រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបិទខ្ទប់ តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង រយៈពេល ៧ថ្ងៃបន្ថែមទៀត

មន្ត្រីជាន់ខ្ពស់សាលាក្រុងភ្នំពេញ បានចេញវិធានការបិទខ្ទប់ តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង រយៈពេល ៧ថ្ងៃបន្ថែមទៀត ដើម្បីទប់ស្កាត់ចម្លងរាលដាលនៃវីរុសCovid-19 ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញសេចក្តីសម្រេច កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្ដីពីការបន្តវិធានការរដ្ឋបាល សម្រាប់ភូមសាស្ត្ររាជធានីភ្នំពេញ ចំពោះតំបន់ដែលមានហានិភ័យខ្ពស់ក្នុងការចម្លងវីរុសCovid-19 រយៈពេល៧ថ្ងៃបន្តទៀត ដោយគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នេះតទៅ។

លោក ឃួង ស្រេង បានកំណត់ និងបែងចែក ផ្នែកខ្លះនៃខណ្ឌមួយចំនួន ឬខណ្ឌទាំងមូលតែម្តង ក្នុងរាជធានីភ្នំពេញទៅជា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ក្នុងនោះរួមមាន ខណ្ឌចំនួន ១៤ត្រូវរាប់បញ្ចូលទៅក្នុងតំបន់លឿង មានដូចជា ខណ្ឌដូនពេញ ខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វា ជាដើម។ រីឯ ផ្នែកខ្លះនៃខណ្ឌចំនួន ៤ផ្សេងទៀតត្រូវចាត់ចូលក្នុង តំបន់ក្រហម និងតំបន់លឿងទុំ ដូចជា ខណ្ឌទួលគោក ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឫស្សីកែវ និងខណ្ឌមានជ័យ ផងដែរ។

វិធានការនេះធ្វើឡើងតាមរយៈសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបន្តវិធានការរដ្ឋបាលបិទខ្ទប់ភូមិសាស្ត្រដែលមាន                  ហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសCovid-19 ក្នុងទីក្រុងភ្នំពេញតែប៉ុណ្ណោះ។

លោក ហ៊ុន សែន បានចេញសេចក្តីសម្រេចកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ឲ្យបែងចែក តំបន់ដែលកំពុងបិទខ្ទប់ក្នុងរាជធានីភ្នំពេញ ទៅជា ៣ប្រភេទគឺ តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ដើម្បីបង្កលក្ខណៈកាន់តែមានភាពងាយស្រួលក្នុងការគ្រប់គ្រងការឆ្លងវីរុសCovid-19។

ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ ឧសភា នេះថា ប្រសិនបើ តំបន់បិទខ្ទប់ទាំងនោះនៅតែមានករណីនៃការឆ្លងវីរុសCovid-19 មិនទាន់ថយចុះទេ នោះវិធានការរដ្ឋបាលរបស់សាលាក្រុងភ្នំពេញ ក្នុងការបិទខ្ទប់គួរតែត្រូវបានអនុវត្តពិតមែនហើយ។

លោកអះអាងថា បើទោះបីត្រូវពន្យារពេលក្នុងការបិទខ្ទប់បន្ថែមក៏ដោយ អាជ្ញាធរមូលដ្ឋានត្រូវតែមានការបកស្រាយ ឬហេតុផលច្បាស់លាស់ផ្តល់ជូនពលរដ្ឋ ក្នុងតំបន់ហាមឃាត់ទាំងនោះ ព្រោះថា ការបន្តបិទម្តងហើយ ម្តងទៀតបែបនេះ ពិតជាប៉ះពាល់ផ្លូវចិត្ត សតិអារម្មណ៍ របស់ពលរដ្ឋទាំងនោះដោយចៀសមិនផុតនោះទេ។

ជាពិសេសនោះគឺ ការព្រួយចិត្តរបស់ពួកគាត់អំពីបញ្ហា ប្រាក់ចំណូល និងការចំណាយ លើ ថ្លៃទឹក ភ្លើង រួមទាំង បំណុលធនាគារ ជាដើម។

លោកបញ្ជាក់ថា ស្របពេលបន្តការបិទខ្ទប់នេះ រដ្ឋាភិបាលត្រូវតែមានកម្មវិធីជំនួយសង្គមជាបន្ទាន់ផងដែរ ដោយមិនចាំបាច់បែងចែក ឬកំណត់អត្តសញ្ញាណរបស់ពលរដ្ឋក្នុងតំបន់នោះទេ ព្រោះការបិទខ្ទប់កាន់តែរួមតូច ដូច្នេះចំនួនពលរដ្ឋដែលកំពុងត្រូវជំនួយសង្គមទាំងនោះក៏មិនមានចំនួនច្រើននោះដែរ។

ជុំវិញបញ្ហារាលដាលជំងឺ Covid-19 នេះ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ បានអះអាងថា ក្រសួងបានរកឃើញអ្នកវិជ្ជមានវីរុសCovid-19 ថ្មីចំនួន ៤៧២នាក់ ខណៈអ្នកជាសះស្បើយថ្មីមានចំនួន ៣៦៩នាក់ និងអ្នកស្លាប់ថ្មីមានចំនួន ៥នាក់។

ក្រសួងបញ្ជាក់ថា អ្នកឆ្លងវីរុសCovid-19 សរុបបានកើនឡើងដល់ជាង ២ម៉ឺននាក់ហើយ រីឯអ្នកជាសះស្បើយសរុបមានចំនួនជាង ៨ពាន់នាក់ និង អ្នកស្លាប់បានកើនឡើងដល់ ១៣៦នាក់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.