ក្រុមអ្នកតស៊ូរមតិថា ផែនការចែកថវិការបស់រដ្ឋាភិបាលកម្ពុជា មិនមែនជំនួយសង្គមទេ គឺការឃោសនានយោបាយប៉ុណ្ណោះ

បញ្ញវន្តខ្មែរនៅក្រៅស្រុក រិះគន់ថា រដ្ឋាភិបាលលោក ហ៊ុន សែន ពុំមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីជួយសង្គ្រោះពលរដ្ឋដែលកំពុង ខ្វះខាតនោះទេ ប៉ុន្តែជំនួយទាំងនោះគឺជាផែនការផ្ដោតលើការឃោសនានយោបាយតែប៉ុណ្ណោះ ហើយលុយ២០ ទៅ៣០ដុល្លារ នេះទៀតសោត ក៏មិនអាចដោះស្រាយអ្វីបានដែរ។

ការអះអាងនេះធ្វើឡើងបន្ទាប់រដ្ឋាភិបាលកម្ពុជា បានសម្រេចអនុវត្តកម្មវិធីផ្តល់ជំនួយសង្គមដល់ពលរដ្ឋក្នុងតំបន់បិទខ្ទប់ និងពលរដ្ឋដែលមានសមាជិកគ្រួសារស្លាប់ដោយសារជំងឺCovid-19 កន្លងមក។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ ខែឧសភា នេះថា ការបង្កើតកម្មវិធីចែកស្បៀងនេះ មិនគួររាប់ជាជំនួយសង្គមដើម្បីពលរដ្ឋនោះទេ ព្រោះថា យន្តការនេះមិនបានឆ្លើយតបឲ្យបានសមរម្យ តាមតម្រូវការរបស់ពលរដ្ឋនោះដែរ ត្បិតការផ្តល់ស្បៀងនេះ គ្រាន់តែជារូបភាពចែកអំណោយផ្សាយពាណិជ្ជកម្មនយោបាយតែប៉ុណ្ណោះ។

លោកអះអាងថា ប្រសិនបើ ជាវិធានការជំនួយសង្គមត្រឹមត្រូវរបស់រដ្ឋមែននោះ គឺរដ្ឋាភិបាលរៀបផែនការយ៉ាងហ្មត់ចត់ ដើម្បីបំពេញសេចក្ដីត្រូវរបស់ពលរដ្ឋ តាំងពីដំបូងមកម្ល៉េះ មិនមែនចាំរហូតដល់ពលរដ្ឋស្រែកដាច់ស្បៀងពេញស្រុក ទើបនាំគ្នាបន្តក់អំណោយបន្តិចបន្តួច ហើយថតផ្សាយ ឡង់សេឈ្មោះគ្រួសារត្រកូលហ៊ុន ដោយឥតអៀនខ្មាសនោះទេ។

លោក គឹម សុខ បញ្ជាក់ថា សេចក្ដីប្រកាសឧបត្ថម្ភប្រាក់នេះ គ្រាន់តែជាក្រដាសរដ្ឋបាល ដែលខំព្យាយាមលួងចិត្តប្រជាពលរដ្ឋ ខ្លាចកម្មករ កម្មការិនី គ្រប់វិស័យ ផ្ទុះការតវ៉ាទូទាំងទីក្រុងភ្នំពេញ ប៉ុណ្ណោះ ព្រោះថាទំហំទុក្ខវេទនារបស់ពលរដ្ឋ ពិតជាធំធេងណាស់ក្នុងពេលនេះ ទាំងបញ្ហាក្រពះ បញ្ហាឈ្នួលផ្ទះ ថ្លៃទឹក ភ្លើង និង បញ្ហាបំណុលធនាគារ ថែមទៀតនោះ។

រដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្ដីពីការដាក់ឲ្យអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ដល់គ្រួសារដែលមានកម្រិតជីវភាពទាប និងគ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺCovid-19 ព្រមទាំងគ្រួសារដែលមានអ្នកជំងឺឆ្លងវីរុសCovid-19 ដែលមានជីវភាពលំបាកខ្លាំង។

ប្រភពដដែលអះអាងថា ជំនួយសង្គមជាសាច់ក្រោយពេលបិទខ្ទប់ត្រូវបានអនុវត្ត សម្រាប់ភូមិសាស្ត្រដែលរងនូវវិធានការបិទខ្ទប់ក្នុងលក្ខណៈទ្រង់ទ្រាយធំ ដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ តែប៉ុណ្ណោះ។ លើសពីនេះ រដ្ឋាភិបាលក៏តម្រូវឲ្យកំណត់                        អត្តសញ្ញាណគ្រួសារទៅតាមគោលដៅផងដែរ រួមមាន កម្មករសំណង់ អ្នករើសសំរាម និងអ្នកធ្វើការផ្នែកសេវាកម្មកម្សាន្ត ជាដើម។

សេចក្តីប្រកាសព័ត៌មានដដែលនោះ បញ្ជាក់ថា គ្រួសារដែលបានកំណត់អត្តសញ្ញាណខាងលើ នឹងទទួលបានសាច់ប្រាក់ចាប់ពី                         ១៥ម៉ឺន ៦ពាន់រៀល ដល់ ៣១ម៉ឺន ១ពាន់រៀល ទៅតាមចំនួនសមាជិកគ្រួសារដែលរដ្ឋាភិបាលបានកំណត់។ ដោយឡែក គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺCovid-19 នឹងទទួលបានទឹកប្រាក់ចំនួន៣០ម៉ឺនរៀលផងដែរ។

ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹង ស្តីពីការបើកប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ដែលត្រូវបានព្យួរកិច្ចសន្យា ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រដ្ឋាភិបាលកម្ពុជា។

ក្រសួងអះអាងថា ប្រាក់ឧបត្ថម្ភនេះត្រូវផ្តល់ជូនកម្មករអាស្រ័យលើចំនួននៃការព្យួរកិច្ចសន្យាការងារ ដូចជា ចំពោះកម្មករដែលត្រូវបានព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១០ថ្ងៃ ទទួលបានប្រាក់ចំនួន ៦ម៉ឺន ៧រយ ៥០រៀល។ រីឯកម្មករដែលបានព្យួរការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ ទទួលបានថវិកា ១២ម៉ឺន ១ពាន់ ៥រយរៀល។ និងកម្មករដែលព្យួរការងាររយៈពេល ២១ថ្ងៃ ដល់ ១ខែ ទទួលបានទឹកប្រាក់ចំនួន ១៦ម៉ឺន ២ពាន់រៀល ប៉ុណ្ណោះ។

ក្រសួងបានបញ្ជាក់ថា កម្មករនិយោជិតដែលបានបម្រើការងារក្នុង រោងចក្រ សហគ្រាស ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរ ចំនួន ២៩ប៉ុណ្ណោះដែលនឹងទទួលបានសាច់ប្រាក់ឧបត្ថម្ភទាំងនេះពីរាជរដ្ឋាភិបាល ក្នុងនោះមានដូចជា សណ្ឋាគារស្មាយលីង សណ្ឋាគារ សុខាអង្គរ ជាដើម និងក្រុមហ៊ុនមួយចំនួនទៀត ផងដែរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.