ចិនថ្កោលទោស G-7ករណីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិនហើយគាំទ្រតៃវ៉ាន់

ក្រុមប្រទេស G-7 សំដៅលើក្រុមប្រទេសលោកខាងលិចដែលមានភាពជឿនលឿនខាងផ្នែកសេដ្ឋកិច្ចចំនួន៧។ ក្រុមប្រទេសទាំងនោះត្រូវបានដឹងថា ជាសម្ព័ន្ធមិត្តចិត្តមួយថ្លើមមួយ នឹងគ្នាភាគច្រើន។

G-7 ដែលបានបើកសម័យប្រជុំពិសេស នៅក្រុងឡុងដ៍នៅថ្ងៃទី០៦ឧសភាបានចេញសេចក្ដីថ្លែងការណ៍មួយដែលនិយាយពីបញ្ហាសិទ្ធិមនុស្សដ៏អាក្រក់របស់ចិន និង បញ្ហាពុតត្បុតពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចមកពីអាស៊ីនោះ។

ដោយឃើញដូចនេះ ចិនបានប្រតិកម្មថ្កោលទោសភ្លាមទៅកាន់អង្គការសេដ្ឋកិច្ចនោះដោយថា ជាការប្រមូលផ្ដុំកម្លាំងគ្នាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនទ្រង់ទ្រាយធំ។

រដ្ឋមន្ត្រីការបរទេស G-7 បានសម្រិតសម្រាំងចេញនូវសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំកំពូលទីក្រុងឡុងដ៍ថាប្រទេសចិនមានពិរុទ្ធពីការរំលោភសិទ្ធិមនុស្ស និងការប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនដើម្បីសម្លុតគំរាមអ្នកដទៃ។

អ្វីដែលពិសេសក្នុងសេចក្ដីថ្លែងការណ៍នោះគឺ ក្រុមប្រទេសG-7 ប្រកាសគាំទ្រដល់ការចូលរួមរបស់កោះតៃវ៉ាន់នៅក្នុងវេទិការបស់            អង្គការសុខភាពពិភពលោក និងមហាសន្និបាតសុខភាពពិភពលោកព្រមទាំងបារម្ភពីការគំរាមកំហែងរបស់ចិនទៅលើកោះតៃវ៉ាន់។

ថ្លែងពីទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin អះអាងថា សេចក្តីថ្លែងការណ៍របស់ក្រុមប្រទេសលោកខាងលិចនោះគឺជាការធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន  ជាការជ្រៀតជ្រែកទាំងស្រុងនូវកិច្ចការផ្ទៃក្នុងរបស់ចិន។

លោកបានអំពាវនាវឱ្យ ក្រុម G-7 ជាក្រុមចាត់វិធានការជាក់ស្តែងដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកជំនួសឱ្យការបង្អាក់ដំណើរការសេដ្ឋកិច្ចពិភពលោក។

ចំណែកករណីតៃវ៉ាន់ លោកនៅតែបញ្ជាក់ថា កោះតៃវ៉ាន់ជាទឹកដីរបស់ចិន ហើយចិនប្រឆាំងរាល់តំណាងតៃវ៉ាន់ផ្លូវការណាមួយលើឆាកអន្តរជាតិ ខណៈបច្ចុប្បន្ននេះចិនត្រូវបានគេមើលឃើញថាបានបង្កើនសកម្មភាពយោធានៅជិតកោះតៃវ៉ាន់ស្របពេលសង្ស័យតៃវ៉ាន់កំពុងឈានទៅរកការប្រកាសឯករាជ្យផងដែរ។

យ៉ាងណាក៏ដោយសេក្ដីថ្លែងការណ៍របស់ G-7 ត្រូវបានស្វាគមន៍សម្រាប់ក្រុងតៃប៉ិជាខ្លាំង។ ដោយក្រុងតៃប៉ិមានអំណរចំពោះការលើកឡើងរួមគ្នារបស់អង្គការអន្ដរជាតិមួយដែលបំភ្លឺសំឡេងគាំទ្រតៃវ៉ាន់។

ការិយាល័យប្រធានាធិបតីតៃវ៉ាន់បានចេញមុខថ្លែងអំណរគុណដល់ G-7 ភ្លាមៗតែម្ដងហើយតបថា តៃវ៉ាន់នឹងរក្សាភាពជាដៃគូសហប្រតិបត្តិការជាមួយបណ្តាប្រទេសសមាជិក G-7 ឱ្យកាន់តែស៊ីជម្រៅនិងបន្តចូលរួមចំណែកជាកម្លាំងវិជ្ជមានដ៏ធំធេងបំផុតដល់សុខភាពនិងសុខុមាលភាពរបស់ប្រជាជនក៏ដូចជាសន្តិភាពស្ថិរភាពនិងវិបុលភាពនៃតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិកទាំងមូល។ នេះបើតាមប្រសាសន៍របស់អ្នកនាំពាក្យលោក Xavier Chang ប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការថ្កោលទោសដាច់ដោយឡែករបស់ចិនក៏កើតមានពីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកដែរ។ លោក Antony Blinken បានមានប្រសាសន៍ប្រាប់ថា លោកខាងលិចត្រូវប្រយ័ត្នប្រយែងឱ្យមែនទែនចំពោះចរិតវិនិយោគរបស់ចិនមកក្នុងសេដ្ឋកិច្ចរបស់លោកខាងលិច និង ត្រូវគិតឱ្យប្រុងប្រយ័ត្នអំពីការវិនិយោគលើទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់ពួកយើង។

តាមទិន្នន័យដែល Reutersសិក្សា គឺប្រាក់ចំណូលសម្រាប់ប្រជាជនចិនគិតក្នុងមនុស្សម្នាក់ គឺខ្ពស់ជាងប្រជាជនអឺរ៉ុបម្នាក់ៗទៀត។ កំណើននេះបានធ្វើឱ្យចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក នៅកន្លះទសវត្សចុងក្រោយនេះ។

សូម្បីតែរដ្ឋមន្រ្ដីការបរទេសអាមេរិកថ្មីនៃរដ្ឋការលោកបាយដិន ក៏មើលឃើញថា កំណើនសេដ្ឋកិច្ច និង សមត្ថភាពយោធាដ៏អស្ចារ្យរបស់ចិនក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ គឺជាព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយដ៏សំខាន់បំផុតមួយ បន្ទាប់ពីព្រឹត្តិការណ៍ដួលរលំនៃសហភាពសូវៀតឆ្នាំ ១៩៩១៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.