អ្នកវិភាគ ទាមទារឲ្យនាយករដ្ឋមន្ត្រីកម្ពុជាចេញអនុក្រឹត្យដើម្បីជួយសម្រួលថ្លៃទឹកភ្លើងក្នុងតំបន់បិទខ្ទប់

អ្នកឃ្លាំមើលសង្គម លើកឡើងថា លោក ហ៊ុន សែន មិនចាំបាច់អង្វរដល់ អាជ្ញាធរអគ្គិសនី និងរដ្ឋករទឹកកម្ពុជាឲ្យជួយបន្ធូរបន្ថយដល់និយោជិតកម្មករនោះទេ។

ការអះអាងនេះធ្វើឡើងបន្ទាប់ប្រមុខរដ្ឋាភិបាលកម្ពុជាបានធ្វើការអំពាវនាវឲ្យអាជ្ញាធរអគ្គិសនី និងរដ្ឋករទឹកកម្ពុជា ជួយសម្រួលដល់កម្មករនិយោជិតក្នុងតំបន់បិទខ្ទប់ទាំងអស់ ដែលមិនទាន់បានបើកប្រាក់ខែពីថៅកែរោងចក្ររបស់ពួកគេ។

អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ នេះថា លោក ហ៊ុន សែន មិនបាច់ស្នើសុំអាជ្ញាធរ អគ្គិសនី និងរដ្ឋាករទឹកកម្ពុជា ឲ្យផ្អាកយកថ្លៃភ្លើង ថ្លៃទឹកពីកម្មករ កម្មការិនីនោះទេ ប៉ុន្តែត្រូវចេញអនុក្រឹត្យកំណត់តែម្តងទៅ នោះទើបជារឿងត្រឹមត្រូវ។

លោក អះអាងថា កន្លងមក រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធបានចេញអនុក្រឹត្យ និងប្រកាសបង្គាប់ឲ្យផ្អាកការរកស៊ីដែលធ្វើឲ្យពលរដ្ឋជាច្រើន ខាតបង់ប្រាក់ចំណូលរបស់ពួកគេមិនតិចនោះទេ ដូច្នេះ ដើម្បីឲ្យយុត្តិធម៌ រដ្ឋាភិបាលត្រូវតែចេញអនុក្រឹត្យបង្គាប់ឲ្យស្ថាប័នពាក់ព័ន្ធជួយដល់កម្មករនិយោជិត ក្នុងតំបន់បិទខ្ទប់ទាំងនោះវិញតែម្តងទៅ។

កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការអំពាវនាវតាមរយៈខ្សែអាត់សំលេងដែលមានប្រវែងជិត៣០នាទី ទៅដល់អាជ្ញាធរអគ្គិសនី និងរដ្ឋករទឹកកម្ពុជាឲ្យសម្រួលដល់និយោជិតកម្មករទាំងអស់ ក្នុងតំបន់បិទខ្ទប់ឲ្យពន្យាពេលនៃការទាប្រាក់ថ្លៃទឹក ថ្លៃភ្លើង ពីពួកកម្មករដែលមិនទាន់បើកប្រាក់ខែពីនិយោជក។

ជាងនេះទៀត លោក ក៏ស្នើឲ្យម្ចាស់ផ្ទះជួលទាំងអស់ក្នុងតំបន់បិទខ្ទប់ជួយសម្រួលថ្លៃឈ្នួលផ្ទះ ឬមិនយកថ្លៃឈ្នួលតែម្តង ចំពោះកម្មករទាំងនោះ អាច ចាប់ពី ១ខែ ទៅដល់៣ខែ ជាដើម។

សាលាក្រុងភ្នំពេញ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចមួយ ដោយដាក់ចេញនូវវិធានការរដ្ឋាបាលសម្រាប់ភូមសាស្ត្ររាជធានីភ្នំពេញដើម្បីទប់ស្កាត់ការចម្លងរាលដាលនៃជំងឺកូវីដ១៩ ចំពោះតំបន់ ក្រហម តំបន់លឿង និងតំបន់លឿងទុំ រយៈពេល៧ថ្ងៃដោយគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី៦ ខែឧសភា រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ។

ជុំវិញបញ្ហានេះ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញសេចក្ដីសម្រេច ស្ដីពីការបន្តផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនទាន់រៀបរយទាំងអស់ ក្នុងរាជទីក្រុងភ្នំពេញ រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី០៨ រហូតដល់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

ទាក់ទិននឹងបញ្ហានេះ កាលពីដើមខែមេសា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាល នឹងជួយដល់ក្រុមគ្រួសារដែលធ្វើចត្តាឡីស័កក្នុងតំបន់បិទខ្ទប់ក្នុងមួយគ្រួសារ ៣០ម៉ឺនរៀល ប៉ុន្តែការផ្តល់ជូននេះ ត្រូវលោកប្រកាសលុបចោលវិញ ក្រោមហេតុផលថា រដ្ឋាភិបាលគ្មានលុយគ្រប់គ្រាន់សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋដែលមានចំនួនរាប់សិបម៉ឺននាក់នោះទេ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.