សង្គមស៊ីវិលថា ប្រព័ន្ធតុលាការនៅកម្ពុជា កំពុងរងការរិះគន់ពីសហគមន៍អន្តរជាតិយ៉ាងធ្ងន់ធ្ងរ

មន្ត្រីសង្គមស៊ីវិលទទួលបន្ទុកការពារសិទ្ធិមនុស្សនៅកម្ពុជា បានរិះគន់ថា ប្រព័ន្ធតុលាការនៅកម្ពុជា កំពុងរងការរិះគន់យ៉ាងធ្ងន់ធ្ងរពី                      សហគមន៍អន្តរជាតិ ចំពោះការអនុវត្តតួនាទីរបស់ខ្លួនមិនបានល្អដើម្បីធានាយុត្តិធម៌ជូនជនរងគ្រោះកន្លងមក។

អ្នកនាំពាក្យសមាគមន៍ការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ ខែឧសភា នេះថា  មិនមែនជារឿងចម្លែកទេ ដែលស្ថានបេសកកម្មកម្ពុជា បានបដិសេធចំពោះកាមើលឃើញធាតុពិតជាក់ស្តែងនៃការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា របស់អ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។

លោកអះអាងថា ការដែលកម្ពុជា ចេះតែព្យាយាមច្រានចោលនូវកំហុសរបស់ខ្លួននេះហើយ គឺធ្វើឲ្យសហគមន៍អន្តរជាតិចេះតែដាក់សម្ពាធជាបន្តបន្ទាប់ រហូតធ្វើឲ្យកម្ពុជា បានបាត់បង់ផលប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ ដូចជាប្រព័ន្ធអនុគ្រោះពន្ធ EBA ជាដើម លើសពីនេះ ប្រសិនបើកម្ពុជា នៅតែដោះដៃមិនព្រមកែប្រែកំហុសរបស់ខ្លួនទេនោះ ប្រហែលជានឹងមានសម្ពាធផ្សេងៗបន្ថែមទៀតជាមិនខាន។

លោកបញ្ជាក់ថា ដើម្បីលុបបំបាត់សម្ពាធពីសហគមន៍អន្តរជាតិ កម្ពុជាត្រូវតែដោះស្រាយរាល់បញ្ហាដែលបានចោទប្រកាន់ និងចាប់ខ្លួនសកម្មជននានា ដូចជាសកម្មជនដីធ្លី សកម្មជនការពារសិទ្ធិមនុស្ស ក្រុមអ្នកតស៊ូមតិដោយអហិង្សា និងក្រុមសកម្មជនការពារបរិស្ថានជាដើម ដែលមិនមានមូលដ្ឋានភស្តុតាងចោទប្រកាន់ឲ្យត្រឹមត្រូវកន្លងមក។

ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ បដិសេធចំពោះការរិះគន់របស់អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិអ្នកស្រី Mary Lawlor ថា តុលាការកម្ពុជា ធ្វើការជំនុំជម្រះក្តី ដោយផ្អែកលើមូលដ្ឋាននីតិវិធីត្រឹមត្រូវ និងភស្តុតាងរឹងមាំជាក់ស្តែង ពុំមែនផ្អែកលើពាក្យចចាមអារ៉ាមនោះឡើយ។

សេចក្តីថ្លែងការណ៍ដដែលអះអាងថា ពាក្យពេចន៍របស់អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សរូបនេះ ចំពោះតុលាការកម្ពុជា គឺជាការជ្រៀតជ្រែកក្នុងប្រព័ន្ធយុត្តិធម៌ជាតិមួយ របស់រដ្ឋអធិបតេយ្យយ៉ាងធ្ងន់ធ្ងរ ព្រោះថា ការទាមទារឲ្យរដ្ឋាភិបាលឲ្យដោះលែងបុគ្គលណាម្នាក់ គឺមានន័យស្មើនឹងការវាយប្រហារប្រព័ន្ធបែងចែកអំណាចដែលធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

ជុំវិញបញ្ហានេះ អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អ្នកស្រី Mary Lawlor កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នេះ បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសេចក្តីសម្រេចរបស់តុលាការកម្ពុជា ដែលបានកាត់ទោសសកម្មជនបរិស្ថានឲ្យជាប់ពន្ធនាគារ ព្រមទាំងពិន័យជាទឹកប្រាក់ផងនោះ។ លើសពីនេះ អ្នកស្រី Mary Lawlor ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនបរិស្ថានទាំងនោះឲ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ។

អ្នកស្រីអះអាងថា សេចក្តីសម្រេចរបស់តុលាការកម្ពុជា ដែលកាត់ទោសអ្នកការពារបរិស្ថានទាំងនោះឲ្យជាប់ពន្ធនាគារ គឺជារឿងគួរឲ្យស្អប់ខ្ពើម និងបង្ហាញយ៉ាងច្បាស់នូវការមិនអត់ឱន និងការខិតខំដើម្បីធ្វើឱ្យអន្តរាយដល់សកម្មជននានា ដែលស្រលាញ់សេរីភាព និងយុត្តិធម៌។

ក្រុមអ្នកឃ្លាំមើលសង្គម ប្រិតកម្មថា ការដាក់ទោសរបស់ចៅក្រមជម្រះក្តីទៅលើសកម្មជនបរិស្ថានទាំងនោះ អាចជាការក្តិចពន្លកនៃសេចក្តីស្នេហាជាតិរបស់យុវជន។ បញ្ហានេះ ក៏អាចនឹងប្រែក្លាយយុវជនល្អៗដទៃទៀត ឲ្យទៅជាពលរដ្ឋអាក្រក់ទៅថ្ងៃក្រោយផងដែរ។

សាលាដំបូងរាជាធានីភ្នំពេញបានប្រកាសសាលក្រមកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ កាត់ទោសឲ្យ យុវជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា លោក អាឡិច កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងកញ្ញា ជា គន្ធីន ម្នាក់ៗឱ្យជាប់ពន្ធនាគាររយៈពេល ចាប់ពី ១៨ខែ ទៅដល់ ២០ខែ និងពិន័យជាប្រាក់ចំនួន ៨លានរៀល ក្រោមបទចោទ ញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

មាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការ បញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាង ការប្រជុំ។ លើសពីនេះ មាត្រា៣៥ ក៏បានចែងផងដែរថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិ ចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.