ក្រុមអ្នកតស៊ូរមតិថា សាលក្រមកាត់ទោសសកម្មជនបរិស្ថានរបស់តុលាការក្រុងភ្នំពេញ គឺជាការកាត់ក្តីដោយអយុត្តិធម៌

ក្រុមបញ្ញវន្តនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ SMD បានថ្កោលទោសដាច់អហង្ការ ចំពោះតុលាការក្រុងភ្នំពេញ ដែលបានប្រកាសសាលក្រម ដោយកាត់ទោសឲ្យសកម្មជនបរិស្ថាន ៦រូបជាប់ពន្ធធនាគារ និងពិន័យជាទឹកប្រាក់ផងនោះថា ជាអំពើអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរ។

ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នេះថា សូមជំទាស់ទៅនឹងសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញ ដែលបានកាត់ក្តីទាំងអយុត្តិធម៌ ទៅលើក្រុមសកម្មជនបរិស្ថានមាន លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ជាដើម ក្រោមបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

លោកចាត់ទុកថា ការកាត់ទោសនេះ គឺជាចេតនាបែបផែនការយុទ្ធសាស្ត្រនយោបាយទុច្ចរិត ក្នុងការបន្ដសង្កត់សង្កិនជ្រុលហួសហេតុ ទៅលើសិទ្ធិសេរីភាព ស្របច្បាប់ នៃប្រជាពលរដ្ឋម្ចាស់នគរ ដែលមានកាតព្វកិច្ចពេញលេញក្នុងការសម្រេច លើជោគវាសនាជាតិរបស់ខ្លួន។

លោកទាមទារឲ្យរដ្ឋាភិបាល និងតុលាការកម្ពុជា ទម្លាក់ចោលរាល់បទចោទ និងដោះលែងសកម្មជនបរិស្ថានទាំងនោះ ឲ្យមានសេរីភាពពេញលេញឡើងវិញ ដើម្បីឲ្យពួកគេអាចអនុវត្តសិទ្ធិស្របច្បាប់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិនានា ស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ បន្តទៀត។

ប្រធានប្រតិបត្តិនៃចលនាសនិស្សិតរូបនេះ អំពាវនាវឲ្យរដ្ឋសភាកម្ពុជា ធ្វើវិសោធនកម្មលុបចោល មាត្រានៃច្បាប់ដែលចែងអំពី បទញុះញង់ឲ្យប្រព្រឹត្តបទល្មើស នៃក្រមព្រហ្មទណ្ឌចេញជាបន្ទាន់ ព្រោះថា មាត្រានៃច្បាប់នេះមានខ្លឹមសាររឹតត្បិតសេរីភាពបញ្ចេញមតិ និងសកម្មភាពដើម្បីសង្គមជាតិ របស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។

លោកសង្កត់ធ្ងន់ថា ប្រសិនបើរដ្ឋាភិបាល និងរដ្ឋសភា នៅតែខំបង្រួញលំហសិទ្ធិសេរីភាពរបស់ពលរដ្ឋបន្តទៀត នោះអង្គការរដ្ឋមួយនេះ នឹងក្លាយទៅជាឧបករណ៍បង្កើនអំណាចរបស់ក្រុម ឬបុគ្គលអ្នកក្តោបក្តាប់អំណាចកាន់តែជ្រៅទៅៗមិនខាន។

សាលាដំបូងរាជាធានីភ្នំពេញ បានប្រកាសសាលក្រមកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ កាត់ទោសឲ្យ យុវជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា លោក អាឡិច កញ្ញា ភួង កែវរស្មី កញ្ញា ឡុង គន្ធា និងកញ្ញា ជា គន្ធី ម្នាក់ៗឱ្យជាប់ពន្ធនាគាររយៈពេល ចាប់ពី ១៨ខែ ទៅដល់ ២០ខែ និងពិន័យជាប្រាក់ចំនួន ៨លានរៀលផងដែរ។

ទោះជាយ៉ាងណាក៏ដោយ មាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ពលរដ្ឋខ្មែរ មានសេរីភាពខាងការ បញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបប្រជុំ។ លើសពីនេះ មាត្រា៣៥ ក៏បានចែងផងដែរថា ពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិ ចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។

អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោក នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នេះថា ការចោទប្រកាន់ និងផ្ដន្ទាទោសដាក់ពន្ធនាគារលើ សកម្មជនបរិស្ថានទាំងនោះពីបទ ញុះញង់ បង្កឲ្យភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥នៃក្រមព្រហ្មទណ្ឌ គឺ មិនត្រឹមត្រូវនោះទេ។

លោកបញ្ជាក់ថា ពួកគេបានប្រើប្រាស់សេរីភាពបញ្ចេញមតិដោយសន្តិវិធី និងមិនប៉ះពាល់ដល់ដល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណ: និងដល់សន្តិសុខជាតិឡើយ។

ជាងនេះទៅទៀត ក្រុមសិទ្ធិមនុស្សអន្តរជាតិ ព្រមានថា ការផ្ដន្ទាទោសនេះ គឺជាសញ្ញាយ៉ាងច្បាស់ថា រដ្ឋាភិបាលកម្ពុជា នៅតែបន្តប្រឆាំងនឹងអង្គការចលនាមាតាធម្មជាតិ ដែលគ្រាន់តែធ្វើការដើម្បីការពារបរិស្ថាន។

នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក Phil Robertson អំពាវនាវ ឲ្យទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងម្ចាស់ជំនួយទាំងអស់ ត្រូវនាំគ្នាទាមទារឲ្យបញ្ឈប់ការផ្ដន្ទាទោសដ៏អយុត្តិធម៌ ហើយត្រូវទាមទារឲ្យដោះលែងសកម្មជនបរិស្ថានបីរូប ដែលត្រូវបានឃុំខ្លួន ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។

យុវជនចលនាមាតាធម្មជាតិ ត្រូវបានអាជ្ញាធរក្រុងភ្នំពេញ ចាប់ខ្លួន និងយកទៅឃុំទុកក្នុងពន្ធនាគារ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ដោយចោទប្រកាន់ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បន្ទាប់ពីពួកគេបានស្នើសុំជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំឲ្យលោកបញ្ឈប់ការលុបបឹងតាមោក ឬបឹងកប់ស្រូវបន្តទៀត៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.