បញ្ញវន្តខ្មែរនៅក្រៅស្រុកថា ការដែលរដ្ឋាភិបាលកម្ពុជា មិនបានដោះស្រាយស្បៀងជូនពលរដ្ឋក្នុងវិបត្តិCovid-19 គឺស្មើនឹងការធ្វើទារុណ្ឌកម្មលើពលរដ្ឋរបស់ខ្លួនសុទ្ធសាធ

ក្រុមអ្នកតស៊ូមតិ រិះគន់ថា ការដែលរដ្ឋាភិបាលមិនបានដោះស្រាយស្បៀងអាហារ ឧបត្ថម្ភប្រាក់ ជួយសម្រួលថ្លៃទឹក ថ្លៃភ្លើង និងបំណុលធនាគាររបស់ពលរដ្ឋកន្លងមក គឺជាការធ្វើទារុណកម្មដ៏ធ្ងន់ធ្ងរលើពលរដ្ឋក្រីក្រី និងកម្មករនិយោជិតគ្រប់វិស័យ។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ ឧសភា នេះថា ក្នុងស្ថានភាពប្រឈមនឹងអាសន្ននៃការឆ្លងជំងឺCovid-19  និងគ្រោះដាច់បាយរបស់ពលរដ្ឋក្រីក្រដ៏ច្រើនលើសលប់បែបនេះ ខណៈ រដ្ឋាភិបាលក៏មានលទ្ធភាពតិចតួចទៀតនោះ លោក ហ៊ុន សែន គួរតែប្រកាសសុំជំនួយអន្តរជាតិ ទាំងផ្នែកវេជ្ជសាស្ត្រ និងស្បៀងអាហារ តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២១ មកម្ល៉េះ។

លោកអះអាងថា ពលរដ្ឋត្រូវបានអាជ្ញាធរកំណត់ដីឲ្យដើរហើយ មិនត្រឹមតែមិនជួយដោះបញ្ហាក្រពះរបស់ពួកគាត់ឲ្យបានសមរម្យទេ ប៉ុន្តែថែមទាំងបង្ខំឲ្យបង់ថ្លៃភ្លើង ឲ្យទាន់ពេលវេលាទៀត។ បញ្ហានេះ មិនខុសអ្វីពីការព្យាយាមសម្លាប់ពលរដ្ឋខ្មែរ ហើយ ហុតឈាមមិនឲ្យស្រក់ដល់ដីនោះទេ។

ការអះអាងនេះធ្វើឡើង បន្ទាប់ពីមានការរិះគន់ខ្លាំងៗរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ទៅលើរដ្ឋាភិបាលកម្ពុជា ដែលមិនបានផ្តល់ជំនួយសង្គមជា ស្បៀងអាហារទៅដល់ពលរដ្ឋដែលខ្វះខាតក្នុងអំឡុងពេលបិទខ្ទប់នៃការទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19 ។

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី លោក Brad Adams បានរិះគន់ថា រដ្ឋាភិបាលលោក ហ៊ុន សែន                  ខកខានមិនបានបំពេញ កាតព្វកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវក្នុងកំឡុងពេលនៃការបិទខ្ទប់ ការឆ្លងរាលដាលនៃជំងឺCovid-19 ដើម្បីការពារសហគមន៍ក្រីក្រ និងងាយរងគ្រោះនោះទេ។ លោកបញ្ជាក់ថា ក្នុងស្ថានភាពនេះ រដ្ឋាភិបាលកម្ពុជា គួរតែអនុញ្ញាតឱ្យភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមផ្តល់ជំនួយផ្សេងៗទទួលបានសិទ្ធិពេញលេញដើម្បីជួយពលរដ្ឋខ្មែរ ក្នុងតំបន់បិទខ្ទប់ដែលកំពុងតែដាច់ស្បៀងអាហារ និងផ្តល់ការថែរក្សាសុខភាព ព្រមទាំងរបស់របរចាំបាច់ផ្សេងៗទៀតសម្រាប់ការរស់រានមានជីវិតរបស់ពួកគេឲ្យបានសមរម្យ។

ចំណែក គណៈកម្មាធិការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌ (CESCR) លើកឡើងថា ស្របពេលនៃការបិទខ្ទប់ លោក ហ៊ុន សែន គួរតែលើកទឹកចិត្តដល់អង្គការក្រៅរដ្ឋាភិបាល នានាក្នុងការចែកចាយស្បៀងអាហារ និងរបស់ចាំបាច់ផ្សេងៗដល់ប្រជាជនដែលពុងតែខ្វះខាត ដោយសារវាជា កាតព្វកិច្ចរបស់រដ្ឋាភិបាល ដែលត្រូវធានានូវការផ្គត់ផ្គង់ស្បៀងអាហារហូបចុកគ្រប់គ្រាន់ និងការថែទាំសុខភាពគ្រប់បែបយ៉ាងដល់ពលរដ្ឋរបស់ខ្លួន។

អភិបាលសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញសេចក្តីសម្រេចកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បិទភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ទាំងស្រុង ដែលត្រូវដាក់ចេញនូវវិធានការរដ្ឋបាលផ្អាកការចេញចូលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19  ឲ្យមានប្រសិទ្ធភាព។ ជុំវិញបញ្ហាបិទខ្ទប់នេះ លោក ហ៊ុន សែន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានអំពាវនាវ ឲ្យពលរដ្ឋត្រូវបញ្ឈប់ការទាមទារថវិកាចំនួន ៣០ម៉ឺនរៀល ពីរដ្ឋាភិបាល ដែលធ្លាប់បានប្រកាសផ្តល់ជូនកន្លងមកបន្តទៀត ព្រោះថារដ្ឋាភិបាលគ្មានថវិកាគ្រប់គ្រាន់ដើម្បីចែកជូនពលរដ្ឋ ដែលខ្វះរាប់សិបម៉ឺនគ្រួសារនោះទេ  ប៉ុន្តែរដ្ឋាភិបាលនឹងផ្តល់ស្បៀងជំនួសវិញ។

ទោះជាបែបនេះក្តី ក្រុមអ្នកសង្កេតការណ៍ខ្លះ រិះគន់ថា រដ្ឋាភិបាលកម្ពុជា យកស្បៀងបន្តិចបន្តួចទៅចែកជូនពលរដ្ឋ ក្នុងតំបន់ខ្លះគ្រាន់តែដើម្បីល្អមើលប៉ុណ្ណោះ ខណៈយន្តការចែកស្បៀងនោះទៀតសោត ក៏ត្រូវបានធ្វើឡើងក្នុងទម្រង់កេងចំណេញនយោបាយថែមទៀត ដូចជាការ ប្រមូលពលរដ្ឋមកជួយជុំគ្នាមួយកន្លែង ថតជាវីដេអូផ្សព្វផ្សាយ ដើម្បីបំផ្លើសពីសកម្មភាពពិតប្រាកដដែលខ្លួនបានធ្វើជាដើម៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.