ហ៊ុន សែន បានចេញសេចក្តីណែនាំកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ស្តីអំពី ការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19 បន្ទាប់ពីប្រមុខរដ្ឋាភិបាលបានបញ្ចប់ការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅកាលពីពេលថ្មីៗនេះ។

លោក ហ៊ុន សែន អះអាងថា បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចបិទបញ្ចប់ការបិទខ្ទប់ ភូមិសាស្ត្រទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ស្អែកនេះតទៅហើយនោះ ប្រមុខរដ្ឋាភិបាលនឹងប្រគល់សមត្ថកិច្ចជូនសាលារាជធានីភ្នំពេញ និងអាជ្ញាធរក្រុងតាខ្មៅ ដើម្បីដាក់ចេញនូវវិធានការចាំបាច់នានា ដោយខ្លួនឯង។

សេចក្តីណែនាំដដែលនោះ បញ្ជាក់ថា រាល់ការដាក់ចេញវិធានការនានារបស់អាជ្ញាធរមូលដ្ឋានដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19 គឺត្រូវអនុវត្តឲ្យស្របទៅតាមខ្លឹមសារ អនុក្រឹត្យលេខ ៣៧ ស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺCovid-19 និងអនុក្រឹត្យលេខ៥៧ ស្ដីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺCovid-19ផងដែរ។

ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យ មន្ត្រីយោធាប្រចាំការតាមតំបន់បិទខ្ទប់ ប្រើរំពាត់ដេញវាយពលរដ្ឋឲ្យចូលក្នុងផ្ទះវិញ លើសពីនេះប្រសិនបើ ពលរដ្ឋនៅតែមិនធ្វើតាមទៀតនោះ អាជ្ញាធរត្រូវឃាត់ខ្លួនពលរដ្ឋទាំងនោះយកមកផាកពិន័យតាមច្បាប់កំណត់។

ទាក់ទិននឹងបញ្ហានេះ អ្នកប្រើប្រាស់បណ្ដាញសង្គម បានចែករំលែកវីដេអូ និងរូបភាព សមត្ថកិច្ចបានប្រើរំពាត់ ឬដំបងឫស្សី វាយពលរដ្ឋមួយចំនួនដែលបានចេញធ្វើដំណើរនៅក្រៅផ្ទះ ផ្ទុយពីបម្រាមរបស់រដ្ឋាភិបាល ក្នុងការការពាររាលដាលជំងឺ Covid-19។ បញ្ហានេះ អាជ្ញាធរ ក៏បានរងការរិះគន់ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងចាស់ដៃផងដែរ។

ដោយឡែក ក្រសួងសុខាភិបាលនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នេះ បាន អះអាងថា ក្រសួងបានរកឃើញអ្នកវិជ្ជាមានវីរុសCovid-19 ថ្មីចំនួន ៦៧២នាក់ ខណៈអ្នកជាសះស្បើយថ្មីមានចំនួន ២២៨នាក់ ដោយឡែកអ្នកស្លាប់ថ្មីមានចំនួន ៣នាក់ផងដែរ។

ក្រសួងបញ្ជាក់ថា អ្នកឆ្លងវីរុសCovid-19 សរុបបានកើនឡើងដល់ជាង ១ម៉ឺន ៦ពាន់នាក់ហើយ រីឯអ្នកជាសះស្បើយសរុបមានចំនួនជាង ៦ពាន់នាក់ និង អ្នកស្លាប់បានកើនឡើងដល់ ១១០នាក់ផងដែរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.