បទល្មើសដឹកដីចាក់លុបចំណីព្រែក និងសង់សំណង់រឹងមាំរំលោភមាត់ព្រែកស្រែអំបិល តែបន្តសកម្មភាពយ៉ាងអនាធិបតេយ្យ

ពលរដ្ឋរស់នៅស្រុកស្រែអំបិល ខេត្តកោះកុង បង្ហាញការហួសចិត្តនៅគ្រាសង្កេតឃើញថា បទល្មើសដឹកដីចាក់លុបមាត់ព្រែក និងសង់សំណង់រឹងមាំ រំលោភលើមាត់ព្រែកស្រែអំបិល របស់បុគ្គលមួយចំនួន បានបន្តកើតមានយ៉ាងអនាធិបតេយ្យ និងគ្មានការហាមឃាត់ពីអាជ្ញាធរស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តកោះកុង។

ប្រភពពីប្រជាពលរដ្ឋស្រុកស្រែអំបិល បានអះអាងថា បទល្មើសទាំងនេះ បានធ្វើសកម្មភាពជាងមួយឆ្នាំកន្លងមកហើយ ពោលគឺក្នុងអំឡុងពេល ប្រទេសរដ្ឋាភិបាលកម្ពុជា កំពុងមមាញឹក លើការងារប្រយុទ្ធប្រឆាំងជំងឺCovid-19។

ប្រភពពីមន្ត្រីរាជការ និងប្រជាពលរដ្ឋបញ្ជាក់ថា ចំពោះសកម្មភាពចូលទន្ទ្រានឈូសឆាយដីព្រៃកោងកាង ឬការដឹកដីចាក់លុបចំណីព្រែក និងការសង់សំណង់រឹងមាំរំលោភលើមាត់ព្រែកស្រែអំបិល ជាបន្តបន្ទាប់មកនេះ គឺភាគច្រើនជាមន្ត្រីមានឋានន្តរសក្តិធំៗ ហើយមន្ត្រីខ្លះ គឺមានតួនាទីជានាយខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទៀតផង។ បទល្មើសទាំងនោះ គឺមិនមានមន្ត្រីជំនាញចេញមកហាមឃាត់ឡើយ។

ប្រជាពលរដ្ឋរស់នៅស្រុកស្រែអំបិល បានសំណូមពរដល់ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជូនមន្ត្រីជំនាញមកពិនិត្យជាក់ស្តែងដល់ទីតាំងឲ្យបានឆាប់ និងមានវិធានការផ្លូវច្បាប់ដល់បុគ្គលប្រព្រឹត្តល្មើសទាំងនោះឲ្យបានធ្ងន់ធ្ងរ។

អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី ត្រូវបានសារព័ត៌មានក្នុងស្រុក ដកស្រង់សម្ដីមកចុះផ្សាយថា ជាបន្តបន្ទាប់មកនេះ ពិតជាមានសកម្មភាពបុគ្គលមួយចំនួន បានប្រើគ្រឿងចក្រឈូសឆាយដីព្រៃកោងកាង ដឹកយកដីចាក់លុបចំណីព្រែក និងសង់សំណង់រឹងមាំរំលោភលើដីចំណីមាត់ព្រែកស្រែអំបិល ពិតប្រាកដមែន។ លោកបន្តថា ចំពោះសកម្មភាព នៃការដឹកចាក់ដីលប់រំលោភយកចំណីព្រែក ធ្វើជាកម្មសិទ្ធិបុគ្គលឯកជន និងសកម្មភាព នៃការសង់សំណង់រឹងមាំ នៅតាមមាត់ព្រែកស្រែអំបិល គឺបានធ្វើឡើងដោយខុសច្បាប់។

ប្រភពពីមន្ត្រីរាជការ បម្រើការងារនៅក្នុងរដ្ឋបាលស្រុកស្រែអំបិល បានឲ្យដឹងថា ចំពោះសកម្មភាពគ្រឿងចក្រឈូសឆាយដីព្រៃកោងកាង សកម្មភាពដឹកដីចាក់លុបចំណីព្រែក និងសង់សំណង់រឹងមាំ លើមាត់ព្រែកស្រែអំបិល ជាបន្តបន្ទាប់មកនេះ គឺអ្នកនៅពីក្រោយបទល្មើសទាំងនោះ គឺភាគច្រើនជាមន្ត្រីមានឋានន្តរសក្តិខ្ពស់ៗ នៅក្នុងតំណែងសព្វថ្ងៃ។

ទើបល្មើសចូលទន្ទ្រានកាន់កាប់ដីសាធារណៈរបស់រដ្ឋ នៅមូលដ្ឋានស្រុកស្រែអំបិល អាចធ្វើសកម្មភាពបានដោយរលូន និងគ្មានមន្ត្រីជំនាញពីស្ថាប័នពាក់ព័ន្ធណាមួយ ហ៊ានចេញមុខ មកហាមឃាត់ម្តងណាទេកន្លងមក។

ប្រភពពីមន្ត្រីរាជការខេត្តកោះកុង បានអះអាងថា ចំពោះទីតាំងដីសាធារណៈរបស់រដ្ឋ ដែលមានសកម្មភាពដឹកដីចាក់លុបចំណីព្រែក និងទីតាំងកំពុងសង់សំណង់រឹងមាំធំស្កឹមស្កៃ មួយកន្លែងនៅលើមាត់ព្រែកស្រែអំបិល រាល់ថ្ងៃនេះ គឺត្រូវគេទិញលក់តៗគ្នាច្រើនម្ចាស់រួចមកហើយ។

សំណង់វីឡាដ៏ធំស្កឹមស្កៃ ដែលកំពុងសង់នៅលើមាត់ព្រែកស្រែអំបិលរាល់ថ្ងៃនេះ គឺជាសំណង់សង់អត់ច្បាប់ ហើយជាកម្មសិទ្ធិ របស់ លោក ហូ សិទ្ធី នាយកខុទ្ធការល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.