រដ្ឋបាលខេត្តព្រះសីហនុ បន្តអនុវត្តវិធានការរឹតបន្តឹងចំពោះអ្នកធ្វើដំណើរចូល ខេត្តព្រះសីហនុ

រដ្ឋបាលខេត្តព្រះសីហនុ បានបន្តដាក់ចេញ នូវវិធានការរិតបន្តឹង ពោះអ្នកធ្វើដំណើរចូលមកក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ តាមគ្រប់មធ្យោបាយធ្វើដំណើរ ទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ ឲ្យមានប្រសិទ្ធភាព។

ការរិតបន្តឹងការធ្វើដំណើរចូលខេត្តព្រះសីហនុខាងលើនេះ យោងតាមសេចក្តីណែនាំលេខ០២ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងការអនុវត្តវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់នៅតាមបណ្តារាជធានី-ខេត្តនានា។

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ មានខ្លឹមសាថា អ្នកដំណើរទាំងអស់ ដែលចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុតាមគ្រប់មធ្យោបាយ (តាមផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស) ត្រូវអនុវត្តតាមលក្ខខណ្ឌមួយចំនួន រួមមាន៖

១- ត្រូវមានលិខិតបញ្ជាក់សុខភាពក្នុងថ្ងៃតែមួយពីមន្ទីរពេទ្យរដ្ឋ ឬមន្ទីរពេទ្យឯកជន ដែលបានទទួលសិទ្ធិពិនិត្យថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩
២- ត្រូវមានប័ណ្ណ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន០២លើក ចប់រួចរាល់។ 
៣- ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ដែលសាមីខ្លួនត្រូវទៅស្នាក់នៅ (សម្រាប់ពលរដ្ឋខ្មែរ) ដើម្បីងាយស្រួលត្រួតពិនិត្យអំពីការដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។
៤- ចំពោះការធ្វើដំណើរដោយមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងទៀត ត្រូវមានការអនុញ្ញាតជាមុនពីអាជ្ញាធរមានសមត្ថកិច្ច។
សេចក្តីជូនដំណឹងនេះ ត្រូវអនុវត្តចាប់ពីម៉ោង ១២:០០នាទី ថ្ងៃត្រង់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១តទៅ។

យ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រូ ហ៊ុន សែន បានបញ្ចាក់នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះថា ការចេញចូលឆ្លងរាជធានី-ខេត្ត នានា មិនបាច់ចត្តាឡីស័ក ១៤ថ្ងៃទេ ហើយសម្រាបអ្នកត្រូវធ្វើចត្តាឡីស័ក គឺតម្រូវតែអ្នក ដែលសង្ស័យកើតជំងឺកូវីដ តែប៉ុណ្ដោះ។

លោក ហ៊ុន សែន បន្តថា អភិបាលខេត្តណា ដែលចេញសេចក្ដីសម្រេចហួសហើយនោះ សូមអោយកែសម្រួល នៅសេចក្ដីសម្រេច របស់ខ្លួនវិញ ជាបន្ទាន់។ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចេញផ្សាយថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវី-១៩ថ្មី ៦៥០នាក់, ជាសះស្បើយ ៧៣៩នាក់ និងស្លាប់ ០៤នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងសរុប ១៧៦២១នាក់- អ្នកជាសះស្បើយ ៦៨៤៣នាក់ និងអ្នកស្លាប់ ១១៤នាក់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.